(ស្វាយរៀង)៖ មានហេតុការណ៍ភ្នាក់ផ្អើលទាំងព្រឹកព្រលឹម ខណៈដែលមានជនមិនស្គាល់មុខ បានពូនបាញ់ជំពាមកៅស៊ូ ជាមួយគ្រាប់ឃ្លីដែក សំដៅទៅលើតូបលក់ទូរស័ព្ទ ដែលមានស្លាកយីហោដារ៉ា តែមិនបង្កគ្រោះថ្នាក់ដល់អ្នកលក់ឡើយ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៦៖៤០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្សាវាលយន្ត ស្ថិតក្នុងភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចក្រុងស្វាយរៀង បានឲ្យដឹងថា មានកណីបាញ់គ្រាប់ឃ្លីដែក ពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបាញ់ជំពាមគ្រាប់ឃ្លីដែកចំនួន០២គ្រាប់ ទៅលើតូបលក់ទូរស័ព្ទមួយកន្លែង បណ្តាលឲ្យត្រូវចំទូរតាំងលក់ទូរស័ព្ទមួយគ្រាប់ និងត្រូវជញ្ជាំងតូប០១គ្រាប់ មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

សមត្ថកិច្ចបានបន្តទៀតថា ម្ចាស់តូបឈ្មោះ យោគ ចាន់ដាវី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរលក់ទូរស័ព្ទ រស់នៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

តាមសម្តីម្ចាស់តូបលក់ទូរស័ព្ទ បានឲ្យដឹងថា រាល់ព្រឹកគាត់ក្រោកពីព្រលឹម ដើម្បីរៀបចំអីវ៉ាន់ សម្រាប់លក់ដូចសព្វមួយដង តែថ្ងៃនេះគាត់ចាប់ផ្តើមរៀបបានតែបន្តិច ក៏លឺសូរសម្លេងប្រ៉ាវៗចំនួនពីរដង ចំទូរខាងលិចផ្ទួនៗគ្នាតែម្តង ស្រាប់តែឃើញធ្លុះទូរលក់មួយគ្រាប់ និងត្រូវជញ្ជាំងតូបគ្រាប់។

បើតាមបញ្ជាក់ពីម្ចាស់តូប រូបគាត់មិនដែលមានទំនាស់ ជាមួយអ្នកណាឡើយ ក្នុងការប្រកបរបរលក់ទូរស័ព្ទ ហើយការបាញ់មកតូបគាត់ ក៏មិនដឹងមូលហេតុយ៉ាងណានោះដែរ។ ទោះបីយ៉ាងណា ម្ចាស់តូបលក់ទូរស័ព្ទខាងលើ អំពាវនាវដល់សមត្ថកិច្ច ជួយស្រាវជ្រាវចាប់ជនសង្ស័យ មកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ៕