(ភ្នំពេញ)៖ កម្លាំងនគរបាល បានបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនមួយករណី នៅថ្ងៃទី១៦​ ខែមករា​ឆ្នាំ២០១៩នេះ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងថ្នាំញៀនចំនួន៧៣កញ្ចប់ ស្ថិតនៅចំណុចសំណងមិនរៀបរយ ផ្លូវរថភ្លើង​R៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចដែលចុះក្នុងប្រតិបត្តិការ បានថ្លែងឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ រួមមានទី១៖ ឈ្មោះ គង់​សក្កដា​ហៅអាខ្មាន់​ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២៖ ឈ្មោះ អិន​ចាន់រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ស្នាក់នៅនៅចំណុចសំណងមិនរៀបរយផ្លូវរថភ្លើង R៦​ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចដដែល​បានបន្តថា ​ក្នុងប្រតិបត្តិការខាងលើនេះ ​កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ​រហូតឈានដល់ការឃាត់ខ្លួន​ជនសង្ស័យជាបន្តបន្ទាប់ រហូតបានចំនួន២នាក ​កំពុងតែធ្វើសកម្មភាពជួញដូរ សារធាតុញៀន​យ៉ាងអនាធិបតេយ្យនៅចំណុចផ្លូវរថភ្លើង ដោយដកហូតក្រាមសរថ្លា ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀន ចំនួន៧៣កញ្ចប់,​ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយពីបញ្ចប់ប្រតិបត្តិការ ​កម្លាំងនគរបាលខណ្ឌដូនពេញ បានបញ្ជូនជនសង្ស័យទាំង២នាក់ រួមជាមួយ​ នឹងវត្ថុតាងយកទៅកាន់អធិការដ្ឋានដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការ បន្តតាមនីតិវិធីច្បាប់៕