(កោះកុង)៖ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងអគ្គនាយកដ្ឋានរដ្ឋបាលជលផល បានសេចក្តីជូនដំណឹងស្តីពី ការបិទធ្វើនេសាទត្រីកាម៉ុង សម្រាប់រដូវនេសាទឆ្នាំ២០១៩ ជូនដល់ប្រជានេសាទទាំងអស់ ដើម្បីឲ្យពួកគាត់ផ្អាកនេសាទ ព្រោះដល់រដូវពងកូនបន្តពូជរបស់ត្រីកាម៉ុង «ផ្លាធូ» នៅក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩ជាកំហិតនោះ នៅថ្ងៃនេះ ខាងមន្រ្តីជលផលខេត្តកោះកុង បានបញ្ជាក់បន្ថែម និងជូនដំណឹងដល់ប្រជានេសាទសមុទ្រអំពីបំរាមនេះ។

លោក ឡាំង គីរី ប្រធានរដ្ឋបាលជលផលខេត្តកោះកុង បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៦ ខែមករានេះថា ចំពោះសេចក្តីជូនដំណឹង រដ្ឋបាលជនផលបានជូនដំណឹង ដល់ប្រជានេសាទរួចរាល់អស់ហើយ គឺចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃ ដែលរដ្ឋបាលជលផល ចេញសេចក្តីជូនដំណឹងមកម្ល៉េះ ព្រោះដល់រដូវពងកូនបន្តពូជរបស់ត្រីកាម៉ុង មួយរយៈខ្លីសិន ដើម្បីឲ្យពូជត្រីកាម៉ុង បានបន្តពូជបង្កើនទិន្នផលច្រើននឹងធំធាត់។

លោកបានបញ្ជាក់ថា ចំពោះការមិនឲ្យនេសាទត្រីកាម៉ុងនេះ ខាងរដ្ឋបាលបានហាមនេសាទត្រីកាម៉ុងទូកនេសាទធំៗ ដែលឧបករណ៍មងអូសលើផ្ទៃសមុទ្រ និងកន្លែងរបស់សហគមន៍នេសាទ នៅជិតឡាំដាំ។ ហាមដាច់ខាតប្រជានេសាទណាម្នាក់ ហើយបើមិនគោរពទៅតាមការជូនដំណឹងរបស់រដ្ឋជលផលខាងជលផល នឹងមានវិធានការទៅផ្លូវច្បាប់។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះការនេសាទផ្សេងៗ រដ្ឋបាលជលផលមិនហាមឃាត់ឡើយ (ក្រៅពីត្រីកាម៉ុងឬផ្លាធូ)៕