(សៀមរាប)៖ ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទឹកដីអង្គរ ខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោក ម៉ូហាម៉េដ យូសុហកាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។

បើតាមការឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបនេះ លោក ម៉ូហាម៉េដ យូសុហកាឡា បានសម្ដែងនូវការអបអរសាទរ​ចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ APPF និងព្រឹត្តិការណ៍ ACC បានទទួលជោគជ័យ​យ៉ាងត្រចះត្រចង់ នាពេលកន្លងទៅនេះ។

លោកក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ដែលបានទទួល​រាក់ទាក់ស្វាគមន៍ ក្នុងការទទួលប្រតិភូរបស់លោក។ ក្នុងន័យនេះ លោកក៏បានជម្រាបជូន សម្ដេចផងដែរថា លោកបានដឹកនាំគណៈប្រតិភូ​មកកាន់កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីទាំងពីរ គឺ APPF និង ACC និងដើម្បីមករៀនសូត្រ និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរ។

លោ​ក ម៉ូហាម៉េដ យូសុហកាឡា បញ្ជាក់បន្ថែមថា នេះគឺជាសកម្មភាពមួយ​ដើម្បីឆ្លុះបញ្ចាំង និងចូលរួម​ធ្វើយ៉ាងណា​ពង្រឹងទំនាក់ទំនង​របស់ប្រទេសទាំងពីរ នៅក្នុងខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងការទូត៦០ឆ្នាំ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី។

ជាការឆ្លើយតប សម្តេចតេជោ​ ហ៊ុន សែន បានថ្លែងអំណរគុណ​ចំពោះប្រតិភូរបស់ឥណ្ឌូនេស៊ី ដែលបានចូលរួម​ក្នុងកិច្ចប្រជុំទាំងពីរ របស់កម្ពុជា។ សម្ដេច​បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានទំនាក់ទំនងល្អ និងជាទីមោទនៈផងដែរ។

សម្តេចតេជោ ហ៊ុន សែន​ ក៏បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាព​របស់កម្ពុជា នាពេលនោះឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំជីម១ និងជីម២ នៅប្រទេសឥណ្ឌូណេស៊ី ក៏ដូចជាធ្វើជាសហប្រធាន នៃសន្និសីទក្រុងប៉ារីសផងដែរ។

បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ​ចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ដែលកន្លងមក​បានជួយដល់កម្ពុជា ក្នុងការស្វែងរកសន្តិភាព និងជួយដល់កម្ពុជា ជាពិសេសនិស្សិតកម្ពុជា ដែលបានទៅរៀននៅឥណ្ឌូនេស៊ី ហើយបានត្រលប់មក​ធ្វើការបម្រើប្រទេសជាតិ។

ឆ្លៀតឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ​បានថ្លែងអំណរគុណ​ជាថ្មីម្តងទៀត ជូនចំពោះអារម្មណ៍របស់លោក ម៉ូហាម៉េដ យូសុហកាឡា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ធ្វើឲ្យការរៀបចំចាប់ផ្ដើម​ក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅទីក្រុងសៀមរាបនេះ​ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៕