(សៀមរាប)៖ ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ​ប្រតិភូរុស្ស៊ី ដឹកនាំដោយលោក អ៊ីលីយ៉ាស់ អ៊ូម៉ាកាណូវ (LIYAS UMAKHANOV) អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទីក្រុងសៀមរាប ខេត្តសៀមរាប។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បាន​ឲ្យដឹងថា នៅក្នុងជំនួបនេះ ​លោក អ៊ីលីយ៉ាស់ បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលស្វាគមន៍ យ៉ាងរាក់ទាក់ ចំពោះប្រតិភូរុស្ស៊ី ក្នុងពេលធ្វើដំណើរ​មកកាន់កម្ពុជា ដើម្បីចូលរួម​ក្នុងវេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) និងកិច្ចប្រជុំសមាជិកសភាស្រ្តី នៃវេទិកាអាស៊ីប៉ាស៊ីហ្វិក (APPF)។

លោកបានសម្តែងនូវការអបអរសាទរ ចំពោះការរៀបចំយ៉ាងល្អឥតខ្ចោះ ចំពោះកម្មវិធី ACC និង APPF។ លោកបញ្ជាក់ថា នៅរុស្ស៊ីសម្រាប់ឆ្នាំ២០១៩នេះ បានចាត់ទុកថា គឺជាឆ្នាំវប្បធម៌របស់កម្ពុជា ក្នុងន័យនេះ​ប្រតិភូរបស់លោក នឹងប្រឹងប្រែង​ធ្វើយ៉ាងណាឲ្យព្រឹត្តិការណ៍ ឆ្នាំវប្បធម៌កម្ពុជានៅរុស្ស៊ីនេះ ទទួលបានជោគជ័យ ហើយក៏ជាការរួមចំណែក​ដល់ជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ដែលមានទំនាក់ទំនង​ជាយូរលង់ណាស់មកហើយ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក អ៊ីលីយ៉ាស់ និងប្រតិភូ​ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ ACC និង APPF។ សម្ដេចក៏បានមានប្រសាសន៍ផងដែរថា ក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ គឺត្រូវបានទទួលស្គាល់ ដោយអង្គការយូណេស្កូ។

​ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែក ក៏បានគូសបញ្ជាក់​ថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្សី គឺជាទំនាក់ទំនងជាប្រវត្តិសាស្រ្ត មានជាយូរលង់ណាស់មកហើយ ហើយជាពិសេសរុស្ស៊ី បានជួយដល់កម្ពុជា នៅពេលដែលកម្ពុជា​ជួបការពិបាកបំផុត នៅពេលដែលកម្ពុជា​ទើបបានរំដោះចេញពីរបប ប៉ុល ពត។

ពីនោះទៅទៀត រុស្ស៊ីក៏បានបន្សល់នូវស្នាដៃប្រវត្តិសាស្ត្រជាច្រើនដែរ ដូចជាមន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម ហើយរុស្ស៊ី​ក៏បានជួយដល់កម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលនៅរុស្ស៊ី គឺសព្វថ្ងៃនេះ​បានបម្រើការងារជួយដល់​​កម្ពុជា ធ្វើឲ្យកម្ពុជាមានការរីកចម្រើន​យ៉ាងឆាប់រហ័ស។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ​ចំពោះរុស្ស៊ី ដែលបានជួយលើវិស័យផ្សេងៗទៀតជាច្រើន ហើយក៏បានជូនពរដល់ប្រតិភូ ឲ្យទទួលបានជោគជ័យក្នុងការស្នាក់នៅ ក៏ដូចេជាពេលវិលត្រឡប់ ទៅប្រទេសរុស្ស៊ីវិញផងដែរ៕​