(ព្រៃវែង)៖ ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុនចិនធ្វើអាជីវកម្មលើភ្នំឈើកាច់ ក្នុងខេត្តព្រៃវែងអត់ច្បាប់ និងបានរក្សាទុកគ្រឿងផ្ទុះ មិនមានការប្រុងប្រយ័ត្ននោះ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ ​លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានចេញមកបកស្រាយការពិត និងអះអាងថា ក្រុមហ៊ុនធ្វើអាជីវកម្មទាំងអស់សុទ្ធតែមានច្បាប់ត្រឹមត្រូវ ហើយក៏រក្សាទុកគ្រឿងផ្ទុះតាមបទដ្ឋានផងដែរ។

តាមរយៈអង្គភាពព័ត៌មាន Fresh News លោក ជា កក្កដា បានថ្លែងយ៉ាងដូច្នេះថា ​«បញ្ហាដែលបានលើកឡើងថា មានក្រុមហ៊ុនចិនធ្វើអាជីវកម្មថ្មសំណង់គ្មានអាជ្ញាប័ណ្ណ និងគីបរំសេវ រាប់តោន​ទុកដាក់មិនបានត្រឹមត្រូវនោះ គឺមិនពិតដូចការចុះផ្សាយនោះទេ។ បច្ចុប្បន្ននៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ពុំមានការធ្វើអាជីវកម្មថ្មសំណង់អត់ច្បាប់នោះទេ ហើយក្រុមហ៊ុនទាំងអស់ កំពុងធ្វើអាជីវកម្មក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួន»

បើតាមលោកប្រធានមន្ទីររូបនេះ ​កាលពីថ្ងៃទី១៥ ខែមករាម្សិលមិញ ក្រុមការងារនាយកដ្ឋានរ៉ែសំណង់ នៃក្រសួងរ៉ែ និងថាមពល និងមន្ទីរ បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងឃើញថា៖

*ទី១៖ ក្រុមហ៊ុនចិន បានទិញថ្មពីក្រុមហ៊ុន សំណង់ ឡុង ណាំ អ៊ិចស៊ីម ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល ដើម្បីយកទៅធ្វើផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង
*ទី២៖ ចំពោះ គីម រំសេវ គឺក្រុមហ៊ុន ឡុង ណាំ បានរៀបចំទុកដោយអនុវត្តតាមការណែនាំរបស់ក្រសួង មានសមត្ថកិច្ច ដោយអនុញ្ញាតឲ្យគីប និងរំសេវខ្លះ សម្រាប់បំផ្ទុះថ្មប៉ុណ្ណោះ ពុំអនុញ្ញាតឲ្យដល់រាប់តោននោះទេ​
*ទី៣៖ ចំពោះបញ្ហាកិនថ្ម គឺពិតជាហុយខ្លះដែរ ហើយបញ្ហានេះ​ក្រុមការងារក្រសួង និងមន្ទីរ បានធ្វើការណែនាំដល់ក្រុមហ៊ុនបន្ថែមផងដែរ។​

សូមជម្រាបថា ការចេញមកបកស្រាយបែបនេះ បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ​ក្បែរភ្នំឈើកាច់ បាននាំគ្នាស្នើរដល់អាជ្ញាធរ ជាពិសេសមន្ត្រីជំនាញ ឲ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់ ខណៈដែលក្រុមហ៊ុនចិនមួយ បានធ្វើអាជីវកម្ម កាយបំផ្ទុះយកថ្ម ខ្សាច់ពីភ្នំឈើកាច់ ស្រុបាភ្នំ ខេត្តព្រៃវែងជាច្រើនឆ្នាំហើយ សង្ស័យមិនមានអាជ្ញាប័ណ្ណ និងច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ ដោយបានបង្កជាការហុយធូលីដី និងកំទិចថ្ម ទៅលើផ្ទះសម្បែង របស់ពួកគាត់ ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ជាខ្លាំង ហើយបញ្ហាដែលព្រួយបារម្ភខ្លាំងទៀតនោះ គឺក្រុមហ៊ុនចិនបានរក្សាទុករំសេវគ្រឿងផ្ទុះ ដោយមិនមានការ ប្រុងប្រយ័ត្ននោះទេ៕