(ពោធិ៍សាត់)៖ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះពិនិត្យទំនិញម្ហូបអាហារ នៅផ្សារថ្មីពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅក្នុងការចុះអង្កេតផ្សារថ្មីពោធិ៍សាត់នេះ កម្លាំងជំនាញបានធ្វើតេស្តបឋមលើ ប្រហុក សាច់ក្រក ណែមត្រី សសៃគុយទាវ តៅកឺ នំបាញ់ឌុក លតឆា បង្អែមលត។ ជាលទ្ធផល កម្លាំងជំនាញរកឃើញសារធាតុបូរ៉ាក់ នៅក្នុងបង្អែមលត ចំនួន11,5គីឡូក្រាម កម្លាំងជំនាញ បានធ្វើកិ​ច្ចសន្យា និងធ្វើកំណត់ហេតុ ដកហូតយកកំទេចចោលភ្លាមៗ។

លោក តូច ចៅកុយ បានឲ្យដឹងថា នៅព្រឹកជាមួយគ្នានោះដែរ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានសហការជាមួយ មន្ត្រីមន្ទីរពិសោធន៍ ចល័តផ្នែកប្រេងឥន្ទនៈ ចុះត្រួតពិនិត្យគុណភាព និងបរិមាណនៅតាមស្ថានីយ៍ និងដេប៉ូបាន០៦កន្លែង (ដោយមានបញ្ហា ដាច់ចរន្តអគ្គីសនី) ចាប់ពីស្រុកបាកាន មកដល់ក្រុងពោធិ៍សាត់។ ជាលទ្ធផល យើងរកឃើញដេប៉ូសាវីម៉ិចតែមួយប៉ុណ្ណោះ ដែលលក់ប្រេងសាំងធម្មតា ធ្វើសាំងស៊ុបពែរ និងមិនគ្រប់លីត យើងក៏បានធ្វើកិច្ចសន្យាអោយកែប្រែ។

លោកប្រធានសាខាកាំកុងត្រូល បានបន្តថា បន្ទាប់ពីបានរកឃើញលទ្ធផលនេះហើយ មន្រ្តីជំនាញអគ្គនាយកដ្ឋានកាំកុងត្រូល បានធ្វើការណែនាំដល់ពួកគេ និងចាប់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពនូវការកេងបន្លំបែបនេះបន្តទៀត។

លោកក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ ប្រេងឥន្ទនៈទាំងអស់ត្រូវបញ្ឈប់ការកេងបន្លំទាំងបរិមាណ និងគុណភាពក្នុងការលក់ជូនអតថិជនជាបន្តទៀតបើមិនដូច្នេះមន្ត្រីជំនាញ នឹងអនុវត្តន៍ទៅតាមផ្លូវច្បាប់យ៉ាងមឺងម៉ាត់បំផុត៕