(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ការិយាល័យកណ្តាល បានប្រារព្ធពិធីចុះកិច្ចព្រមព្រៀង ស្តីអំពីកិច្ចសហប្រតិបត្តិការភាពជាដៃគូ ក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ រវាងក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ (ខេមបូឌា) ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា បានថ្លែងថា ក្នុងរយៈពេលជាង៦ឆ្នាំ នៃប្រតិបត្តិការ ការិយាល័យឥណទានកម្ពុជា ស៊ីប៊ីស៊ី ផ្តល់របាយការណ៍ឥណទានអតិថិជន អនុញ្ញាតឲ្យសមាជិកស៊ីប៊ីស៊ី អាចស្វែងយល់ពីអតិថិជនរបស់ពួកគេកាន់តែច្បាស់ ងាយស្រួលក្នុងការសម្រេចចិត្ត ផ្តល់ឥណទានដោយមានការទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

ម៉្យាងវិញទៀត ការិយាល័យឥណទានកម្ពុជា ក៏បានជួយអតិថិជនទូទៅ ក្នុងការស្នើសុំ និងស្វែងយល់អំពីព័ត៌មានឥណទានឲ្យកាន់តែច្បាស់ ក្នុងការត្រៀមខ្លួនស្នើសុំឥណទាន។ បន្ថែមពីនេះទៀត ប្រព័ន្ធនេះក៏ចូលរួមចំណែកដល់ស្ថេរភាព លើវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំង សេដ្ឋកិច្ចជាតិ ផងដែរ។

លោកបន្តទៀតថា «ដោយមើលឃើញអំពីសារសំខាន់នៃរបាយការណ៍ឥណទានរបស់អតិថិជន និងដើម្បីផ្តល់ភាពងាយស្រួល ដល់អតិថិជនដែលនៅតាមបណ្តាខេត្ត ការិយាល័យឥណទានកម្ពុជា បានបង្កើតសេវាកម្មនេះ ដោយធ្វើកិច្ចសហប្រតិបត្តិជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះ ជូនអតិថិជន ដោយជំហ៊ានដំបូង យើងដាក់ឲ្យដំណើរការ នៅតាមសាខារបស់ធនាគារ អេស៊ីលីដា ចំនួន ៥ខេត្ត ក្រុង ហើយគ្រោងនឹងពង្រីកទូទាំងប្រទេស នៅបំណាច់ឆ្នាំ២០១៩នេះ។ ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនគ្រាន់តែយកអត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព ហើយអញ្ជើញទៅកាន់ការិយាល័យ ឬសាខា ដូចជា ការិយាល័យកណ្តាល សាខាខេត្តសៀមរាប សាខាខេត្តកំពង់ស្ពឺ សាខាខេត្តតាកែវ និងសាខាខេត្តកណ្តាល»

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងផងដែរថា «ការិយាល័យឥណទានកម្ពុជា បានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើន ដល់ភាគីពាក់ព័ន្ធ រួមមានឯកត្តជន ស្ថាប័នធនាគារនិងហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុនានា។ ដោយយល់ឃើញថា ការិយាល័យឥណទានកម្ពុជា មានប្រព័ន្ធរាយការណ៍ព័ត៌មានឥណទានច្បាស់លាស់ និងជឿទុកចិត្ត មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការឆ្លើយតបទៅនឹងតំរូវការ របស់សមាជិក ភាគីពាក់ព័ន្ធ និងក្រុមហ៊ុននានា ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកឥណទានឲ្យកាន់តែប្រសើរ»។

លោកបន្ដថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្តីសោមនស្សរីករាយ ក្នុងការចុះកិច្ចព្រមព្រៀង សហប្រតិបត្ដិការជាមួយការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ក្នុងការបម្រើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ដល់អតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ឲ្យបានរឹតតែទូលំទូលាយ តាមការស្នើសុំពិនិត្យរបាយការណ៍ឥណទានផ្ទាល់ខ្លួន នៅតាមបណ្តាការិយាល័យ រាជធានី សាខាខេត្ត-ក្រុង ចំនួន៥ នៃធនាគារអេស៊ីលីដា ភីអិលស៊ី។ សេវានេះនឹងជួយដល់អតិថិន និងភាគីពាក់ព័ន្ធ ក្នុងការស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុ ក្នុងដំណើរការស្នើសុំឥណទាន។

ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បានបង្កើតឡើងនៅឆ្នាំ២០១២ ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់ព័ត៌មានឥណទាន ឧបករណ៍វិភាគ និងសេវាកម្មរាយការណ៍ដល់ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា គ្រឹះស្ថានឥណទានជនបទប្រតិបត្តិករឥណទាន និងអ្នកប្រើប្រាស់នានាក្នុងព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០១៨ ស៊ីប៊ីស៊ី មានសមាជិកសរុប ១៥៨ស្ថាប័ន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺធនាគារ អេស៊ីលីដា ឡាវ លីមីធីត អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង អេស៊ីលីដា ប្រូភើធី អិលធីឌី ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៥,៧ ពាន់លានដុល្លារអាមេរិក គិតមកត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០១៨ នេះសមតុល្យឥណទានសរុបចំនួន ៣,៤៩ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៣,៧៥ពាន់លានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ២,៥ លាននាក់ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៨ នេះ៕