(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានរៀបចំវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និង យុវជន ប្រមាណជាង ៣០០ នាក់។

លោក វង្សី វិស្សុត បានថ្លែងថា ដូចរាល់ឆ្នាំកន្លងមកដែរ ការរៀបចំវេទិកាសាធារណៈនេះ ដើម្បីផ្សព្វផ្សាយប្រកបដោយតម្លាភាព អំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាជាតិ ជូនទៅដល់សាធារណជនបានស្វែងយល់ ជាពិសេសអំពីការរៀបចំថវិកាឆ្នាំ២០១៩ ដែលជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់គាំទ្រដល់ការអនុវត្តកម្មវិធីនយោបាយនៅក្នុងឆ្នាំទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

លោកបានបន្តថា ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងថវិកាឆ្នាំ២០១៩ ស្ថិតក្នុងបរិការណ៍ធំៗដូចខាងក្រោម៖

ទី១៖ ពិភពលោកកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលស្មុគស្មាញ ពិសេសនៅក្នុងក្របខណ្ឌនៃបរិការណ៍ពហុប៉ូល ដោយក្នុងនោះ រវាងប៉ូលនីមួយៗ មានទាំងការប្រជែងគ្នាផង និងទប់គ្នាផង និងការប្រយុទ្ធប្រឆាំងគ្នាផង ដែលអាចនាំទៅដល់ការកើតឡើងនូវសង្រ្គាមត្រជាក់សារជាថ្មីម្តងទៀត។ ស្ថានភាពទាំងនេះវាក៏បង្កើតទៅជាបរិការណ៍ថ្មីមួយដែលប្រទេសទាំងអស់ឈ្លោះគ្នាផង, ធ្វើការជាមួយគ្នាផង, ប្រជែងគ្នាផង និងត្រូវសហការគ្នាផង។ ប្រការនេះប្រទេសកម្ពុជាយើងដែលជាប្រទេសតូច ក៏មានភាពស្មុគស្មាញដែរ ហើយការប្រកាន់យកនយោបាយកណ្តាលនិយមប្រហែលពិបាកនឹងធ្វើទៅបាន។ ក្នុងបរិបទភូមិសាស្រ្តនយោបាយខាងលើនេះ កម្ពុជាត្រូវចេះបត់បែន ដើម្បីបញ្ជៀស ការប៉ះទង្គិច និងត្រូវទាញយកប្រយោជន៍ជាតិជាធំ ទន្ទឹមនឹងការធានាបាននូវសន្តិភាព និងស្ថេរភាពក្នុងប្រទេស។

ទី២៖ ថ្វីត្បិតតែសេដ្ឋកិច្ចពិភពលោកបន្តមានកំណើន ក៏ប៉ុន្តែកំណើននេះ មានការថមថយ ហើយហានិភ័យដែលទាញឱ្យកំណើនចុះ (Downside Risk) កាន់តែធំ ដោយសារសង្គ្រាមពាណិជ្ជកម្ម។ ផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មនេះ កំពុងចាប់ផ្តើមធ្វើឱ្យផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ជាពិសេសកំណើន និងការបង្កើតការងារ ជាពិសេសអាមេរិក និងចិនខ្លួនឯងតែម្តង។ កម្ពុជាដែលមានសេដ្ឋកិច្ចបើកចំហរខ្លាំង ក៏ជៀសមិនផុតពីផលប៉ះពាល់នេះដែរ។ លើសពីនេះទៀត កម្ពុជាក៏មានការប្រឈមនឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ ដោយសារការឡើងថ្លៃ និងការដំឡើងអត្រាការប្រាក់ដុល្លារអាមេរិក។ ក៏ប៉ុន្តែទន្ទឹមនឹងនេះ សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន ក៏អាចផ្តល់ចំណេញដល់កម្ពុជាផងដែរ ប្រសិនបើយើងត្រៀមខ្លួនបានល្អ និងចេះចាប់យកឱកាស។ កត្តាចិន កត្តាតំបន់ និងកត្តាថៃវៀតណាម សុទ្ធតែផ្តល់នូវកាលានុវត្តភាពដល់កម្ពុជា ប្រសិនបើយើងចេះគ្រប់គ្រង និងប្រើប្រាស់ តម្រូវនឹងសភាពការណ៍របស់កម្ពុជា។

