(ភ្នំពេញ)៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដែលទើបចូលបំពេញបេសកកម្មការងារ បានបើកសន្និសីទព័ត៌មានមួយជាមួយអ្នកព័ត៌មានកម្ពុជា និងអ្នកព័ត៌មានចិនបំពេញការងារនៅកម្ពុជានាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ។

សន្និសីទព័ត៌មាននេះ បានជជែកជាសំខាន់ទៅលើទំនាក់ទំនង៦០ឆ្នាំរវាងកម្ពុជា និងចិន ព្រមទាំងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី២០ ដល់២៣ ខែមករា ឆ្នាំ២០១៩។

ឆ្លើយតបចំពោះសំណួរអ្នកព័ត៌មានខ្មែង និងចិន លោក វ៉ាង វិនធាន បានបង្ហាញនូវជំហរដ៏ច្បាស់លាស់មួយរបស់រដ្ឋាភិបាលចិន ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមួយកម្ពុជា ក៏ដូចជាជួយឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែល្អប្រសើរ តាមរយៈការជំរុញអ្នកវិនិយោគមកកាន់កម្ពុជា បន្តផ្តល់ជំនួយ និងហិរញ្ញប្បទានសម្បទានសម្រាប់កសាងហេដ្ឋរចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ និងបណ្តុះបណ្តាលធនធានមនុស្ស។

សម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៤ថ្ងៃនៅប្រទេសចិនវិញ លោក វ៉ាង វិនធាន បានអះអាងថា សម្តេចតេជោ ហ៊ុន សែន នឹងថ្នាក់ដឹកនាំកំពូលៗរបស់ចិនចំនួន៤រូប រួមមាន៖ លោក ស៊ី ជិនភីង ប្រធានាធិបតីចិន លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ប្រធានសភាប្រជាជនចិន និងប្រធានសភាពិគ្រោះយោបល់របស់ចិន។

លោកឯកអគ្គរដ្ឋទូត បានបង្ហាញជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅប្រទេសចិន នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងចិន វិវឌ្ឍន៍ទៅរកកម្រិតថ្មីមួយទៀត ជាពិសេសនឹងនាំមកនូវប្រយោជន៍ផ្លែផ្កាជាច្រើនសម្រាប់ប្រជាជនប្រទេសទាំងពីរ។

ខាងក្រោមគឺជាការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូតចិន តាមរយៈសំណួររបស់អ្នកព័ត៌មានកម្ពុជា និងចិន៖

សំណួរ៖ តើឯកឧត្តមវាយតម្លៃបានយ៉ាងដូចម្តេចចំពោះទំនាក់ទំនងរវាងកម្ពុជា និងចិន? តើឯកឧត្តមមើលឃើញថា ទំនាក់ទំនងកម្ពុជា-ចិនបច្ចុប្បន្ននេះមានចំណុចពិសេសដូចម្តេចខ្លះ?

លោក វ៉ាង វិនធាន៖ ឆ្នាំ២០១៨កន្លងផុតទៅ គឺជាខួបលើកទី៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា។ តាំងពីយើងបង្កើតទំនាក់ទំនងការទូត៦០ឆ្នាំមក គឺប្រទេសចិន និងកម្ពុជា តែងតែជួយគ្នាទៅវិញទៅមក ហើយរួមសុខរួមទុក្ខ ដូចឯកឧត្តម ស៊ី ជិនភីង លើកឡើងថា ទំនាក់ទំនងរវាងចិន និងកម្ពុជា មានភាពជិតស្និទ្ធពិសេស ហើយក៏មានមនោសញ្ចេតនាជាប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅបំផុត។

មិត្តភាពរវាងចិន និងកម្ពុជា ដែលបង្កើតឡើង និងពូនជ្រំុដោយថ្នាក់ដឹកនាំជំនាន់មុនរបស់ប្រទេសចិន ក៏ដូចជាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បាននឹងកំពុងមានភាពយ៉ាងរស់រវើកនាពេលបច្ចុប្បន្ន។ យើងក៏ដឹងថា ព្រះបរមរតនកោដ្ឋ ក៏បានមានព្រះរាជបន្ទូលថា មិត្តភាពរវាងចិន និងកម្ពុជាយូរអង្វែង ហើយមានភាពរឹងមាំស្រដៀងនឹងផ្កាមិនចេះស្រពោន ហើយរីកក្រោមមេឃស្រឡះ ឬយើងអាចនិយាយបានថា ទំនាក់ទំនងរវាងចិន និងកម្ពុជា ជាគំរូរវាងប្រទេស និងប្រទេស គោរពគ្នាទៅវិញទៅមក និងសហប្រតិបត្តិការយ៉ាងល្អបំផុត។

យើងខ្ញុំតែងតែបាននិយាយថាទំនាក់ទំនងរវាងចិន និងកម្ពុជា មានលក្ខណៈពិសេសជាច្រើន ដូចជាយើងគោរពគ្នាទៅវិញទៅមក យើងគាំទ្រគ្នាទៅវិញទៅមក ស្វែងយល់គ្នាទៅវិញទៅមក។ លើសពីនេះយើងក៏មានទំនុកចិត្តកម្រិតខ្ពស់ខាងផ្នែកនយោបាយ ហើយបានសបញ្ជាក់ថា ភាពជិតស្និទ្ធរវាងចិន និងកម្ពុជា កាន់តែជិតស្និទ្ធថែមទៀត។ ជាពិសេសឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ខ្ញុំក៏មានបំណងចង់កសាងនូវសហគមន៍មួយ ជោគវាសនាតែមួយឲ្យមានអត្ថន័យជាយុទ្ធសាស្ត្រ រវាងចិន និងកម្ពុជា។

យើងបានផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្ម ជាពិសេសសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនៃគ្រប់វិស័យក៏បានទទួលសមិទ្ធផលជាផ្លែផ្កា។ ឥឡូវប្រទេសចិន បានក្លាយទៅជាប្រភពវិនិយោគទុនដែលធំជាងគេនៅក្នុងប្រទេសកម្ពុជា និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត ហើយក៏ជាដៃគូអភិវឌ្ឍន៍ធំជាងគេរបស់កម្ពុជា។

ក្នុងនោះកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ក៏កំពុងតែមានភាពស៊ីជម្រៅផងដែរ។ ឥឡូវប្រទេសចិន បានក្លាយទៅជាប្រទេសនៃប្រភពទេសចរដែលធំជាងគេរបស់ប្រទេសកម្ពុជា យើងបានដឹងថា នៅឆ្នាំ២០១៨ កម្ពុជាទទួលបានអ្នកទេសចរមកពីប្រទេសចិន ១លាន ៦សែននាក់ បានទស្សនាប្រទេសកម្ពុជា។ យើងក៏មានយន្តហោះ ហោះត្រង់ជាច្រើនរវាងចិន និងកម្ពុជា ហើយយើងក៏ដឹងថា មាននិស្សិតកម្ពុជាជាច្រើន គឺជាង ២ពាន់នាក់បានទទួលអាហារូបករណ៍ពីប្រទេសចិន និងកំពុងសិក្សានៅក្នុងប្រទេសចិន ដោយសារតែកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងចិន និងកម្ពុជា។ កិច្ចសហប្រតិបត្តិការលើផ្នែកអប់រំរវាងចិន និងកម្ពុជា មានការរីកចម្រើនខ្លាំង យើងក៏ដឹងថា នៅក្នុងខេត្តសៀមរាប ក៏មានការសម្តែងសិល្បៈមួយពាក់ព័ន្ធនឹងប្រាសាទអង្គរ ដែលមានការចាប់អារម្មណ៍ខ្លាំង។

ចិន និងកម្ពុជា មានកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ក៏ដូចជាកិច្ចសហប្រតិបត្តិការឡានឆាំង-មេគង្គ និងអង្គការសហប្រជាជាតិជាដើម។ ហើយយើងបានរក្សាប្រយោជន៍រួមរវាងប្រទេសទាំងពីរ ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសសមាជិកអាស៊ាន។

សំណួរ៖ តើការកសាងសហគមន៍មួយ ជោគវាសនាតែមួយរវាងចិន និងកម្ពុជា មានអត្ថន័យ និងយុទ្ធសាស្ត្រដូចម្តេចខ្លះ?

លោក វ៉ាង វិនធាន៖ យើងដឹងថា នៅក្នុងខែមករា ឆ្នាំ២០១៨ ឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ហើយបានលើកឡើងថា ចង់កសាងនូវសហគមន៍មួយ ជោគវាសនាតែមួយរវាងចិន និងកម្ពុជា។ នេះគឺជាសេចក្តីសម្រេចជាយុទ្ធសាស្ត្រ ដោយប្រទេសទាំងពីរមានបំណងចង់ធ្វើឲ្យទំនាក់ទំនងដៃជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាន់តែប្រសើរថែមទៀត។ មានប្រយោជន៍ជំរុញដល់កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាលើគ្រប់វិស័យ ហើយពង្រឹងពង្រីកទំនាក់ទំនងកាន់តែទូលំទូលាយ។ ជាពិសេសចង់កសាងទំនាក់ទំនងរវាងចិន និងកម្ពុជា ក្លាយទៅជាទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ហើយគោរពគ្នាដោយស្មើភាព និងរួមសុខរួមទុក្ខជាមួយគ្នា។

មួយវិញគឺមានប្រយោជន៍សម្រាប់យើងកសាងសហគមន៍រួមវាសនាតែមួយរវាងចិន និងអាស៊ាន។ ដោយសារតែទំនាក់ទំនងរវាងចិន និងកម្ពុជា ជាទំនាក់ទំនងទ្វេភាគីមានលក្ខណៈពិសេសនៅក្នុងនយោបាយការទូតរបស់ប្រទេសចិន ហើយប្រទេសទាំងពីរតែងតែបានប្រកាន់ខ្ជាប់នូវគោលការណ៍ «៥ខ» នៃការរួមរស់ជាមួយគ្នាដោយសន្តិភាព ហើយយើងតែងតែបានគោរពគ្នាទៅវិញទៅមក ហើយគោរពគ្នាដោយស្មើភាព ដែលអាចក្លាយទៅជាគំរូមួយក្នុងការកសាងទំនាក់ទំនងអន្តរជាតិមានបែបបទថ្មី។

វាក៏មានប្រយោជន៍សម្រាប់ជំរុញការរក្សាសន្តិភាពនៅក្នុងតំបន់ និងអន្តរជាតិ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងកម្ពុជា មានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដោយរួមចំណែកយ៉ាងសំខាន់ទៅដល់ការបង្កើតឡើងនូវយន្តការ សហប្រតិបត្តិការឡានឆាង-មេគង្គ ហើយក៏បានជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ធ្វើឲ្យមានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ហើយវាមានប្រយោជន៍សម្រាប់ធានាកិច្ចសហប្រតិបត្តិការ សាមគ្គីភាពរវាងចិន និងអាស៊ានយ៉ាងល្អប្រសើរ និងដើម្បីជំរុញយ៉ាងសកម្មដល់ការកសាងសហគមន៍សេដ្ឋកិច្ចនៃអាស៊ីបូព៌ា ហើយប្រឆាំងទៅនឹងអំណាចពីខាងក្រៅដែលចង់លូកដៃចូលក្នុងកិច្ចការអភិវឌ្ឍន៍របស់ប្រទេសក្នុងតំបន់យើងនេះ។

