(ភ្នំពេញ)៖ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពលើវិសោធន៍កម្ម ច្បាប់ចំនួន២។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាន ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តជាឯកច្ឆន្ទ ដោយសំឡេងចំនួន០៧ នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល (អវត្តមាន២អង្គ) ថាច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ទាំង២នោះ ស្របនឹងរដ្ឋធម្មនុញ្ញ។

ច្បាប់ស្ដីពីសោធនកម្ម ច្បាប់ចំនួន២ ដែលក្រុមប្រឹក្សាធម្មនុញ្ញ បានពិនិត្យធម្មនុញ្ញភាព​រួចហើយនោះ រួមមាន៖

ទី១​៖ ច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក/ខណ្ឌ។
ទី២៖ ច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ៕