ទី៣៖ បដិវត្តន៍បច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុៈ ការរីកចម្រើនយ៉ាងឆាប់រហ័សនឹកស្មានមិនដល់នៃវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាបដិវត្តន៍ដ៏ធំមួយ និងកំពុងជះឥទ្ធិលដល់ជីវិតរស់នៅប្រចាំថ្ងៃ, ការងារ ធុរកិច្ច និងការគ្រប់គ្រងរដ្ឋ និងសេដ្ឋកិច្ច។ ក៏ប៉ុន្តែការវិវត្តរីកចម្រើននៃវិស័យនេះ មានជាប់ពាក់ព័ន្ធនឹងនយោបាយផង និងសេដ្ឋកិច្ចផង ហើយប្រទេសមហាអំណាចខ្លះកំពុងរត់ប្រណាំងគ្នា ដើម្បីដណ្តើមយកប្រៀបឈ្នះអំពីបច្ចេកវិទ្យា។

ទី៤៖ រាជរដ្ឋាភិបាលនីតិកាលទី៥ សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនប្រទេសជាតិ និងប្រជាជន ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបន្តទៅមុខទៀត។

លោកបានបន្តថា ថវិកាឆ្នាំ២០១៩ ដែលជាឆ្នាំទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា គឺដើម្បីឆ្លើយតបទៅនឹងបរិការណ៍ដូចបានគូសបញ្ជាក់ខាងលើ និងផ្អែកលើទស្សនាទានដូចខាងក្រោម៖

ទី១៖ ខិតខំថែរក្សាសមិទ្ធផលទាំងឡាយ ដែលសម្រេចបានដោយលំបាកក្នុងពេលកន្លងមក ឱ្យបានជាដាច់ខាត ទាំងសន្តិភាព ទាំងស្ថេរភាពនយោបាយ ទាំងចលនការនៃការអភិវឌ្ឍ។

ទី២៖ បន្តជំរុញចលនការនៃកាអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាឡើងថែមទៀត ទន្ទឹមគ្នានឹងការបន្តជំរុញកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ស្របទៅតាមគោលដៅដែលបានដាក់ចេញ។ ប៉ុន្តែការអនុវត្តត្រូវតែមានការចូលរួមទាំងអស់គ្នាពីគ្រប់មជ្ឈដ្ឋានទូទៅទាំងរាជរដ្ឋភិបាល ទាំងប្រជាពលរដ្ឋ និងទាំងដៃគូ វិស័យឯកជន និងសង្គមស៊ីវិល។

ទី៣៖ បន្តបុកគ្រឹះ និងកសាងកម្លាំងចលករថ្មីៗថែមទៀត ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ក្នុងន័យនេះ យើងត្រូវធ្វើឱ្យប្រសើរឡើង (upgrade) នូវក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ចចាស់ដែលមានស្រាប់ ដើម្បីបង្កើនតម្លៃបន្ថែម (Increase Value Added)។ ជាមួយគ្នានេះដែរ យើងត្រូវបង្កើតក្បាលម៉ាស៊ីនអូសកំណើនថ្មីៗឱ្យបានច្រើន តាមរយៈការដាក់នូវគោលនយោបាយ, យុទ្ធសាស្រ្ត និងវិធានការសមស្រប សម្រាប់កសាងបរិស្ថានអនុគ្រោះសម្រាប់គាំទ្រដល់កម្លាំងចលករថ្មីនេះ ដោយក្នុងនោះ ការជំរុញសេដ្ឋកិច្ចឌីជីថល គឺជាកិច្ចការមួយដ៏សំខាន់បំផុត ដើម្បីបង្កើនសន្ទុះល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់លឿនជាងមុនបានមួយកម្រិតទៀត។