ការកសាងសហគមន៍មួយ ជោគវាសនាតែមួយ ជាការផ្តួចផ្តើមរបស់ឯកឧត្តម ស៊ី ជិនភីង ហើយជាផ្នែកមួយដ៏សំខាន់នៃសង្គមនិយមមានលក្ខណៈពិសេសរបស់ចិន នៃយុគសម័យថ្មី។ ឯកឧត្តម ស៊ី ជិនភីង បានលើកឡើងថា ការកសាងសហគមន៍តែមួយ ជោគវាសនាតែមួយនៅក្នុងតំបន់អាស៊ីយើង យើងត្រូវកសាងនូវសហគមន៍មួយ ជោគវាសនាតែមួយនៅប្រទេសជិតខាងសិន ហើយយើងត្រូវកសាងសហគមន៍នេះជាមួយមិត្តភក្តិដូចជាកម្ពុជា និងឡាវ។

សំណួរ៖ តើកិច្ចសហប្រតិបត្តិការធុរកិច្ច និងពាណិជ្ជកម្មរវាងចិន និងកម្ពុជាអាចមាននិន្នាការថ្មី ហើយមានបញ្ហាប្រឈមអ្វីខ្លះ? ចំពោះយន្តការ និងគម្រោងកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត តើភាគីចិននឹងបន្តជំរុញពាណិជ្ជកម្មលើវិស័យអ្វីខ្លះ? ចំពោះការវិនិយោគរបស់ចិននៅកម្ពុជានឹងមានស្ថានភាពដូចម្តេចនាពេលអនាគត?

លោក វ៉ាង វិនធាន៖ យើងដឹងហើយថា បច្ចុប្បន្នកម្ពុជា មានគោលនយោបាយពង្រឹង និងពង្រីកក្នុងការទាក់ទាញវិនិយោគទុនមកពីបរទេស ហើយឥឡូវប្រទេសកម្ពុជា នឹងក្លាយទៅជាគោលដៅមួយដ៏សំខាន់នៃវិនិយោគទុនរបស់ចិន។ ខ្ញុំដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថានឹងជំរុញការអភិវឌ្ឍជាតិក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ហើយក៏នឹងបន្តជំរុញសាកលភាវូបនីយកម្ម ក៏ដូចជានគរភាវូបនីយកម្ម ត្រូវការធនធានមនុស្សជាច្រើន ហើយត្រូវការហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

ប្រទេសចិនលើកទឹកចិត្ត និងគាំទ្រក្រុមហ៊ុនចិនមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន។ យើងរីករាយបន្តសហការជាមួយប្រទេសកម្ពុជា ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសនៅក្នុងវិស័យមួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី កសិកម្ម ទេសចរណ៍ តំបន់សេដ្ឋកិច្ចពិសេស ទូរគមនាគមន៍ ប្រទេសចិននឹងបន្តដាក់វិនិយោគទុនកាន់តែច្រើន ដើម្បីជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ឥឡូវគម្រោងសំខាន់ៗ មានដូចជាផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅខេត្តព្រះសីហនុ ព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាប ព្រលានយន្តហោះថ្មីក្នុងរាជធានីភ្នំពេញ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តព្រះសីហនុ។ នេះសុទ្ធតែជាគម្រោងសំខាន់ៗក្រោមក្របខណ្ឌនយោបាយខ្សែក្រវាត់ និងផ្លូវ ដែលប្រទេសទាំងពីរនឹងបន្តជំរុញគម្រោងទាំងនេះឲ្យកាន់តែល្អប្រសើរ។

ប្រទេសចិន នឹងបន្តលើកទឹកចិត្តទៅដល់ក្រុមហ៊ុនចិន ដើម្បីធ្វើគម្រោងល្អៗនៅប្រទេសកម្ពុជា។ ជាពិសេសយើងផ្តល់ជូននូវបទបញ្ញត្តិទៅក្រុមហ៊ុនចិន។ ខ្ញុំមានអារម្មណ៍ថា ក្រុមហ៊ុនចិន ពេលដាក់វិនិយោគទុននៅកម្ពុជាផ្តោតសំខាន់ទៅលើបញ្ហា ត្រូវធ្វើការសិក្សាស្រាវជ្រាវជាមុន ដើម្បីធានារាប់រងឲ្យបានល្អ, គោរពយ៉ាងតឹងតែងចំពោះបទបញ្ញត្តិ និងច្បាប់នៃប្រទេសកម្ពុជា និងពង្រឹងគុណភាពនៃការផលិត ធានាបាននូវសន្តិសុខ សុវត្ថិភាព ដើម្បីឲ្យក្រុមហ៊ុនមានផលិតកម្មកាន់តែល្អប្រសើរ។ មួយវិញទៀត គឺត្រូវគោរពនូវទំនៀមទម្លាប់របស់ប្រជាជនកម្ពុជា ហើយត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការការពារបរិស្ថាន។

សំណួរ៖ តើប្រទេសចិន បានបំពេញកិច្ចការអ្វីខ្លះ ដើម្បីជួយកែសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា? ហើយចំណុចសំខាន់នៃជំហានបន្ទាប់គឺអ្វី?

