(ភ្នំពេញ)៖ ឮតែអ្នកដំណើរ និងភ្ញៀវទេសចរជាច្រើន បានរិះគន់ជារឿយៗ ចំពោះបែបបទនៃការបង់ប្រាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ ស្រាប់តែពេលនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ក៏ដាច់ចិត្តទ្រាំលែងបាន ហើយលើកដៃសរសេរសាររិះគន់ជាសាធារណៈនៅលើគណនី Facebook របស់ខ្លួន ចំពោះបញ្ហានេះយ៉ាងចាស់ដៃផងដែរ។

នៅក្នុង Facebook លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានសរសេរថា «ភ្ញៀវ​កាន់​តែ​ច្រើន​ ប្រព័ន្ធ​បង់លុយ​ចត​រថយន្ត​នៅ​អាកាសយានដ្ឋាន​ភ្នំពេញ​ កាន់​តែប្រឹង​ធ្វើ​ឱ្យ​យឺត។ ធម្មតា​គេ​បង់លុយ​នៅ​បញ្ជរ​ចេញ​ តែ​នេះ​អ្នក​បើក​ឡាន​ ត្រូវ​ឈប់​ឡាន​នៅ​បញ្ជរ​ចេញ ​ហើយ​រត់​ទៅ​បង់​លុយ​នៅ​កន្លែង​ផ្សេង​»

រដ្ឋមន្ត្រីដែលតែងតែលើកឡើងពីបញ្ហាជាក់ស្ដែងក្នុងសង្គម មកបង្ហាញនៅលើ Facebook រូបនេះ ថែមទាំងបានចំអន់ឲ្យមួយឃ្លាទៀតថា «ដើរ​មួយពិភពលោក​ ទើប​ឃើញ​ក្បាច់​នេះ​មួយ!»។ ប្រយោគនេះ ហាក់ចង់ទទូចឲ្យមន្ត្រីធ្វើការនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ គិតគូរលើការកែសម្រួលបែបបទ នៃការបង់ប្រាក់នេះឡើងវិញ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកដំណើរ និងភ្ញៀវទេសចរកុំឲ្យមានភាពស្មុគស្មាញដូចពេលបច្ចុប្បន្ន។

នៅក្នុងប្រអប់មតិយោបល់ (Comment) លើគណនី Facebook របស់លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដដែលក៏មានអ្នកប្រើប្រាស់ Facebook មួយចំនួន លើកឡើងពីបញ្ហានេះជាបន្តបន្ទាប់ផងដែរ។ អ្នកខ្លះបានបង្ហាញមតិរិះគន់ថា «នៅមានមួយទៀតឯកឧត្តម ភ្ញៀវខ្លះជូនសាច់ញាតិមក ត្រូវចូលជួរដាក់ភ្ញៀវសិន ទើបបើករថយន្តចេញក្រៅហើយចូលម្តងទៀតតាមជួរផ្ញើរថយន្ត»

អ្នកប្រើប្រាស់ Facebook មួយចំនួនទៀតលើកឡើងថា ប្រព័ន្ធបង់លុយចតរថយន្តនៅអាកាសយានដ្ឋានភ្នំពេញស្មុគស្មាញណាស់ បើបើកបរមិនដែលចូលវិញ ច្បាស់ជាវង្វេងហើយ ឯកឧត្តម»។

អ្នកខ្លះទៀតថា «ចុះយន្តហោះថ្ងៃមុន ពីសៀមរាបក្មួយប៊ិះមិនទាន់ប្រជុំ។ នៅស្វីសមានដែរ តែមិនរបៀបនេះ តែមិនកកស្ទះចឹងទេ»

ឯពលរដ្ឋផ្សេងទៀត ក៏បានរិះគន់ដែរថា «ថ្ងៃមុន ទៅទទួលកូនមកពីប្រទេសចិន បើកឡានពីរជុំបានរកកន្លែងចូលចតឃើញ ហើយចូលចតខុសទៀត គឺចូលចំណតចំកន្លែងសម្រាប់អ្នកដំណើរឡើង មានអីនៅឆ្ងាយពីកន្លែងសម្រាប់អ្នកដំណើរចុះ។ ពីមុន ពេលដល់ច្រកចេញ ទើបបង់លុយដូចនៅផ្សារអ៉ីអន តែឥឡូវ គឺមុននឹងបើកឡានចេញពីចំណត ត្រូវទៅបង់លុយនៅកន្លែងស៊កលុយមុនសិន បានបើកឡានចេញពីកន្លែងចត»