ទី៤៖ ឆ្លើយតបទៅនឹងឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន តាមរយៈសន្លឹកឆ្នោតគាំទ្រដ៏ភ្លុកទឹកភ្លូកដី និងជាពិសេសការសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្តទាំង ០៤ និងវិស័យអាទិភាពទាំង ០៤ ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។

លោក វង្សី វិស្សុត បានលើកឡើងថា កម្ពុជាត្រូវឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ក្នុងបរិការណ៍ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការកើនឡើងនៃភាពប្រកួតប្រជែង និងពិពិធម្មមូលដ្ឋានសេដ្ឋកិច្ច ដើម្បីបម្រើឱ្យការអភិវឌ្ឍប្រទេសរយៈពេលវែង ជាពិសេសការឈានទៅសម្រេចបានជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានគូសបញ្ជាក់ថា ការលើកកម្ពស់ភាពប្រកួតប្រែងរបស់សេដ្ឋកិច្ចកម្ពុជា នៅដំណាក់កាលនេះ គឺជាចំណុចស្លាប់រស់ ព្រោះថាប្រសិនបើសេដ្ឋកិច្ចកម្ពុជា មានភាពប្រកួតប្រជែងខ្ពស់នោះ ការផ្តល់ ឬមិនផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើពាណិជ្ជកម្មអន្តរជាតិ ពីសំណាក់ដៃគូខ្លះរបស់យើង ដូចជា EBA របស់សហគមន៍អឺរ៉ុបជាដើម គឺនឹងមិនបង្កឱ្យមានផលប៉ះពាល់ មកលើសេដ្ឋកិច្ចកម្ពុជានោះទេ ទោះបីអាចមានផលប៉ះពាល់ខ្លះក្នុងរយៈពេលខ្លីក្តី។ តែផ្ទុយទៅវិញនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែអាចរស់ដោយខ្លួនឯងបាន តាមរយៈការកែទម្រង់ផ្ទៃក្នុង ពោលគឺកម្ពុជាអាចធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយឈរលើគោលការណ៍ស្មើភាព និងទីផ្សារ ហើយលែងពឹងផ្អែកទៅលើការផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មតទៅទៀត។

លោកបន្តថា ក្នុងន័យនេះ យើងមានភាពចាំបាច់ និងបន្ទាន់ក្នុងការដោះស្រាយនូវបញ្ហារចនាសម្ព័ន្ធមួយចំនួន នៅក្នុងសេដ្ឋកិច្ចជាតិ ដូចជាថ្លៃអគ្គិសនីនៅខ្ពស់នៅឡើយធៀបនឹងប្រទេសជិតខាងមួយចំនួន និងភាពមានកម្រិតនៃគុណភាព និងភាពទុកចិត្តបានក្នុងការផ្គត់ផ្គង់អគ្គិសនី ភាពទន់ខ្សោយនៃប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក កំណើនទាបនៃផលិតភាពការងារ កង្វះកម្លាំងពលកម្មជំនាញ និងថ្លៃនៃការធ្វើធុរកិច្ចនៅខ្ពស់នៅឡើយធៀបនឹងប្រទេសជិតខាងក្នុងតំបន់ រួមទាំងការបន្តមាននៅឡើយនូវកម្រៃក្រៅផ្លូវការ គួបផ្សំនឹងនីតិវិធីស្មុគស្មាញប្រៀបធៀបនឹង បណ្ដាប្រទេសមួយចំនួនក្នុងតំបន់។

