(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ប្រទេសណាដែលតែងតែជេរជនជាតិចិននោះ តាមពិតប្រទេសទាំងនោះ ចង់បានជនជាតិចិនទៅវិនិយោគ និងកម្សាន្តនៅប្រទេសនោះដែរទេ តែមកពីពួកគេមិនចង់ឲ្យចិន ក្លាយជាប្រទេសមហាអំណាច ទើបចេះតែបន្តុះបង្អាប់ដូចនេះ។​

លោក វង្សី វិស្សុត បានថ្លែងបែបនេះក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក វង្សី វិស្សុត បន្ទាប់ពីមានការលើកឡើងពីក្តីបារម្ភមួយចំនួន ចំពោះលំហូរការវិនិយោគ និងប្រជាជនចិននៅកម្ពុជា ពេលមានវិនិយោគិនចិន និងជនជាតិចិនមកច្រើននោះ។

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់យ៉ាងដូច្នេះថា «សំណង់ចិន ប្រទេសមួយចំនួនជេរដើម្បីបង្អាប់ ព្រោះគេមិនចង់ឲ្យចិនងើបម្ខាង ប៉ុន្តែម្ខាងទៀតលំហូរលុយចិន លំហូរទេសចរចិន ចំណុចហ្នឹងទទួលស្គាល់។ លំហូរហ្នឹង ជាលំហូរមួយដែលមានចរិតសកល លំហូរចាំបាច់»

លោកបន្តថា «យើងទៅប៉ារីសមើល សណ្ឋាគារ ភោជនីយដ្ឋានសុទ្ធតែចេះនិយាយចិន អ្នកលក់ហាងប្រេនដ៍ សុទ្ធតែនិយាយចិនទាំងអស់ សុទ្ធតែមុខចិនទាំងអស់ អត់មានមុខបារាំងទេឥឡូវ។ អ្នកជេរចិននោះ តាមពិតគាត់ចង់បានចិនទៅស្រុកគាត់វិនិយោគក្តី ទេសចចរណ៍ក្តី....ប្រទេសយើង ខ្ញុំថាត្រូវចេះប្រើប្រាស់ គ្រប់គ្រងលំហូរចិន បើចេះគ្រប់គ្រងចិនមកអត់ឈប់ទេ ប្រទេសនោះមានសល់ធនធានច្រើន»

បើតាមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះ លំហូរនៃសាកលភាវូបនីយកម្ម វាតែងតែមានចំណុចល្អ និងចំណុចអាក្រក់។ ដូចគ្នាដែរ ចំពោះលំហូរជនជាតិចិន ទៅប្រទេសនានាលើសកលលោក ក៏មានចំណុចល្អ និងចំណុចអាក្រក់ដូចគ្នា ដូច្នេះត្រូវចេះប្រើប្រាស់ច្បាប់ ដើម្បីគ្រប់គ្រង៕