(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នគរបាលខណ្ឌទួលគោក បានបញ្ជូនមេការជនជាតិចិនទៅតុលាការហើយ ដែលជនជាតិចិនរូបនេះ ពាក់ព័ន្ធករណីបង្ខំឲ្យស្ដ្រីម្នាក់វះកាត់​ និងបង្ខាំងទុកស្ត្រីជាម្តាយទាំងយប់ ព្រោះគ្មានលុយថ្លៃព្យាបាល នៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ តាមការកំណត់របស់មន្ទីរពេទ្យ។

យោងតាមមន្ត្រីតុលារការ បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងនៅមុននេះបន្តិចថា ករណីនេះស្ថិតក្នុងចំណាត់ការ លោក វង្ស ប៊ុនវិសុត ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងកំឡុងពេលចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ និងទទួលពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ បន្ទាប់ពីមានការភ្ញាក់ផ្អើលតាមបណ្តាញព័ត៌មាន ក៏ដូចជាបណ្តាញសង្គម Facebook ។

ជាមួយគ្នានេះ មន្ត្រីនគរបាលខណ្ឌទួលគោក នៅថ្ងៃទី១៦ ខែមករានេះ ក៏បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងដែរថា មេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់ ដែលត្រូវបានឃាត់ខ្លួន កាលពីយប់ថ្ងៃទី១៤ ខែមករានោះ ត្រូវបានចោទប្រកាន់ពីបទបង្ខាំងមនុស្សទុកដោយខុសច្បាប់។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងក្រោមការបញ្ជាផ្ទាល់ពី រដ្ឋមន្ដ្រីសុខាភិបាល បានស្រាវជ្រាវនៅក្នុងមន្ទីរពេទ្យវ៉ិចតូរៀ ដោយបានហៅមនុស្សមួយចំនួនទៅសាកសួរ ហើយឈានទៅដល់ការឃាត់ខ្លួនមេការ និងជាអ្នកគិតលុយជនជាតិចិនម្នាក់។ ដោយឡែក សម្រាប់អ្នកផ្សេងទៀត ត្រូវបានដោះលែងវិញ។

យ៉ាងណាក៏ដោយ សម្រាប់លោកស្រី សៀង សុគន្ធ ដែលជាអ្នកទទួលខុសត្រូវនៅមន្ទីរពេទ្យវ៉ិចតូរៀ ក៏ត្រូវបានមន្ដ្រីធ្វើការសួរនាំផងដែរ ប៉ុន្ដែគ្មានលទ្ធផលនោះទេ ដោយសារតែសួរអ្វីក៏មិនបានដឹង ហើយលោកស្រីក៏ជាអ្នកឈរឈ្មោះឲ្យគេផងដែរ។

​ទាក់ទិនព្រឹត្តិការណ៍ដ៏កក្រើកមួយនេះ មជ្ឈដ្ឋាននានា រួមទាំងអ្នកសារព័ត៌មាន ដែលបានទៅយកព័ត៌មានផ្ទាល់ និងផ្សាយផ្ទាល់ទាំងយប់ បានទទូចឲ្យរដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងអាជ្ញាធរចាត់វិធានការ​ឲ្យតឹងរឹងបំផុត ពោលមិនត្រឹមតែបិទត្រឹមមន្ទីរពេទ្យនោះឡើយ គឺត្រូវរកអ្នកទទួលខុសត្រូវ ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងករណីនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

តាមព័ត៌មានមួយចំនួន មន្ទីរពេទ្យវ៉ិចតូរៀនេះ ពីមុនមានឈ្មោះថា «សៀនតាយ» ប៉ុន្ដែក៏មានរឿងអាស្រូវលើការព្យាបាលជំងឺ ក៏ត្រូវបានក្រសួងសុខាភិបាល បិទចោល ប៉ុន្ដែក៏សុំបើកដោយប្ដូរឈ្មោះ វ៉ិចតូរៀ នេះតែម្ដង រហូតមានរឿងអាស្រូវជាលើកទី២។ នៅថ្ងៃដដែលនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានចេញសេចក្ដីសម្រេច បិទមន្ទីរពេទ្យនេះជាផ្លូវការហើយ។

សូមបញ្ជាក់ដែរថា ករណីកើតខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨៖០០នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យវ៉ិចតូរៀ ដែលមានទីតាំងនៅផ្ទះលេខ៦១A ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជារបស់លោកស្រីវេជ្ជបណ្ឌិត​ សៀង សុគន្ធ អ្នកទទួលខុសត្រូវ មន្ទីរពេទ្យវ៉ិចតូរៀ។

