(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ ដែលដឹកនាំដោយផ្ទាល់ពីលោក អ៊ុង សឿន អធិការរងខណ្ឌ ដែលស្ថិតក្រោមការបញ្ជាពីលោក សៀម សុត្ថាវុធ អធិការខណ្ឌ បានតាមបង្ក្រាបជនសង្ស័យចំនួន៤នាក់ ដកហូតបានថ្នាំញៀន១១កញ្ចប់ និងម៉ូតូ២គ្រឿង។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅ​យប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកអធិការរងទទួលផែនគ្រឿងញៀនខណ្ឌ បានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាបបានក្នុងករណីរក្សាទុកថ្នាំញៀននេះទី១៖ឈ្មោះ ស៉ើម សី អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិលិច ឃុំក្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង, ទី២៖ឈ្មោះ ទូច វណ្ណថា អាយុ២២ឆ្នាំ​ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិព្រៃដំរី ឃុំព្រៃដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង, ទី៣៖ឈ្មោះ ម៉ាក ចាន់ ​អាយុ២៩ឆ្នាំ​ មុខរបរកម្មកររោងចក្រ និង​ទី៤៖ឈ្មោះ ជ្រុន ជ្រីន ​អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់។ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិផ្ដៅជុំ ឃុំផ្ដៅជុំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

លោកអធិការរង បន្ថែមថា​ ក្រោយពីបង្ក្រាបជនសង្ស័យទាំង៤នាក់ និងវត្ថុតាងរកឃើញពាក់ព័ន្ធ ​សកម្មភាពរក្សាទុកថ្នាំញៀន ត្រូវបាន​ខ្លួនមកសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការទៅតាមនីតិវិធី៕