(ចិន)៖ កាលពីពេលថ្មីៗនេះ ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple បានទម្លាក់តម្លៃយ៉ាងច្រើន នៅទូទាំងប្រទេសចិន នៅពេលដែលអាជីវកម្មរបស់ក្រុមហ៊ុន មិនសូវកាក់កបនាពេលថ្មីៗនេះ។ ទូរស័ព្ទ iPhone ស៊េរីចុងក្រោយបង្អស់ បានចុះថោកដល់ទៅ២០០ដុល្លារអាមេរិកឯណោះ នៅតំបន់ខ្លះ។

ដោយសារតែមានបញ្ហាលក់មិនដល់កម្រិតដែលបានរំពឹងទុក ក្រុមហ៊ុន Apple ក៏បានសម្រេចបញ្ចុះតម្លៃទូរស័ព្ទរបស់ខ្លួន ដែលមានដាក់លក់នៅតាមភ្នាក់ងារចែកចាយទាំងឡាយ នៅទូទាំងប្រទេសចិនទាំងមូលតែម្ដង។

នៅឯហាងលក់គ្រឿងអេឡិចត្រូនិចមួយ នាទីក្រុងសៀងហៃ ទូរស័ព្ទ iPhone ទាំងអស់ ចាប់ពីស៊េរី iPhone7 រហូតដល់ iPhone XS MAX សុទ្ធតែមានបិទផ្លាកបញ្ចុះតម្លៃដូចគ្នា។ ទូរស័ព្ទ iPhone XS MAX 256GB បានបញ្ចុះតម្លៃពី១៦២៦ដុល្លារ ធ្លាក់មកសល់ត្រឹម១៤៦៤ដុល្លារអាមេរិកវិញ។

លោក ចូវ ស៊ុនលាំង ថៅកែហាងលក់គ្រឿងអេឡិចត្រូនិច និយាយថា «ប្រជាជនយើងឥឡូវ មិនសូវជាចាប់អារម្មណ៍នឹងផលិតផលក្រុមហ៊ុន Apple ដូចពីមុនទៀតទេ ដូច្នេះយើងត្រូវតែបញ្ចុះតម្លៃវាហើយ ដើម្បីលក់បាន»

ប្រជាពលរដ្ឋចិនម្នាក់ និយាយថា «ខ្ញុំគិតថាមូលហេតុដែលគេបញ្ចុះតម្លៃនេះ គឺដោយសារតែមានមនុស្សកាន់តែច្រើន ងាកមកប្រើទូរស័ព្ទចិនវិញ»។

វេបសាយលក់ទំនិញតាមអនឡាញធំៗជាច្រើន ក៏បានប្រើវិធីបញ្ចុះតម្លៃនេះដែរ ដើម្បីលក់ឱ្យបានច្រើន។ នៅលើវេបសាយ Su'ning និង Tmall ទូរស័ព្ទ iPhone ខ្លះថោកជាង iPhone ដែលដាក់លក់នៅលើវេបសាយផ្លូវការរបស់ Apple ដល់ទៅ៣៥៥ដុល្លារអាមេរិកក៏មាន។ ចំណែកឯនៅលើវេបសាយ Jingdong ឯណោះវិញ iPhone 8 ទំហំ៦៤GB បានថុះថោកជាងមុនចំនួន១០៤ដុល្លារ ហើយ iPhone 8 plus ចុះថោក១៣៣ដុល្លារ។

តែពលរដ្ឋចិនមួយចំនួននិយាយថា ការបញ្ចុះតម្លៃនេះ ក៏នៅតែមិនទាន់សមល្មមនោះទេ ពីព្រោះតម្លៃដើមរបស់វា គឺខ្ពស់ស្រាប់ទៅហើយ។

ប្រជាពលរដ្ឋចិនម្នាក់និយាយថា «បញ្ចុះតម្លៃប៉ុណ្ណេះ មិនទាន់ធូរថ្លៃទេ។ ទាល់តែចុះដល់៣០ភាគរយ ទើបវាសម។ តម្លៃដើមរបស់វា គឺថ្លៃពេកហើយ។ Phoneស៊េរីថ្មី លក់មិនសូវដាច់ ដោយសារតែវាថ្លៃខ្លាំងពេក៕ (សារព័ត៌មាន CCTV របស់ចិន)