សម្រាប់ហេតុការណ៍នេះ នារី​រងគ្រោះបានទៅ​មន្ទីរពេទ្យ​អន្តរជាតិ​វ៉ិ​តូរៀ ជាមួយ​ម្ដាយ ​​ដើម្បី​មក​ពិនិត្យ​ជំងឺ​រោគ​ស្ត្រី​។ បន្ទាប់​ពី​បាន​ពិនិត្យ​រួច ​ស្រាប់​តែ​ខាង​មន្ទីរ​ពេទ្យ​ បាន​ប្រាប់​ឲ្យ​នារី​រងគ្រោះ​​ត្រូវ​តែ​វះកាត់​ បើ​មិន​វះកាត់​ទេ​អាច​នឹង​ស្លាប់​។ ​

ភ្លាមៗ​នោះ​នារី​រងគ្រោះ​ បាន​និយាយ​ថា ​ខ្លួន​គ្មាន​ប្រាក់​ទេ បាន​សុំ​ចេញ​ទៅ​ក្រៅ​វិញ ​ថែមទាំង​សុំ​អង្វរ​ទៀត​។ តែ​បែរ​ជា​ខាង​មន្ទីរ​ពេទ្យ​បង្ខិតបង្ខំ​ឲ្យ​នារី​រងគ្រោះ​ខាង​លើ ​ត្រូវ​តែ​ធ្វើ​ការ​វះកាត់​ជា​បន្ទាន់​ ហើយ​ថែមទាំង​មិន​ប្រាប់​ពី​តម្លៃ​នៃ​ការ​វះកាត់​ទៀត​ផង។

​ខាង​មន្ទីរ​ពេទ្យ ​បាន​យក​ក្រដាស​១សន្លឹក​​ មិន​ដឹង​ថាសរសេរ​អ្វី​ខ្លះ​នោះ​ទេ បាន​ឲ្យ​ម្ដាយ​របស់​នារី​រងគ្រោះ​ ផ្ដិត​មេដៃ​។ លុះ​ក្រោយ​ធ្វើ​ការ​វះកាត់​រួច ​ខាង​មន្ទីរ​ពេទ្យ​បាន​យក​វិក្កយបត្រ​បង់​​ថ្លៃ​វះកាត់​មក​ឲ្យ​គាត់ ​ដោយ​អស់​ប្រាក់​ចំនួន​២,០០០ដុល្លារ​ ថ្លៃ​ពិនិត្យ​១០​ដុល្លារ​ ថ្លៃ​ពិសោធន៍​៤៦ដុល្លារ​ ហើយ​ការ​វះកាត់​នេះ​ មិន​ទាន់​ដឹង​ថា​ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។

ខណៈនោះ ​ម្ដាយ​របស់​នារី​រងគ្រោះ​ គាត់​មាន​ប្រាក់​តែ​៦០០ដុល្លារ​ទេ ​សល់​ប៉ុន្មាន​គាត់​សុំ​រំលួស​ ម្ដង១០០ដុល្លារ តែករណីនេះខាង​មន្ទីរ​ពេទ្យមិនព្រមទេ ទាល់តែ​មាន៥០០ដុល្លារទៀត។ ​ភ្លាមៗ​នោះ​ទ្វារ​របស់​មន្ទីរ​ពេទ្យ ​ក៏ត្រូវ​សន្តិសុខ ​យក​ច្រវាក់​មក​ចាក់​ទ្វារ ​មិន​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ឡើយ​។

ក្រោយការវះកាត់ ​នារី​រងគ្រោះ​បាន​មាន​អាការៈ​ឈឺ​ចុក​ចាប់​ខ្លាំង ត្រូវ​ក្រុម​គ្រួសារ​ហៅ​ម៉ូតូ​កង់​បី​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​រដ្ឋវិញ។ ករណីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកសារព័ត៌មាន ចុះទៅផ្សាយផ្ទាក់ព្រោងព្រាតផងដែរ។

យោងតាមក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសម្ភពក្រុង បានបញ្ជាក់ថា ស្ត្រីរងគ្រោះរូបនេះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវិញហើយ ព្រោះអាការៈបានធូរស្បើយ ដោយគ្រាន់តែឲ្យបន្តលេបថ្នាំរហូតដល់អាការៈជាដាច់។ ដោយឡែក សម្រាប់សោហ៊ុយព្យាបាលជំងឺវិញ គឺមន្ទីរពេទ្យរដ្ឋមួយនេះ មិនបានតម្រូវឲ្យបង់ថ្លៃឡើយ៕