(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Edwin Hart (BOB) អភិបាលក្រុង Corinth រដ្ឋTexas សហរដ្ឋអាមេរិក ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅក្នុងខេត្តកំពង់ស្ពឺ។

ជាកិច្ចចាប់ផ្តើមលោក វ៉ី សំណាង បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ដែលមានគោលបំណង ដកស្រង់បទពិសោធន៍ការងារពីគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងអាជីវកម្ម រវាងប្រទេសទាំងពីរកម្ពុជា-សហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំបន្ថែមទៀត ក៏ដូចជា ស្វែងយល់បន្ថែមពីកាលានុវត្តភាព សក្ដានុពលពាណិជ្ជកម្មកម្ពុជា ជាពិសេសក្នុងខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង ក៏បានជម្រាបជូនគណៈប្រតិភូ ពីគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំយ៉ាងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងមានសុខសន្តិភាពពេញបរិបូណ៌។

លោក Edwin Hart (BOB) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបដិសណ្ឋារកិច្ចស្វាគមន៍របស់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ហើយបានទទួលស្គាល់ និងសម្តែងនូវការអបអរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។

លោកប្រធានគណៈប្រតិភូ បានបន្ថែមថា តាមរយៈកិច្ចពិភាក្សានាថ្ងៃនេះ លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា-សហរដ្ឋអាមេរិក នឹងឈានទៅមុខមួយកម្រិតទៀត ជាក់ជាមិនខាន ៕