(សៀមរាប)៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ​មានសុទិដ្ឋិនិយមថា​ ក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ជាស្ពាន​ ក្នុងការលើកកម្ពស់ពហុភាពនៃវប្បធម៌ ការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងសម្បត្តិបេតិកភណ្ឌ ក៏ដូចជា ការសន្ទនាអន្តរជំនឿ និងសាសនារវាងប្រជាជននៅក្នុងទ្វីបអាស៊ី។

ការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមបិទពិធីប្រកាស ក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នៅសណ្ឋាគារ និងមជ្ឈមណ្ឌលពិព័រណ៍ សុខាសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Muhammad Jusuf Kalla អនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី, លោក Jose de Veneca ប្រធានស្ថាបនិកនៃ ICAPP​, លោក Dhan Buahadur Budha ទេសរដ្ឋមន្ត្រីវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់ នាយករដ្ឋមន្ត្រី នៃប្រទេសនេប៉ាល់, លោក Andres Pastrana អតីតប្រធានាធិបតីប្រទេសកូឡុំបី និងជាប្រធានស្ថាបនិកអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC)​ លោកស្រី ឃួន សុដារី អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃ ICAPP និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី, លោក Park Ro-Byug អគ្គលេខាធិការនៃ ICAPP។

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ​ក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ នឹងដើរតួនាទីយ៉ាងសំខាន់ជាស្ពាន​ក្នុងការលើកកម្ពស់ពហុភាពនៃវប្បធម៌ ការថែរក្សាទំនៀម ទម្លាប់ប្រពៃណី និងសម្បត្តិបេតិកភណ្ឌ ក៏ដូចជា ការសន្ទនាអន្តរជំនឿ និងសាសនារវាងប្រជាជននៅក្នុងទ្វីបអាស៊ី ហើយប្រើប្រាស់វប្បធម៌ជាយានសម្រាប់ជំរុញការកសាងសន្តិភាព ការផ្សះផ្សា សហប្រតិបត្តិការ និងការអភិវឌ្ឍដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក»។

ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ជាមួយនឹងសក្តានុពលវប្បធម៌ដ៏សម្បូរបែបរបស់ខ្លួន កម្ពុជារីករាយជានិច្ចក្នុងការចូលរួម និងចែករំលែកបទពិសោធន៍ របស់ខ្លួនជាមួយបណ្តាប្រទេសនានា នៅលើពិភពលោក ជាពិសេសនៅក្នុងទ្វីបអាស៊ី តាមរយៈគម្រោង និងកិច្ចសហប្រតិបត្តិការរួមគ្នា នៅក្នុងវិស័យវប្បធម៌ អប់រំវិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ពិសេសនៅក្នុងក្របខ័ណ្ឌ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះ។

ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏លើកទឹកចិត្តដល់លេខាធិការដ្ឋាននៃក្រុមប្រឹក្សាវប្បធម៌អាស៊ី បន្តពង្រឹងសហប្រតិបត្តិការជិតស្និទ្ធជាមួយ ICAPP និង UNESCO ដើម្បីប្រែក្លាយមតិយោបល់ និងអនុសាសន៍ល្អៗ ដែលកើតចេញពីកិច្ចពិភាក្សាថ្ងៃនេះ ទៅជាគំនិតផ្តួចផ្តើម ផែនការសកម្មភាពគម្រោង និងវិធានការជាក់ស្តែងនានា សំដៅជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជនការផ្លាស់ប្តូរផ្នែកវប្បធម៌ ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក សហប្រតិបត្តិការជិតស្និទ្ធ សន្តិភាពយូរអង្វែង ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នានៅក្នុងតំបន់ និងពិភពលោក៕