(ភ្នំពេញ)៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជម្មថៃ បានសហការជាមួយសភាឧស្សាហកម្មនៃប្រទេសថៃ ធ្វើដំណើរទៅកាន់ប្រទេសចំនួន៣ ដើម្បីផ្សព្វផ្សាយអំពីការតាំងពិព័រណ៍ និងអញ្ជើញអ្នកចូលទាំង៣ ប្រទេសរួមមាន៖ ប្រទេសឡាវ, កម្ពុជា, និងវៀតណាម ទៅចូលរួមពិព័រណ៍ ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងគ្រឿងអេឡិចត្រូនិក (Bangkok RHVAC &Bangkok E&E 2019) ដែលនឹងរៀបចំរយៈពេល៤ ថ្ងៃនៅក្នុងប្រទេសថៃ។

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្ម បានមកធ្វើសន្និសីទសារព័ត៌មាន និងផ្សព្វផ្សាយ និងអញ្ជើញម្ចាស់អាជីវកម្ម និងអ្នកជំនួញលើគ្រឿងអេឡិចត្រូនិកនៅកម្ពុជា ទៅចូលរួមពិព័រណ៍ «ម៉ាស៊ីនត្រជាក់ ទូរទឹកកក និងគ្រឿងអេឡិចត្រូនិក ២០១៩» ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៥-២៨ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំ និងពិព័រណ៍ BITEC,BANGNA ទីក្រុងបាងកក។

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្ដរជាតិ នៃក្រសួងពាណិជ្ជកម្មបានរំពឹងយ៉ាងខ្ពស់ថា ពិព័រណ៍នេះនឹងមានពាណិជ្ជករ និងភ្ញៀវមកពីប្រទេសអាស៊ាន និងទូទាំងពិភពលោកចូលរួម ទស្សនារាប់ម៉ឺននាក់ផងដែរ។

លោក វិបៈយ៉ាកន មុនីណេត អគ្គនាយករងនៃអគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកដឹកនាំគណៈប្រតិភូថៃ មកផ្សព្វផ្សាយពិព័រណ៍បានថ្លែងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នា២០១៩ថា «ពិព័រណ៍ Bangkok RHVAC & Bangkok E&E 2019 មានការរីកចំរើនជាបន្តបន្ទាប់។ ឆ្នាំដំបូងទំហំអាគារសំរាប់រៀបចំពិព័រណ៍មានត្រឹមតែ១៩,០០០ម៉ែត្រប៉ុណ្ណោះ ហើយមកដល់ពេលនេះ អាគារសំរាប់តាំងពិព័រណ៍ ត្រូវបានពង្រីកដល់២៣,០០០ម៉ែត្រ ហើយសម្រាប់ឆ្នាំនេះរំពឹងថា នឹងមានក្រុមហ៊ុន៤០០ក្រុមហ៊ុន និង១,០០០ស្តង់ និងមានភ្ញៀវចូលទស្សនាជាង១៤,០០០នាក់»

លោកបន្ដថា ពិព័រណ៍ Bangkok RHVAC & BangkokE&E ត្រូវបានចាត់ទុកជាពិព័រណ៍ ដែលមានសក្តានុពលសំរាប់ ឧស្សាហកម្មទាំងប្រទេសថៃ។ ប្រទេសថៃជាមជ្ឈមណ្ឌលផលិត ទំនិញ, ម៉ាស៊ីនត្រជាក់, ទូរទឹកកក និងឧបករណ៍អេឡិចត្រូនិកដ៏សំខាន់ក្នុងពិភពលោក។ បច្ចុប្បន្នប្រទេសថៃ គឺជាអ្នកផលិត Hard Disk Drive លំដាប់លេខ១ទូទាំងពិភពលោក និងជាអ្នកផលិតម៉ាស៊ីនត្រជាក់លំដាប់លេខ២ផងដែរ។

លោកបន្ដថា ប្រទេសថៃក៏មានការនាំចេញទំនិញ អេឡិចត្រូនិកទៅកាន់ទីផ្សារធំៗដូចជា៖ អាស៊ាន ,អាស៊ី និងមស្ចឹមបូព៌ា ដោយគិតជាភាគរយស្មើនឹង៦៣.២០% នៃការនាំចេញទំនិញអេឡិចត្រូនិក៕