(សៀមរាប)៖ សន្និសីទព័ត៌មានប្រកាសជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី​ នឹងធ្វើឡើងលើកដំបូងនៅកម្ពុជា នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

ក្នុងព្រឹត្តិការណ៍ប្រកបដោយកិត្តិយសឧត្តុងឧត្តមសម្រាប់កម្ពុជានេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី ២៦ប្រទេសនៅទូទាំងអាស៊ី។ នៅថ្ងៃនេះ វាគ្មិនជាតិ និងអន្តរជាតិ ចូលរួមក្នុងកិច្ចពិភាក្សាតុមូលទៅលើប្រធានបទសំខាន់ៗចំនួន៤រួមមាន៖ ១. ការលេចឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះ និងអត្តសញ្ញាណអាស៊ី ២. ការតភ្ជាប់រវាងវប្បធម៌ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង ៤.ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។

ប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រកាសពីការបង្កើតជាផ្លូវការ នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ ដែលជាដែនជង្រុកវប្បធម៌ និងប្រាង្គប្រាសាទរបស់កម្ពុជា នៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ។

បន្ទាប់ពីកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ទាំង៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយស នៃ ACC នឹងថ្លែងចំណាប់អារម្មណ៍នៅពេលល្ងាច ដើម្បីប្រកាសពីការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ រួចសម្ដេចនឹងអញ្ជើញជាអធិបតីក្នុងពិធីលៀងសោយភោជន៍ នៅទីលានជល់ដំរីនៃប្រាសាទបាយ័ន ដោយមានវត្តមានភ្ញៀវជាង៨០០នាក់ មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិ៕