(ភ្នំពេញ)​៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ បានលើកឡើងថា ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាចំពោះ ទំនិញមានផ្ទុកសារធាតុគីមី ឬ ខូចគុណភាព ក្រសួង និងស្ថាប័នកាំកុងត្រូលនឹងចូលរួមកែតម្រូវគោលនយោបាយ ដើម្បីគ្រប់គ្រងនូវកិច្ចការសមស្រប ទៅតាមច្បាប់កំពុងអនុវត្តន៍ ទៅលើសុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងឲ្យមានសមភាព។

សម្រាប់ឆ្នាំ២០១៨កន្លងទៅ ម្ហូបអាហារពុំមានសុវត្ថិភាពជាង៦៦តោនត្រូវបានរកឃើញ និងកម្ទេចចោល (បន្លែ គ្រឿងសមុទ្រ សាច់ស្រស់ មានសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម)។

ការលើកឡើងយ៉ាងដូច្នេះ របស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ។

លោក ប៉ាន សូរស័ក្ដិ បានបញ្ជាក់ថា «ក្នុងកិច្ចការនេះ ជាកិច្ចការទាំងមូលរបស់កំាកុងត្រូល នៅទូទាំងប្រទេស ទោះបីជាយើងមិនឈរជើង នៅតាមច្រកព្រំដែនអន្តរជាតិក៏ដោយ ប៉ុន្តែនឹងឈរជើងនៅតាម មន្ទីរពិសោធន៍ខ្នាតតូច ដែលនៅជាប់ព្រំដែនអន្តរជាតិ ដើម្បីការពារ និងផលប្រយោជន៍ទាំងមូលជូនប្រជាពលរដ្ឋ»

ទាក់ទិននឹងការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី នាពេលកន្លងថា ដកផ្នែកកាំកុងត្រូល នៅតាមច្រកព្រំដែន ដែលទុកឲ្យផ្នែកគយ និងអន្តោសប្រវេសន៍បំពេញការងារ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា នេះជាកិច្ចការមួយ ដែលប្រទេសជាតិ ត្រូវឈានចូលដល់ការប្រកួតប្រជែងអន្តរជាតិ ហើយដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ដល់ឆ្នាំ២០៣០ ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ដ្រីបន្ដទៀតថា ហើយនេះ ក៏ជាកិច្ចការមួយដែលយើង ត្រូវរៀបចំដោយខ្លួនឯង ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើននូវភាពប្រកួតប្រជែង សម្រាប់ឲ្យវិនិយោគិន អាចចូលមកវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត។ ដូច្នេះការត្រួតត្រា នូវវិស័យទំនិញនាំចូល និងអ្វីៗដែលនាំចូលពីអន្តរជាតិ និងការធ្វើវិនិយោគ ក៏ធ្វើឲ្យកាត់បន្ថយពេលវេលា មានភាពចំណេញ សម្រាប់អ្នកវិនិយោគច្រើនផងដែរ។

សូមជម្រាបថា គិតមកទល់បច្ចុប្បន្ន អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានសម្ពោធដាក់ឲ្យប្រើប្រាស់ រថយន្តមន្ទីរពិសោធន៍ចល័ត៣គ្រឿងហើយ ក្នុងនោះ២គ្រឿង សម្រាប់ត្រួតពិនិត្យ និងវិភាគផលិតផល ម្ហូបអាហារ និង១គ្រឿងផ្សេងទៀត សម្រាប់ត្រួតពិនិត្យគុណភាពប្រេង និងបរិមាណប្រេង នៅតាមស្ថានីយប្រេងឥន្ធនៈ នៅទូទាំងប្រទេសកម្ពុជា ដែលក្នុង១គ្រឿង មានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក៕