(ស្វាយរៀង)៖ កម្មករ-កម្មការិនីប្រមាណ២,១៨០នាក់ បានលើកគ្នាមកតវ៉ាទាមទារឲ្យថៅកែបើកខែប្រាក់៥០ភាគរយ ដែលថៅកែរោងចក្រផលិតស្បែកជើង KINGMAKERS ប្រកាសព្យួរការងាររយៈពេល១ខែ ដោយលើកហេតុផលថា គ្មានអ្នកបញ្ជាទិញ។

ករណីផ្ទុះការទាមទារនេះ បានកើតឡើងនៅថ្ងៃទី១៥ មករា ២០១៩ វេលាម៉ោង៧៖០០នាទីព្រឹក រហូតមកដល់ម៉ោង១០៖៣០នាទីព្រឹក នៅខាងមុខរោងចក្រឃីងម៉េកឃើរ KINGMAKERS ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្បាយរៀង។

ចំពោះករណីនេះលោក អ៊ូ សាខឿន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងជាសមាជិកអចិន្ត្រៃយ៍ នៃគណកម្មាធិការកណ្តាល ប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត បានឱ្យដឹងថា មូលហេតុកម្មករកម្មការនីធ្វើបាតុកម្មនេះ គឺដោយសារថៅកែររោងចក្រ ផលិតស្បែកជើង ប្រកាសសុំព្យួរការងារកម្មកររយៈពេល១ខែ មូលហេតុគ្មានអ្នកបញ្ជាទិញ ហើយការបាតុកម្មតវ៉ានេះ កម្មករកម្មការិនី បានទាមទាសុំឱ្យថៅកែរបើកប្រាក់ឱ្យកម្មករ កម្មការិនី ចំនួន៥០ភាគរយ ឱ្យកម្មករ ក៏ប៉ុន្តែភាគីថៅកែរោងចក្រមិនយល់ព្រម ទើបផ្ទុះការតវាដោយនាំគ្នាធ្វើបាតុកម្មបែបនេះ។

សូមបញ្ជាក់ថា រហូតមកដល់រសៀលនេះ កម្មករកម្មការិនី បានវិលត្រលប់ទៅផ្ទះរៀងៗ ខ្លួនដោយមិនបានចូលធ្វើការនោះទេរង់ចាំថ្ងៃស្អែក ដោះស្រាយបន្តទៀត ខណៈការធ្វើកូដកម្មនេះមិនមានការប្រើហឹង្សាអ្វីនោះទេ៕