លោក វ៉ាង វិនធាន៖ ប្រទេសចិន និងកម្ពុជា មានទម្លាប់ល្អមួយ គឺយើងតែងតែគាំទ្រគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមក។ ប្រទេសចិន តែងតែផ្តល់ការគាំទ្រទៅដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ហើយក៏បានកែលំអរជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ហើយយើងតែងតែធ្វើទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ យើងបង្កើនវិនិយោគទុនកាន់តែច្រើនទៅដល់ប្រទេសកម្ពុជា ដើម្បីបង្កើតការងារកាន់តែច្រើន ជូនទៅដល់ប្រទេសកម្ពុជា។ ឥឡូវប្រទេសចិន បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា មកដល់ឆ្នាំ២០១៨ ក្រុមហ៊ុនចិនបានដាក់វិនិយោគទុននៅកម្ពុជាមានទុនសរុបជាង ២០ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុនចិន ៧០ភាគរយ ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងស្បែកជើង។ ក្រុមហ៊ុនទាំងនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់។ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ក្នុងតំបន់សេដ្ឋកិច្ចពិសេស បានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ ២ម៉ឺន ២ពាន់នាក់។

យើងពង្រីកការវិនិយោគទុនកាន់តែច្រើនៅក្នុងវិស័យអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាខ្វះខាតអគ្គិសនីប្រើប្រាស់របស់ប្រជាពលរដ្ឋកម្ពុជា។ ឥឡូវក្រុមហ៊ុនចិន បានដំឡើងខ្សែបណ្តាញអគ្គិសនីបានលើសពី ៨ពាន់គីឡូម៉ែត្រហើយ ហើយទំហំនៃការផលិតថាមពលអគ្គិសនីនៅកម្ពុជា គឺ៨០ភាគរយ ផលិតដោយក្រុមហ៊ុនចិន។ ថាមពលអគ្គិសនីនេះ បានជួយកាត់បន្ថយតម្លៃដើមនៃផលិតកម្មរបស់ក្រុមហ៊ុន និងជួយកាត់បន្ថយតម្លៃប្រើប្រាស់អគ្គិសនីរបស់ប្រជាពលរដ្ឋកម្ពុជា។ ពេលខ្ញុំអមដំណើរសម្តេចតេជោ ហ៊ុន សែន ចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងកាត់បន្ថយតម្លៃអគ្គិសនីសម្រាប់ប្រជាពលរដ្ឋ។ នេះជាការផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

យើងពង្រីកជំនួយទៅដល់ប្រទេសកម្ពុជា ដើម្បីកែលំអរជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជាពិសេសក្រុមហ៊ុនចិន បានផ្តល់ជំនួយឥតសំណង ក៏ដូចជាប្រាក់ឥណទានសម្បទានមួយចំនួន ដើម្បីកសាងផ្លូវលើសពី ៣ពាន់គីឡូម៉ែត្រ ហើយក៏បានកសាងស្ពានជាច្រើន ហើយគម្រោងធារាសាស្ត្រក៏មានទំហំធំប្រហែល ៤៥.៦ម៉ឺនហិកតាសម្រាប់ផ្តល់ការស្រោចស្រប់ដល់ដំណាំរបស់ប្រជាពលរដ្ឋ។

ឥឡូវមន្ទីរពេទ្យមិត្តភាពចិន និងកម្ពុជា បានចាប់ផ្តើមកសាងហើយ ហើយមន្ទីរពេទ្យនៅក្នុងខេត្តត្បូងឃ្មុំនឹងចាប់ផ្តើមកសាងនៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយប្រទេសចិន ក៏បានធ្វើផ្លូវនៅតាមទីជនបទជាច្រើន ក៏ដូចជាជីកអណ្តូង និងកសាងសាលារៀន។

ខ្ញុំគិតថា យើងត្រូវធ្វើការងារអាទិភាពជាច្រើនទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋ។ ទី១. យើងត្រូវធ្វើផែនការឲ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសប្រើប្រាស់យន្តការកិច្ចសហប្រតិបត្តិការដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីជំរុញវិនិយោគទុន ពាណិជ្ជកម្មកាន់តែច្រើនរវាងចិន និងកម្ពុជា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនខ្លាំងក្លា និងកែលំអរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, ចំណុចទី២. យើងត្រូវផ្តល់ការអភិវឌ្ឍទៅកាន់ទីជនបទឲ្យកាន់តែច្រើន ជាពិសេសការកសាងហេដ្ឋរចនាសម្ព័ន្ធនៅតាមទីជនបទ ដូចជាការកសាងមន្ទីរពេទ្យ សាលារៀន ដែលជាការផ្តល់ប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋ, ចំណុចទី៣. យើងត្រូវដោះស្រាយបញ្ហាជាបន្ទាន់រាល់បញ្ហាប្រជាពលរដ្ឋកម្ពុជា ដើម្បីធានាថាជំនួយរបស់ចិន បានជួយដល់ប្រជាពលរដ្ឋនៅតាមទីជនបទ។

សំណួរ៖ តើចិននឹងធ្វើការងារអ្វីខ្លះ ដើម្បីពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនការយល់ដឹងរបស់ប្រជាជនកម្ពុជាចំពោះប្រទេសចិន?

លោក វ៉ាង វិនធាន៖ គោលការណ៍នៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការខាងវប្បធម៌ គឺមានបំណងពង្រីកនូវមនោសញ្ចេតនា និងមិត្តភាពប្រជាជនប្រទេសទាំងពីរ ដើម្បីជំរុញការអភិវឌ្ឍ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន និងកម្ពុជា មានកិច្ចសហប្រតិបត្តិការកាន់ទូលំទូលាយ
ផ្នែកវប្បធម៌ ទេសចរណ៍ ក៏ដូចជាការអប់រំ និងកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ យើងនឹងបន្តរក្សានិន្នាការដ៏ល្អប្រសើរមួយនេះ ដើម្បីជំរុញប្រជាជននៃប្រទេសទាំងពីរស្វែងយល់គ្នាកាន់តែខ្លាំង ហើយបង្កើនមិត្តភាព មនោសញ្ចេតនា កាន់តែជ្រាលជ្រៅបន្ថែមទៀត។

