(ពោធិ៍សាត់)៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-វៀតណាម និងជាអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសហការជាមួយគណៈប្រតិភូសហព័ន្ធនារីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកស្រី ង្វៀន ធិហ៊រឡេ សមាជិកសហព័ន្ធ នារីវៀតណាម និងជាប្រធានក្រុមហ៊ុន peace tour បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងនាំយកអំណោយចែកជូន ប្រជាពលរដ្ឋក្រីក្រចំនួន២៥០គ្រួសារ ដែលស្ថិតនៅក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្ត និងដោយបានការអញ្ជើញចូលរួម ពីតំណាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកស្រីតំណាងរាស្ត្រខេត្តពោធិ៍សាត់ អនុប្រធានគណបក្សខេត្ត លោកអភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។ 

សូមបញ្ជាក់ថា អំណោយដែលគណៈប្រតិភូនាំយកមកចែកជូនប្រជាពលរដ្ឋចំនួន២៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន១០គីឡូក្រាម នំ០២ប្រអប់ និងថវិកាចំនួន១២០,០០០រៀល (ដប់ពីរម៉ឺនរៀល)៕