លោកបន្ថែមថា ទន្ទឹមនឹងនេះ យើងចាំបាច់ត្រូវបន្តពង្រឹងអភិបាលកិច្ច និងការកសាងសមត្ថភាពស្ថាប័ននៅក្នុងវិស័យសាធារណៈ ដើម្បីកសាងប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលស្អាត់ស្អំ ខ្លាំងពូកែ និងឆ្លាតវៃ។ លើសពីនេះ យើងត្រូវខិតខំទ្វេដងថែមទៀត ដើម្បីកសាងមូលធនមនុស្សឱ្យបានច្រើនថែមទៀតនៅក្នុងសង្គមជាតិយើង ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន នៅក្នុងបរិការណ៍នៃការចូលមកដល់នៃបដិវត្តន៍ឧស្សាហកម្មទី៤។

ពាក់ព័ន្ធនឹងក្របខណ្ឌចំណូលថវិកា, លោក វង្សី វិស្សុត បានថ្លែងថា ចំណូលថវិកាឆ្នាំ២០១៩ បានកើនឡើងកៀកទៅនឹងសក្តានុពលហើយ។ ដូច្នេះទន្ទឹមនឹងការរក្សាចលនការនៃកំណើនចំណូលនេះមិនឱ្យធ្លាក់ យើងក៏ត្រូវគិតគូរផងដែរទៅដល់ការលើកទឹកចិត្តការវិនិយោគ និងធុរកិច្ច និងការបង្កើតការងារ តាមរបៀបហូបពងក្ងាន និងមិនមែនហូបសាច់ក្ងានទេ។ ទន្ទឹមនឹងនេះ យើងត្រូវដាក់ចេញនូវប្រព័ន្ធពន្ធដារមួយ ដែលជាឃ្នាស់សេដ្ឋកិច្ចពិតប្រាកដ និងកាន់តែ Business Friendly ហើយមានយុត្តិធម៌ ស្មើភាព និងលើកចិត្តដល់ការចាប់ផ្តើមធ្វើធុរកិច្ចថ្មី (Start-up) ក៏ដូចជា សហគ្រិនភាព ដើម្បីបង្កើតអ្នកដឹកនាំក្នុងវិស័យធុរកិច្ចឱ្យបានកាន់តែច្រើនឡើង។

លោកបន្ថែមទៀតថា ពាក់ព័ន្ធនឹងក្របខណ្ឌចំណាយវិញ គឺចំណាយថវិកាឆ្នាំ២០១៩ ជាថវិកាត្បិតត្បៀត ឬបង្រួមការចំណាយ (Consolidation) ដើម្បីបន្តរក្សាចីរភាពថវិកា ដែលខុសពីថវិកាឆ្នាំ២០១៨ កន្លងទៅ ដែលយើងបានបង្កើនការចំណាយច្រើន រហូតដល់មានការដកប្រាក់បញ្ជើរបស់រាជរដ្ឋាភិបាលមកប្រើប្រាស់ថែមទៀតផង។ ក៏ប៉ុន្តែការអនុវត្តគោលនយោបាយបង្រួមចំណាយនេះ គឺឈរលើគោលការណ៍ពង្រឹងប្រសិទ្ធភាពថវិកាជាធំ ទាំងការវិភាជន៍ថវិកា និងទាំងនៅក្នុងប្រតិបត្តិការថវិកាជាក់ស្តែង ពោលគឺយើងមិនត្រឹមតែអាចសម្រេចបានតាមគោលដៅ និងទំហំការងារដដែលដែលចង់បាននោះទេ តែថែមទាំងអាចសម្រេចបាននូវលទ្ធផលការងារកាន់តែល្អប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ យើងនឹងបន្តពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងក្របខណ្ឌនៃកម្មវិធីការកែទម្រង់ការគ្រប់ហិរញ្ញវត្ថុសាធារណៈ ជាពិសេសការអនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា២០១៨-២០២៥។

វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅពេញមួយព្រឹក ហើយអង្គវេទិកាទាំងមូលបានចូលរួមកិច្ចពិភាក្សាឆ្លើយឆ្លងអស់រយៈពេលប្រមាណជិត ២ម៉ោង ស្តីពីអំការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងថិវកាជាតិ យ៉ាងផុសផុល៕