(ចិន)៖ ការវិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងការងាកមកប្រើម៉ាស៊ីនទំនើបៗ នៅតាមរោងចក្រទូទាំងប្រទេសចិន បាននាំឲ្យក្រុមហ៊ុនជាច្រើន ងាកមកផ្ដោតលើការជ្រើសរើសបុគ្គលិកដែលមានជំនាញខ្ពស់វិញ។

នៅពេលដែលរោងចក្រនានា មានសមត្ថភាពផលិតទំនិញបានកាន់តែច្រើន ស្ថានភាពនេះក៏តម្រូវឱ្យរោងចក្រទាំងឡាយត្រូវការជ្រើសរើសបុគ្គលិក ដែលមានជំនាញខ្ពស់កាន់តែច្រើននាក់។ តែរោងចក្រទាំងឡាយ ពិតជាពិបាកស្វែងរកបុគ្គលិកប្រភេទនេះណាស់។

លោក ហ្វ៉ាន ប៉រយ័ន គឺជាថៅកែក្រុមហ៊ុនផលិតសម្ភារផ្ទះបាយមួយ នៅខេត្តជឺជាំង ភាគខាងកើតប្រទេសចិន។ លោកនិយាយថា អាជីវកម្មរបស់គាត់បានរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីបានងាកមកប្រើម៉ាស៊ីន កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្រុមហ៊ុនលោកហ្វ៉ាន បានបង្កើតកន្លែងផលិតសម្ភារបែបឆ្លាតវៃមួយ កាលពីឆ្នាំមុន ជាហេតុនាំឱ្យលោកមិនចាំបាច់ត្រូវការ ជួលបុគ្គលិកឱ្យមកធ្វើការងារ ដែលគ្រោះថ្នាក់នេះទេ។

លោក ហ្វ៉ាន ប៉រយ័ន ថៅកែ ក្រុមហ៊ុន Yashilin Smart Home Co., Ltd. និយាយថា «កាលពីមុន យើងត្រូវការបុគ្គលិកពី២០ទៅ៣០នាក់ សម្រាប់ធ្វើការនៅខ្សែចង្វាក់ផលិតមួយខ្សែ តែឥឡូវ យើងត្រូវការតែម្នាក់ប៉ុណ្ណោះ ដើម្បីបញ្ចូលវត្ថុធាតុដើមចូលទៅក្នុងម៉ាស៊ីន។ យើងក៏ផលិតទំនិញបានកាន់តែច្រើនជាងមុនដែរ ពីព្រោះម៉ាស៊ីនអាចធ្វើការពេញ២៤ម៉ោង ពេញ១សប្តាហ៍ មិនចេះឈប់ទេ»

តែលោកហ្វ៉ាន មិនទាន់អាចស្វែងរកបុគ្គលិក ដែលមានជំនាញខ្ពស់សម្រាប់មកបញ្ជាម៉ាស៊ីនទំនើបៗ នៅក្នុងរោងចក្របាននៅឡើយទេ។

លោក ហ្វ៉ាន ប៉រយ័ន និយាយទៀតថា «យើងនៅខ្វះបុគ្គលិកដែលមានជំនាញខ្ពស់។ ដូច្នេះយើងមានតែបង្វិកបុគ្គលិកដែលយើងមានស្រាប់តែប៉ុណ្ណោះ»

នៅឯក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច នាក្រុងសិនជិន ខេត្តគ័ងតុងឯណោះ ក៏កំពុងជួបស្ថានភាពស្រដៀងគ្នានេះដែរ។ ខ្សែចង្វាក់ផលិតដ៏ទំនើបរបស់គេ បានកាត់បន្ថយចំនួនបុគ្គលិកពី៨នាក់ មកសល់ត្រឹម៣នាក់វិញ ដោយកាត់បន្ថយចំនួនបុគ្គលិក ដែលមានជំនាញកម្រិតមធ្យម និងគ្មានជំនាញ។ ប៉ុន្តែរោងចក្រកំពុងខ្វះបុគ្គលិក ដែលមានជំនាញខ្ពស់ទៅវិញ។

លោក ហ្វឹង ស៊ីង អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកផលិតឱសថ ក្រុមហ៊ុន Shenzhen Kaifa Technology Co., Ltd. និយាយថា «នៅក្នុងវិស័យនេះ គេត្រូវការជាចំបងនូវបុគ្គលិកចំនួន២ផ្នែក។ ទី១ គឺផ្នែកអ្នករចនាប្រព័ន្ធផលិតឆ្លាតវៃ ហើយទី២ គឺអ្នកដែលចេះបញ្ជាម៉ាស៊ីនផលិតឆ្លាតវៃ។ បុគ្គលិកដែលមិនមានជំនាញសព្វថ្ងៃ គួរតែរៀនសូត្រអំពីបច្ចេកវិទ្យាឆ្លាតវៃ ដើម្បីដើរឱ្យទាន់រោងចក្រដែលប្រើម៉ាស៊ីនទំនើប»។

ជាបុគ្គលិកម្នាក់នៅក្រុមហ៊ុន យ៉ាសឺលីន (Yashilin) លោក ជិន សុង និយាយថា គាត់ធ្វើការនៅរោងចក្រនេះបាន១៧ឆ្នាំហើយ។ ក្រុមហ៊ុនបានជ្រើសរើសយកគាត់ឱ្យចូលរៀន វគ្គបញ្ជាម៉ាស៊ីនទំនើបរយៈពេល៣ខែ តែគាត់នៅតែបារម្ភខ្លាចថា ត្រូវដកពីការងារ បើសិនជាគាត់ដើរមិនទាន់បច្ចេកវិទ្យាទំនើបៗ ដែលអភិវឌ្ឍទៅមុខឥតឈប់ឈរនេះ។

លោក ជិន សុង បុគ្គលិកជំនាញ ក្រុមហ៊ុន Yashilin Smart Home Co., Ltd.: និយាយថា «សូម្បីតែបុគ្គលិកដែលមានជំនាញដូចជាខ្ញុំ ក៏នៅតែបារម្ភដែរ ពីព្រោះខ្ញុំខ្លាចថានៅថ្ងៃណាមួយ ខ្ញុំនឹងត្រូវដកពីការងារដោយសារតែខ្ញុំដើរមិនទាន់បច្ចេកវិទ្យាទំនើបៗដែលមានសព្វថ្ងៃនេះ»។

សាលាបណ្ដុះបណ្ដាលបច្ចេកទេស នៅទូទាំងប្រទេសចិន កំពុងមានសិស្សចូលរៀនកាន់តែច្រើន។ តែសូម្បីតែសាលាទាំងនេះ ក៏ទទូចឱ្យរោងចក្រទាំងឡាយបណ្ដុះបណ្ដាលបុគ្គលិកដែលខ្វះ សមត្ថភាពនៅក្នុងរោងចក្រស្រាប់ ជាជាងជ្រើសរើសបុគ្គលិកដែលមានជំនាញខ្ពស់ពីខាងក្រៅមកដែរ៕ (សារព័ត៌មាន CCTV របស់ចិន)