(កំពង់ឆ្នាំង)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី៤០ អបអរសាទរថ្ងៃជ័យជម្នះ ៧មករា (៧មករា ១៩៧៩ - ៧មករា ២០១៩) នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ នេះដែល ក៏មានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការ កងកំលាំងស្រុក-ឃុំ-ភូមិ សិសានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ១,៥០០នាក់ផងដែរ។

លោករដ្ឋមន្ត្រី បានធ្វើការរំលឹកថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ (ប៉ុល ពត) បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ពលរដ្ឋខ្មែរគ្មានសិទ្ធិសេរីភាព មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំឲ្យធ្វើការហួសកម្លាំង ធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។

លោកបានឲ្យដឹងបន្តថា «ថ្ងៃ៧មករា ១៩៧៩ គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ យើងពិតជាចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ (ប៉ុល ពត) និងការពារនៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា»។

លោករដ្ឋមន្ត្រីបានបន្តថា ក្រោយបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង រដ្ឋាភិបាលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបានផ្តល់ឱកាសពេញលេញដល់កម្ពុជា ក្នុងការស្តារកសាង និងអភិវឌ្ឍន៍ឲ្យរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។ ក្រោមម្លប់សន្តិភាព សេដ្ឋកិច្ចកម្ពុជាកាន់តែរីកលូតលាស់ ដែលក្នុងនោះ គឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែកើនច្រើនឡើង ធ្វើឲ្យកម្ពុជាអាចរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧%ផងដែរ។

លោកបានបញ្ចាក់ថា នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តក្នុងការដឹកនាំនាវាកម្ពុជាឲ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ជាពិសេសកិច្ចការពារ ថែរក្សាសន្តិភាពឲ្យបានគង់វង្ស និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗ ដើម្បីបំពេញតម្រូវការនៃការរស់នៅរបស់ប្រជាជន ការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះដោយប្រការផ្សេងៗ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរឡើង៕