ចំណុចទី១ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ វប្បធម៌រវាងចិន និងកម្ពុជា។ ឥឡូវយើងមានគម្រោងជាច្រើន ដែលកំពុងទទួលបានប្រជាប្រិយភាព ទី១នៅក្នុងខេត្តសៀមរាប មានការសម្តែងសិល្បៈមួយមានចំណងជើងថា «ជ័យជម្នះនៃអង្គរ» ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយយើងក៏បានរៀបចំការចាក់បញ្ចាំងខ្សែភាពយន្តចល័តដែលបញ្ចាំងនូវភាពយន្តល្បីៗ ហើយមានគុណភាពខ្ពស់របស់ចិននៅកម្ពុជា ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ហើយក៏បានធ្វើឲ្យមានការស្វែងយល់គ្នារវាងប្រជាជនចិន និងកម្ពុជាកាន់តែស៊ីជម្រៅ។

ប្រទេសចិន ក៏បានគាំទ្រដល់ការកសាងវិទ្យាស្ថានខុងជឺ។ មកដល់សព្វថ្ងៃនេះវិទ្យាស្ថានខុងជឺក្នុងប្រទេសកម្ពុជាមានបន្ទប់សិក្សាជាង ៤០បន្ទប់ហើយ។ ហើយមានគ្រូជនជាតិចិន អ្នកខ្លះបានទៅបង្រៀនភាសាចិននៅតាមស្ថាប័នរបស់រដ្ឋាភិបាល ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹង។

យើងក៏មានអ្នកជំនាញជួសជុលវត្ថុបុរាណជាច្រើនមកពីប្រទេសចិន កំពុងជួយជួសជុលវត្ថុបុរាណនៅក្នុងប្រទេសកម្ពុជា ដែលជាការជួយដល់វិស័យវប្បធម៌នៅកម្ពុជា។

យើងនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងចិន និងកម្ពុជា ដើម្បីប្រជាជនប្រទេសទាំងស្វែងយល់គ្នាទៅវិញទៅមកបានកាន់តែស៊ីជម្រៅបន្ថែមទៀត។ យើងដឹងហើយថា វិស័យទេសចរណ៍មានការរីកចម្រើនយ៉ាងខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា។ មុននេះខ្ញុំបានជម្រាបថា ឆ្នាំ២០១៨ មានទេសចរណ៍ចិនប្រហែល ១លាន ៦សែននាក់ បានចូលមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបានឮសម្តេចតេជោ ហ៊ុន សែន លើកឡើងថា នៅឆ្នាំ២០២៥ មានការព្យាករណ៍ថានឹងមានអ្នកទេសចរចិនប្រហែល ៥លាននាក់នឹងមកលេងកម្សាន្តនៅកម្ពុជា។ ខ្ញុំគិតថា ក្រោមការខិតខំប្រទេសទាំងពីរ យើងនឹងសម្រេចគោលដៅនេះបាន។ ឥឡូវយើងដឹងថា ក្នុងប្រទេសកម្ពុជា និងប្រទេសចិនមានក្រុមហ៊ុនចំនួន១៥ កំពុងរៀបចំឲ្យមានការហោះត្រង់ទៅវិញទៅមក។ រៀងរាល់ថ្ងៃយើងក៏មានជើងហោះហើរជិត៤០ កំពុងហោះហើរត្រង់រវាងចិន និងកម្ពុជា ធ្វើឲ្យប្រជាជនចិន និងកម្ពុជា ធ្វើដំណើរផ្លាស់ប្តូរដំណើរគ្នាទៅវិញទៅមកកាន់តែញឹកញាប់ និងល្អប្រសើរ។

ខ្ញុំរំពឹងថា នៅពេលសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននាពេលខាងមុខ ប្រទេសទាំងពីរនឹងប្រកាសចេញនូវវិធានការជាក់ស្តែងមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទេសចរណ៍ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនថែមទៀតដល់ប្រជាពលរដ្ឋប្រទេសទាំងពីរ។

យើងនឹងពង្រឹងពង្រីកក្នុងវិស័យទេសចរណ៍។ ជាពិសេសបង្កើននូវការបញ្ជូននិស្សិតទៅវិញទៅមកឲ្យបានកាន់តែច្រើន បណ្តុះបណ្តាលធនធានមនុស្សឲ្យបានកាន់តែច្រើន។ មុននេះខ្ញុំបានលើកឡើងថា រដ្ឋាភិបាលចិន បានផ្តល់អាហារូបករណ៍ជាង ២ពាន់កន្លែងជូនដល់និស្សិតកម្ពុជា ហើយនៅក្នុងពេលអនាគតយើងនឹងផ្តល់ការគាំទ្របន្ថែមទៀត។ រៀងរាល់ឆ្នាំប្រទេសចិន បានបញ្ជូនគ្រូបង្រៀនភាសាចិនប្រហែល ២០០នាក់មកបង្រៀនភាសាចិននៅទូទាំងប្រទេសកម្ពុជា ហើយយើងក៏មានសាលាមកពីប្រទេសជាច្រើន បានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើននៅកម្ពុជា។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ យើងក៏មានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយ ហើយយើងក៏មានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយពាក់ព័ន្ធកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ ខ្ញុំក៏ដឹងដែរថា សមាគមមិត្តភាពកម្ពុជា-ចិន កំពុងសហការណ៍ជាមយយសាកលវិទ្យាល័យឧស្សាហកម្មនៃទីក្រុងធានជីង បង្កើនឡើងនូវសាកលវិទ្យាល័យវិជ្ជាជីវៈមួយនៅប្រទេសកម្ពុជា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សកាន់តែច្រើននៅក្នុងវិស័យបច្ចេកទេស វិទ្យាសាស្ត្រជូនដល់និស្សិតកម្ពុជា។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអប់រំនេះ គឺផ្តល់ផលប្រយោជន៍ច្រើនដល់ការផ្លាស់ប្តូរខាងវប្បធម៌រវាងប្រទេសទាំងពីរ។

សំណួរ៖ នៅថ្ងៃទី២០​ ខែមករា ខាងមុខនេះសម្តេចតេជោ ហ៊ុន សែន​ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន តើឯកឧត្តមរំពឹងថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកដូចម្តេចខ្លះសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន? តើវិស័យអ្វីខ្លះនឹងត្រូវបានជំរុញបន្ថែមក្នុងដំណើរទស្សនកិច្ច៤ថ្ងៃនេះ?

