(ហ្វីលីពីន)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកបណ្ឌិត Matthew Morell អគ្គនាយកវិទ្យាស្ថាន IRRI នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលជាអធិបតី​ ក្នុងពិធីចុះហត្ថលេខាដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវយុទ្ធសាស្ត្រជាតិ ស្តីពីពូជដំណាំរបស់កម្ពុជា នៅប្រទេសហ្វីលីពីន។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន បានឡើងថ្លែងសុន្ទរកថា ដោយលោកបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះវិទ្យាស្ថាន ដែលបានសហការ ជាមួយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចងក្រងយុទ្ធសាស្ត្រដ៏សំខាន់នេះឡើង សម្រាប់អភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ការដាក់ឲ្យដំណើរការនេះ គឺដើម្បីលើកកម្ពស់ផលិតកម្មពូជដំណាំថ្មីៗ ដែលមានទិន្នផលខ្ពស់ ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវចិត្ត និងតម្រូវការទៅផ្សារ ប្រព័ន្ធចែកចាយ និងទីផ្សារពូជដំណាំប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ត្រី វេង សាខុន ក៏មានជំនឿចិត្តថា ព្រឹត្តិការណ៍នាថ្ងៃនេះ បានពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថាន IRRI ថែមមួយកម្រិតទៀត ហើយក្រសួង នឹងពង្រឹងអស់លទ្ធភាព ដើម្បីឲ្យយុទ្ធសាស្ត្រនេះ ទទួលបានលទ្ធផលដូចការរំពឹងទុក៕