(ហ្វីលីពីន)៖ បន្ទាប់ពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់បណ្ឌិត Matthew Morell អគ្គនាយកវិទ្យាស្ថាន IRRI និងលោកស្រីបណ្ឌិត Jacqueline Hughes អគ្គនាយករង, លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ដ្រីជំនាញ ចូលរួមស្តាប់បទបង្ហាញ ពីអ្នកស្រាវជ្រាវវិទ្យាសាស្ត្រ លើដំណាំស្រូវ នៅទីស្តីការវិទ្យាស្ថាន IRRI ក្នុងទីក្រុងឡូសបាណូស ខេត្តឡាហ្គូណា ប្រទេសហ្វីលិពីន។

បទបង្ហាញនេះធ្វើឡើងដើម្បីរួមគ្នាពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ការងារ ស្តីពី យុទ្ធសាស្រ្តអភិវឌ្ឍវិស័យស្រូវអង្ករយន្តការ នៃការផលិត និងការបង្កាត់ពូជស្រូវ តាមតម្រូវចិត្ត និងតម្រូវការទីផ្សារ បង្កើនតម្លៃបន្ថែម លើផលិកម្មដំណាំស្រូវ ការបំពេញខ្សែចង្វាក់ផលិតកម្មកសិកម្ម ការធ្វើទំនើបកម្មកសិកម្ម ការធ្វើកសិកម្មតាមកិច្ចសន្យា បញ្ហាប្រឈម និងគម្រោងពាក់ព័ន្ធនានា។

តាមការរាយការណ៍របស់ លោកស្រីបណ្ឌិត Jacqueline Hughes បានឲ្យដឹងថា បច្ចុប្បន្នវិស័យស្រូវអង្ករ គឺជាវិស័យមួយដ៏សំខាន់ ក្នុងការធានាសន្តិសុខស្បៀង សម្រាប់ប្រជាជនទូទាំងពិភពលោក ពោលគឺច្រើនជាង ៥០% នៃប្រជាជនទូទាំងពិភពលោកពិសារអង្ករ។

ជាមួយគ្នានោះ លោកស្រីបណ្ឌិត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះប្រទេសកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់អង្ករទៅទីផ្សារពិភពលោក និងសាទរ ដែលកម្ពុជាទទួលបាន ចំណាក់ថ្នាក់លេខ១ ក្នុងក្របខណ្ឌអង្ករល្អជាងគេ លើពិភពលោកជាលើកទី៤។

លោកស្រី បានបញ្ជាក់ថា ការកើនឡើងនៃតម្រូវការ នៃអង្ករពីប្រជាជនទូទាំងពិភពលោកនេះ ទាមទារឲ្យវិទ្យាស្ថាន បង្កើនសកម្មភាពទាំងការងារ ស្រាវជ្រាវបច្ចេកវិទ្យាថ្មី ទំនើប យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ដៃគូរពាក់ព័ន្ធ ធ្វើយ៉ាងណាបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ ស្របតាមយន្តការទំនើបកម្មកសិកម្ម ដើម្បីធានាដល់សន្តិសុខស្បៀង និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយភាពក្រីក្រ។

ក្នុងឱកាសនោះ តាងនាមឲ្យរាជរដ្ឋាភិបាលនៃកម្ពុជា និងរូបលោកផ្ទាល់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ជូនចំពោះវិទ្យាស្ថាន ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងកាអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ហើយ លោកសង្ឃឹម និងជឿជាក់ថា វិទ្យាស្ថាន នឹងបន្តជួយដល់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាសម្រេចឲ្យបាន នូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេស ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។

ពាក់ព័ន្ធនឹងប្រធានបទខាងលើ លោករដ្ឋមន្ត្រី វេង សាខុន បានគូសបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនេះ ត្រូវបានពង្រឹង និងពង្រីកមួយកម្រិតបន្ថែមទៀត តាមរយៈទស្សនកិច្ចផ្លូវការនាថ្ងៃនេះ ព្រមជាមួយលទ្ធផលជាផ្លែផ្កា ដែលទទួលបានពីកិច្ចពិភាក្សារវាងភាគីទាំងពីរ ដោយភាគីទាំងពីរបានឯកភាពរួមគ្នា៖

*ទី១៖ រៀបចំចងក្រងយុទ្ធសាស្ត្រ ភាពជាដៃគូរយៈពេល៥ឆ្នាំថ្មី ២០១៩-២០២៣ ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
*ទី២៖ បន្តអនុវត្តផែនការ ដំណាក់កាលទី៣ នៃគម្រោង RIICE ដែលប្រើប្រាស់ប្រព័ន្ធផ្កាយរណប SAR ដើម្បីទាញយកព័ត៌មាន ពីលើអាកាសនូវស្ថានភាពនៃទឹកជំនន់ គ្រោះរាំងស្ងួត ល្បឿនបង្កបង្កើនផល និងទិន្នផលដំណាំស្រូវ។
*ទី៣៖ កសាងសមត្ថភាពមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានកសិកម្ម តាមរយៈវគ្គបណ្តុះបណ្តាល ដោយមានការអនុវត្តជាក់ស្តែង ស្តីអំពីការត្រួតពិនិត្យគុណភាព និងសុខភាពគ្រាប់ពូជ។
*ទី៤៖ ពិនិត្យ និងផ្តល់យោបល់ ពាក់ព័ន្ធនិងការនាំចេញអង្ករកម្ពុជា ប្រកបដោយកលានុវត្តភាព និងការឧត្តមភាព៕