(ភ្នំពេញ)៖ កីឡាករបាល់ទាត់លេង ក្នុងតំណែងប្រយុទ្ធដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានចាកចេញពីកម្ពុជានាថ្ងៃព្រហស្បតិ៍ទី១៧ ខែមករា ឆ្នាំ២០១៩ ដើម្បីទៅប្រកបអាជីពក្រៅស្រុក ជាលើកទី៣ ក្នុងក្លឹប PKNP FC ជាលីគកំពូលមួយរបស់ម៉ាឡេស៊ីក្នុងតម្លៃខ្លួនបិទជិត។

នេះជាលើកទី៣ផងដែរ ដែលកីឡាករជំនាញជើងឆ្វេង មកពីខេត្តកំពត ទៅប្រកបអាជីពបាល់ទាត់ក្រៅស្រុក គិតចាប់តាំងពីឆ្នាំ២០១៧ ក្នុងក្លឹប Fujieda MYFC លេងក្នុងលីគទី៣ របស់ជប៉ុន និងឆ្នាំ២០១៨ ក្នុងក្លឹប Pahang FA លេងក្នុងលីគកំពូលម៉ាឡេស៊ី និងដើមឆ្នាំ២០១៩នេះ ផ្លាស់ចេញពីក្លឹបបឹងកេតអែហ្វស៊ី ទៅលេងឲ្យក្លឹប PKNP FC ដែលជាអតីតក្លឹបចាស់របស់មិត្តរួមជាតិ ប្រាក់ មុនីឧត្តម កាលឆ្នាំ២០១៨។

យ៉ាងណាមិញ កីឡាករដែលមានវ័យទើបតែជាង២០ឆ្នាំ ចាន់ វឌ្ឍនាកា ក៏នឹងត្រូវប្រជែងជាមួយ ធារី ចន្ថាប៊ីន ដែលកំពុងលេងឲ្យក្លឹប Teerenganu FC ក្នុងក្របខណ្ឌ Malaysia-Super League ដែរនោះក្នុងរដូវកាលឆ្នាំ២០១៩ ខាងមុខនេះ។

ការចេញទៅលេងឲ្យក្លឹបកំពូលរបស់ម៉ាឡេស៊ីនាព្រឹកមិញនេះ បានកើតមានឡើង ក្រោយពេលដែល ចាន់​ វឌ្ឍនាកា​ បានចុះកុងត្រាថ្មី​ជាមួយក្លឹបនេះកាលពីថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ២០១៩កន្លង ទៅថ្មីៗ។

សូមបញ្ជាក់ថា ​ក្លឹប​ថ្មី​នេះ​ឈ្មោះ​ PKNS ទទួល​បាន​លេខ​៣ កាល​ពីរដូវកាលមុន ​ខណៈ​ដែល​ក្លឹប​មុន​ឈ្មោះ Pahang បាន​លេខ​៤។ សម្រាប់កីឡាករ ចាន់ វឌ្ឍនាកា ក៏ត្រូវបានឪពុករបស់ខ្លួន លោក ចាន់ ចេស្តា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក៏បានរាយ​ការណ៍​ជូន ​និង​សុំយោប់​ណែនាំ​ពីលោក ហ៊ុន​ ម៉ានី​ ក្នុង​នាម​ជា​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អំពី​ការ​ជ្រើសរើស​ក្លឹប​ដែល​ត្រូវ​ទៅ​លេង។ ក្នុងនោះ​រួម​មាន ​ក្លឹប​ខេត្ត​ឈៀងរ៉ៃ​ ប្រទេសថៃផងដែរ​។

បើតាមកីឡាករ ចាន់ វឌ្ឍនាកា ក្លឹបនៅ​ប្រទេស​ម៉ាឡេស៊ី ទទួល​បាន​ប្រាក់​កំរៃខ្ពស់​ជាង​ថៃ ប្រហែល​ពីរដង​ និង​មាន​លក្ខខណ្ឌងាយស្រួល​ច្រើន​ជាង​ផងដែរ៕