(ភ្នំពេញ)​៖ នៅថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០១៩​នេះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូចូលគោរពវិញ្ញាណក្ខន្ធ​សពនាយឧត្តមសេនីយ៍​ កុយ​ ប៊ុនថា​ អតីតរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាអតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន​។

ក្នុងឱកាសនោះ​ ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានសំដែងនូវសមានទុក្ខជាមួយក្រុមគ្រួសារសព និងសូមឲ្យដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ កុយ​ ប៊ុនថា​ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​។

សូមជម្រាបថា អតីតរដ្ឋមន្ត្រីក្រសួងការពាជាតិ សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោកឧត្តមសេនីយ៍ឯក កុយ ប៊ុនថា បានទទួលមរណភាព ដោយរោគាពាធ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩​ វេលាម៉ោង១១៖៣៥នាទីព្រឹក នាមន្ទីរពេទ្យកាល់ម៉ែត។

សពរបស់ឧត្តមសេនីយ៍ឯក កុយ ប៊ុនថា ត្រូវបានតម្កល់នៅវត្តចំប៉ា ស្ថិតនៅក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ដោយឡែកនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ស្អែកនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងផ្តល់ព្រះអគ្គីបូជាសពផងដែរ៕