(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ស្នងការនគរបាលខេត្តរតនគិរីស្ដីទី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសឲ្យ​ចូលកាន់តំណែង ​មេបញ្ជាការវរសេនាតូច ការពារព្រំដែនគោក​លេខ៦២៣ថ្មី ដោយលោកវរសេនីយ៍ទោ បួន​សេង សុពិសិដ្ឋ ជំនួសវរសេនីយ៍ឯក ងួន សុវណ្ណា ដាក់ឲ្យចូលនិវត្តន៍។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ហេង រតនៈ ស្នងការរងទទួលបន្ទុកព្រំដែន, លោកឧត្តមសេនីយ៍ត្រី អ៊ឹម ផានី ស្នងការរង ទទួលបន្ទុកសន្តិសុខ ព្រមទាំងនាយការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីមួយចំនួនទៀត។

មានមតិផ្តាំផ្ញើ​ក្នុងឱកាសខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ​បានថ្លែងការកោតសរសើរ ចំពោះលោកវរសេនីយ៍ឯក ងួន សុវណ្ណា ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍ កាលលោកនៅកាន់តំណែងខិតខំបំពេញការងារជូនអង្គភាព និងមានការគោរពស្រលាញ់យ៉ាងខ្លាំង ពីមន្ត្រីនគរបាលក្រោមឱវាទ។

បើតាមលោកឧត្តមសេនីយ៍ស្នងការស្តីទី លោកមេបញ្ជាការចាស់កាន់តំណែងជិត២០ឆ្នាំមកហើយ ក្នុងនោះក៏បានសហការល្អ ជាមួយកម្លាំងលោកលើជំនាញអន្តោប្រវេសន៍ផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ជា ប៊ុនធឿន ក៏បានណែនាំឲ្យលោកវរសេនីយ៍ទោ បួនសេង សុពិសិដ្ឋ ដែលកាន់តំណែងបន្ដត្រូវ ​មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទប់ស្កាត់បទល្មើសឆ្លងដែន ការពារបូរណភាពដឹកដី មានការប្រាស្រ័យទាក់ទងល្អ ជាមួយកម្លាំងផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន៕