លោក វ៉ាង វិនធាន៖ តបតាមការអញ្ជើញរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង, សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនពីថ្ងៃទី២០ ដល់ ២៣ ខែមករា ឆ្នាំ២០១៩។ ខ្ញុំគិតថា ទស្សនកិច្ចលើកនេះបានបង្ហាញថា ភាគីទាំងពីរបានយកចិត្តទុកដាក់ទៅលើទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងកម្ពុជា។ ខ្ញុំចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន លើកនេះទៅកាន់ប្រទេសចិន ជាសេចក្តីផ្តើមមួយល្អសម្រាប់ឆ្នាំ២០១៩។ ខ្ញុំក៏ជ្រាបថានេះជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ក្រោយការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៦។

ភាគីទាំងពីរកំពុងសហការគ្នាត្រៀមរៀបចំរបៀបវារៈសម្រាប់ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបជាមួយមេដឹកនាំ៤រូបរបស់ប្រទេសចិន រួមមានឯកឧត្តម ស៊ី ជិនភីង ប្រធានាធិបតី ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី ប្រធានសភាប្រជាជនចិន លី ជាំងស៊ូ និងប្រធានសភាពិគ្រោះយោបល់ឯកឧត្តម វ៉ាង យ៉ាង។ តាមរយៈជំនួបនេះ គឺបានបង្ហាញថាចិនបានរៀបចំជាពិសេសសម្រាប់ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន។

នៅក្នុងដំណើរទស្សនកិច្ចលើកនេះ សម្តេចតេជោ ហ៊ុន សែន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយប្រទេសចិន។ ដោយសារតែឯកសារមួយចំនួនកំពុងរៀបចំ ដូច្នេះខ្ញុំមិនអាចប្រកាសនាពេលឥឡូវនេះបានទេ។

យើងសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននាពេលនេះ នឹងធ្វើទំនុកចិត្តលើផ្នែកនយោបាយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ហើយកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរនឹងឈានទៅកម្រិតមួយថ្មីទៀត ហើយយើងនឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ហើយនឹងបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តន៍ច្បាប់នៃប្រទេសទាំងពីរ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា។

ដំណើរទស្សនកិច្ចលើកនេះ នឹងផ្តោតសំខាន់ទៅលើការងារចំនួន៤ រួមមាន៖ ទី១. ធ្វើឲ្យទំនុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ជាពិសេសភាគីទាំងពីរនឹងបង្កើនការតភ្ជាប់គ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើអភិបាលកិច្ចក្នុងការរក្សាប្រយោជន៍រួមគ្នា, ទី២. លើកកម្រិតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយបង្កើនការតភ្ជាប់គ្នាតាមរយៈកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណនៃប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ កសិកម្មជាដើម ដើម្បីផ្តល់ផលប្រយោជន៍កាន់តែទូលំទូលាយសម្រាប់ប្រទេសយើងទាំងពីរ និងនាំសុភមង្គលកាន់តែច្រើនជូនប្រជាជនប្រទេសទាំងពីរ, ចំណុចទី៣. គឺពង្រីកការផ្លាស់ប្តូរខាងវប្បធម៌រវាងប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាយុវជន ទេសចរណ៍ វប្បធម៌ជាដើម ដើម្បីបង្កើនការស្វែងយល់គ្នាទៅវិញទៅមករវាងប្រជាជនប្រទេសទាំងពីរ ដើម្បីធធ្វើឲ្យការប្រាស្រ័យទាក់ទងគ្នាកាន់តែល្អប្រសើរថែមទៀត, ចំណុចទី៤. គឺបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តន៍ច្បាប់រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបទល្មើសឆ្លងព្រំដែន ក៏ដូចជាការលេងល្បែងស៊ីសងខុសច្បាប់មួយចំនួន ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏ដូចជាប្រយុទ្ធប្រឆាំងតាមប្រព័ន្ធទូរគមនាគមន៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនជាដើម ដើម្បីធានាភាពរឹងមាំក្នុងការអភិវឌ្ឍសង្គម ក៏ដូចជាពង្រឹងទំនាក់ទំនងទ្វេភាគីចិន និងកម្ពុជា រួមទាំងនយោបាយខ្សែក្រវាត់ និងផ្លូវ។

ខ្ញុំរំពឹងថា មេដឹកនាំនៃប្រទេសទាំងពីរនឹងផ្លាស់ប្តូរមតិពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងអន្តរជាតិ។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិននេះ នឹងមានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន សូមរង់ចាំមើលទាំងអស់គ្នា។

សំណួរ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមេដឹកនាំនៃប្រទេសទាំងពីរ តែងតែបានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ តើកត្តានេះនឹងរួមចំណែកយ៉ាងដូចម្តេចចំពោះការអភិវឌ្ឍនៃទំនាក់ទំនងប្រទេសទាំងពីរ?

