(ភ្នំពេញ)៖ ទូរហ្គេម​សម្រាប់លេង​​ភ្នាល់តាម Online ចំនួន១២គ្រឿង ដែលលួចបើកលេងដោយគ្មានច្បាប់ទម្លាប់ទាំងយប់​ទាំងថ្ងៃ របស់ជនជាតិចិន ស្ថិតនៅតាមបណ្ដោយផ្លូវ៩០៧ ខាងជើងវត្តទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ​ត្រូវបានលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ ​ដឹកនាំកម្លាំងសមត្ថកិច្ច​ចុះទៅបង្ក្រាប​នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ។

ប្រតិបត្តិការ​ក្នុងការតាមស៉ើបអង្កេត ឈាន​ដល់ការបង្ក្រាបប្រភេទល្បែងស៉ីសងតាម Online ខាងលើនេះ ក៏មានការចូលរួម​ពីលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ, លោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ, ចៅសង្កាត់រងទួលសង្កែ១ លោក ឃុយ សារុន, លោក នង សាប៊ុង នាយនគរបាលប៉ុស្ដិ៍ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

បើតាមលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ គល់ យី អធិការខណ្ឌ បានបញ្ជាក់​​ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ គឺធ្វើឡើងតាមការ​ចង្អុលបង្ហាញចំគោលដៅពីលោក ជា ពិសី អភិបាលខណ្ឌ បន្ទាប់ពីលោកទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបើកការតាមដានស៉ើបអង្កេត រកឲ្យឃើញជាក់ស្ដែងនៃបទល្មើស ទើបឈានដល់ការបង្ក្រាបដកហូតទូរហ្គេមចំនួន១២គ្រឿង យកមករក្សាទុកតែម្ដង។

បន្ថែមពីនេះ លោក ជា ពិសី ក៏បានបញ្ជាក់ថា ក្រៅពីការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន១៧នាក់ ដកហូតវត្ថុតាង​មួយចំនួន​ កាលពីព្រឹកម្សិលមិញ របស់អធិការដ្ឋាននគរបាលខណ្ឌ និងព្រឹកនេះ​បង្ក្រាបល្បែងស៉ីសងផងនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ នៅតែបន្តក្នុងការស្រាវជ្រាវបង្ក្រាបឲ្យកាន់តែក្លាំងក្លា ដើម្បីរក្សាសន្តិសុខ និងការអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព បើទោះជាទទួលបាន ឬមិនអាចទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក៏ដោយ៕​