(កំពង់ធំ)៖ លោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានថ្លែងជំរុញឱ្យអាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យមានការរីកចម្រើន និងរួមគ្នាធ្វើការផ្សព្វផ្សាយ ដោយរំលឹកយ៉ាងសកម្ម ជាប្រចាំដល់ប្រជាពលរដ្ឋអំពីការជួញដូរមនុស្ស ដើម្បីកុំឱ្យពួកក្រុមទុច្ចរិត ធ្វើការបោកប្រាស់ប្រជាជនបាន។

លោកស្រី លំ គន្ធារី បានថ្លែងយ៉ាងដូចនេះ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុង​ឱកាសដែលលោកស្រីអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលសម្រេចបានក្នុងឆ្នាំ២០១៨ និងលើកទិសដៅផនការឆ្នាំ២០១៩ របស់អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ប្រចាំខេត្តកំពង់ធំ។ ពិធីនោះក៏មានការចូលរួម ពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក អង្គការដៃគូនានា និងតំណាងសាកលវិទ្យាល័យ ព្រមទាំងតំណាងសហគមន៍ ប្រមាណ១០០នាក់ផងដែរ។

លោក សោម សុភក្តិ នាយកអង្គការសកម្មភាព ដើម្បីអភិវឌ្ឍន៍ប្រចាំខេត្តកំពង់ធំ បានឡើងអានបាយការណ៍ អំពីលទ្ធផលការងារប្រចាំឆ្នាំ ដោយអនុវត្តកម្មវិធីគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន កម្មវិធីលើកកម្ពស់ការចិញ្ចឹមជីវិត និងសន្តិសុខស្បៀង កម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយ និងបម្រែបម្រួលអាកាសធាតុ និងកម្មវិធីអភិបាលកិច្ច និងសមភាពយេនឌ័រ។

លោកបានបន្តថា សិក្ខាសលានេះធ្វើឡើង ក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០១៨ និងប្រៀបធៀបនឹងការផែនការឆ្នាំ២០១៩ និងឆ្លុះបញ្ចាំងពីផែនការយុទ្ធសាស្ត្រ ដើម្បីស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយរបស់ស្ថាប័ន និងយោបល់អនុសាសន៍ កែលំអរដើម្បីបង្ហាញពី គណនេយ្យភាពនៃការប្រតិបត្តិការ ដោយវិជ្ជាជីវៈទៅដល់គ្រប់ភាគីពាក់ព័ន្ធ។

លោកស្រី លំ គន្ធារី បានថ្លែងអំណរគុណដល់ អង្គការសកម្មភាពដើម្បីអភិវឌ្ឍ ដែលបានធ្វើការអភិវឌ្ឍនៅលើទឹកខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកជាមួយអាជ្ញាជរខេត្ត ក៏ដូចជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោកស្រីក៏បានជំរុញអាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការ ដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ឲ្យមានការរីកចម្រើន និងបានផ្តាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ពេលបើកបរ ហើយត្រូវបើកបរដោយមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក និងធ្វើការផ្សព្វផ្សាយជាប្រចាំ អំពីការជួញដូរមនុស្សដោយរំលឹកយ៉ាងសកម្ម ដល់ប្រជាពលរដ្ឋ ដោយមិនឱ្យពួកក្រុមទុច្ចរិតមក ធ្វើការបោកប្រាស់បាន។ លោកស្រីក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ធ្វើផែនការសកម្មភាព ដើម្បីឲ្យចំគោលដៅរបស់ខ្លួន ក្នុងការអភិវឌ្ឍមូលដ្ឋានបន្តទៅទៀតផងដែរ៕