លោក វ៉ាង វិនធាន៖ មេដឹកនាំចិន និងកម្ពុជា តែងតែបានជួបគ្នានៅក្នុងជំនួបទ្វេភាគី ក៏ដូចជាពហុភាគី ហើយយើងតែងតែបានផ្លាស់ប្តូរមតិជុំវិញបញ្ហាសំខាន់ៗជាច្រើន ដែលសុទ្ធសឹងតែមានប្រយោជន៍សម្រាប់ចង្អុលផ្លូវដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងកម្ពុជា។ ​

យើងបានជ្រាបហើយថា នៅក្នុងឆ្នាំ២០១៦ ឯកឧត្តម ស៊ី ជិនភីង ប្រធានាធិបតីចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជា ហើយក៏បានផ្តល់យោបល់គ្នាជាមួយព្រះករុណា ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជា ហើយក៏បានចង្អុលផ្លូវដ៏ត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងចិន និងកម្ពុជា នៅក្នុងយុគ្គសម័យថ្មី ហើយក៏បានគូសផែនទីការងារដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ឈានទៅដល់កម្រិតប្រវត្តិសាស្ត្រថ្មីមួយទៀត។

នាយករដ្ឋមន្ត្រី លី ខឺឈាង ក៏បានបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានៅដើមឆ្នាំ២០១៨ ហើយក៏បានផ្តល់នូវថាមពលជាខ្លាំងទៅដល់ទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានបំពេញទស្សនកិច្ច៣ដងនៅក្នុងប្រទេសចិនកាលពីឆ្នាំ២០១៧ ហើយក៏បានចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើននៅក្នុងប្រទេសចិន។ ហើយនៅឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបជាមួយមេដឹកនាំប្រទេសចិន នៅក្នុងព្រឹត្តិការណ៍ពហុភាគី ដោយបានចង្អុលផ្លូវដ៏ត្រឹមត្រូវ និងល្អប្រសើរ ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា មានមាគ៌ាកាន់តែច្បាស់ និងល្អប្រសើរ។

ដូចជម្រាបជូនថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនលើកនេះនឹងជំរុញពេញទំហឹង លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ឈានទៅដល់កម្រិតខ្ពស់មួយនៅក្នុងប្រវត្តិសាស្ត្រ។

សំណួរ៖ តើឯកឧត្តមយល់យ៉ាងដូចម្តេចចំពោះការហៅកម្ពុជាថា ជាមិត្តដែកថែបរបស់ចិន ពីសំណាក់ប្រជាជនចិននៅលើបណ្តាញសង្គម?

លោក វ៉ាង វិនធាន៖ ប្រជាជនចិនបានចាត់ថា ប្រទេសកម្ពុជា ជាមិត្តដែកថែប។ បានន័យថា ប្រជាជនចិនមានអារម្មណ៍ថា មិត្តភាពរវាងចិន និងកម្ពុជា រឹងមាំដូចជាដែកថែប ខ្ញុំគិតថា នេះជាការគូសបញ្ជាក់ដ៏មានភាពរស់រវើក និងត្រឹមត្រូវ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា និងចិន មានប្រវត្តិសាស្ត្រស្រដៀងគ្នា ហើយមានបទពិសោធន៍តស៊ូរួមគ្នា ធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរឈរជាមួយគ្នា យ៉ាងរឹងមាំ។ ជាពិសេសទំនាក់ទំនងរវាងចិន និងកម្ពុជា បានឆ្លងកាត់នូវបទពិសោធន៍នៃការប្រែប្រួលសភាពការណ៍អន្តរជាតិ ហើយការឆ្លងកាត់បទពិសោធន៍នេះកាន់តែយូរ កាន់រឹងមាំ នេះបានបញ្ជាក់ថា ទំនាក់ទំនងចិន​ និងកម្ពុជា គឺជាទំនាក់ទំនងមិត្តភាពដែកថែប។

ហើយមិនគ្រាន់តែសាធារណជននៃប្រទេសចិនលើប្រព័ន្ធអ៉ីនធើណេតទេ ដែលចាត់ទុកប្រទេសកម្ពុជា ជាមិត្តដែកថែប។ ប្រធានាធិបតី ស៊ី ជិនភីង និងសម្តេចតេជោ ហ៊ុន សែន បានលើកឡើងច្រើនដងថា ចិន និងកម្ពុជា ជាមិត្តដែកថែប។ ខ្ញុំមានអារម្មណ៍ថា មិត្តដែកថែបបានន័យថា ជាមិត្តស្ថិតក្នុងកាលៈទេសៈដ៏សំខាន់មួយ គឺយើងទទួលសម្ពាធមកពីខាងក្រៅ តែយើងនៅតែរក្សាបានទៅលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងប្រយោជន៍គន្លឹះនៃប្រទេសរៀងៗខ្លួន។

ភាគីកម្ពុជាតែងតែបានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយក៏បានផ្តល់ការគាំទ្រទៅដល់ភាគីចិននៅលើបញ្ហាពាក់ព័ន្ធទៅនឹងប្រយោជន៍គន្លឹះរបស់ចិន ហើយប្រទេសចិន ក៏បានគាំទ្រយ៉ាងពេញទំហឹងទៅលើប្រទេសកម្ពុជា រក្សាឯករាជភាពជាតិ ហើយគាំទ្រប្រទេសកម្ពុជាដើរតាមសភាពការណ៍ដែលសមស្របជាក់ស្តែងរបស់ខ្លួន ហើយគាំទ្រប្រទេសកម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចមានល្បឿនលឿន ហើយវាបានផ្តល់នូវមូលដ្ឋាននយោបាយដ៏សំខាន់សម្រាប់អភិវដ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា។

មិត្តភាពដែកថែបរវាងចិន និងកម្ពុជា នឹងផ្តល់ការធានាដ៏រឹងមាំមួយធ្វើឲ្យប្រទេសចិន និងកម្ពុជា អាចកសាងនូវសហគមន៍មួយ ជោគវាសនាតែមួយ។

សំណួរ៖ តើមានកត្តាអ្វីដែលនាំឲ្យមានការទាក់ទាញអ្នកវិនិយោគចិន មកបណ្តាក់ទុនរកស៊ីកម្ពុជា? ក្នុងអាណត្តិការងាររបស់ឯកឧត្តម តើឯកឧត្តមនឹងប្រឹងប្រែងដូចម្តេចខ្លះ ដើម្បីទាក់ទាញអ្នកវិនិយោគចិន ក៏ដូចជាជំរុញទំនាក់ទំនងចិន និងកម្ពុជាឲ្យកាន់តែប្រសើរ?

លោក វ៉ាង វិនធាន៖ មានកត្តាមួយចំនួន ដែលនាំឲ្យមានការទាក់ទាញអ្នកវិនិយោគចិនកាន់តែច្រើន មកដាក់ទុនវិនិយោគនៅកម្ពុជា។ កត្តាទី១ ដោយសារតែទំនាក់ទំនងទ្វេភាគីរវាងចិន និងកម្ពុជា មានមិត្តភាពយ៉ាងជ្រលជ្រៅបំផុត។ នេះជាអ្វីដែលសំខាន់បំផុតដែលនាំឲ្យអ្នកវិនិយោគចិនកាន់តែច្រើនមកដាក់វិនិយោគទុននៅកម្ពុជា។ ដោយសារទំនាក់ទំនងចិន និងកម្ពុជា ពិតជាមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុតធ្វើហើយ ធ្វើឲ្យក្រុមហ៊ុនរបស់ចិនទាំងរដ្ឋ និងឯកជនចង់ដាក់វិនិយោគទុននៅកម្ពុជា ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាមានការអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។

កត្តាសំខាន់ទី២ ដោយសារប្រទេសកម្ពុជា មានស្ថេរភាពនយោបាយយ៉ាងល្អប្រសើរ។ ក្រុមហ៊ុននៅពេលគាត់ចង់ដាក់ទុនវិនិយោគនៅក្រៅប្រទេស គាត់ត្រូវគិតពីស្ថេរភាពនយោបាយ ប្រសិនបើគ្មានស្ថេរភាពនយោបាយ គឺក្រុមហ៊ុននឹងទទួលផលប៉ះពាល់យ៉ាងច្រើន។ យើងក៏រីករាយផងដែរ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ ធ្វើឲ្យកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង និងមានស្ថេរភាពនយោបាយ ហើយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ នេះជាកត្តាដែលធ្វើឲ្យវិនិយោគិនចិនកាន់តែច្រើនដាក់វិនិយោគទុននៅកម្ពុជា។

ចំណុចទី៣ គឺមកពីប្រទេសកម្ពុជាមានបរិយាកាសល្អប្រសើរមួយ ដើម្បីទាក់ទាញវិនិយោគិនបរទេស ហើយក៏មានគោលនយោបាយល្អប្រសើរ។ យើងក៏ដឹងថា រដ្ឋាភិបាលចិន និងកម្ពុជា បានយកចិត្តទុកដាក់ខ្លាំងទៅលើការទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជា ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើនពាក់ព័ន្ធវិស័យពន្ធ និងដីធ្លីជាដើម។

ខ្ញុំតែងតែបានលើកឡើងជាមួយក្រុមហ៊ុនពាក់ព័ន្ធទៅនឹងកត្តាទាំង៣ មិត្តភាពប្រពៃណីរវាងចិន និងកម្ពុជា ហើយមានស្ថេរភាពនយោបាយ ដ៏ល្អប្រសើរ និងបរិយាកាសល្អៗ សម្រាប់វិនិយោគិន។

កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំក៏បានជួបជាមួយក្រុមហ៊ុនឯកជនជាច្រើននៅក្នុងប្រទេសកម្ពុជា ពួកគាត់ក៏បានរាយការណ៍អំពីស្ថានភាពរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា មានបទពិសោធន៍ជាច្រើន។ ខ្ញុំមានអារម្មណ៍ថា ក្រុមហ៊ុនទាំងនេះសុទ្ធតែមានទំនុកចិត្តយ៉ាងល្អប្រសើរក្នុងការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុនចិនជាច្រើន បានដាក់វិនិយោគទុននៅកម្ពុជា គឺជាអ្វីដ៏ល្អ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។

ខ្ញុំនឹងឈរលើការងាររបស់ឯកអគ្គរដ្ឋទូតមុនៗ ហើយខ្ញុំនឹងប្រឹងប្រែងបំពេញការងារមួយចំនួនដូចជា ធ្វើឲ្យទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត ក៏ដូចជាពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើនការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

ជាពិសេសខ្ញុំចង់បង្កើនការផ្លាស់ប្តូរវប្បធម៌ ដោយសារខ្ញុំមានអារម្មណ៍ថា ត្រូវពង្រឹងពង្រីកនូវមិត្តភាពឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយធ្វើឲ្យប្រជាជនប្រទេសទាំងពីរស្វែងយល់ពីគ្នាកាន់តែកាន់តែច្បាស់លាស់ និងរឹងមាំ។ ហើយធ្វើឲ្យការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជនកាន់តែប្រសើរថែមទៀត។

ខ្ញុំរីករាយធ្វើជាមិត្តរបស់អ្នកព័ត៌មាននៅកម្ពុជា ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ កាន់តែស៊ីជម្រៅថែមទៀត។ ធ្វើឲ្យប្រជាជនចិនកាន់តែយល់ដឹងច្បាស់លាស់ពីប្រទេសកម្ពុជា ក៏ដូចជាធ្វើឲ្យប្រជាជនកម្ពុជា យល់ដឹងកាន់តែច្រើនពីប្រជាជនចិន។

ខ្ញុំសូមស្នើថា នៅពេលសម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចដ៏ជោគជ័យនៅក្នុងប្រទេសចិនហើយ ខ្ញុំនឹងរៀបចំសន្និសីទព័ត៌មានមួយទៀត ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន។ សូមអរគុណ៕