(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយធនាគារកណ្ដាលឡាវ ដែលមានការចូលរួមពីលោក Sonexay SITPHAXAY ទេសាភិបាលធនាគារកណ្តាលឡាវ។

កិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្ដាលទាំង២ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដែលមានបំណងរឹតចំណងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមិត្តភាពក៏ដូចជា ផ្លាស់ប្តូរបទពិសោធន៍រវាងធនា​គា​រ​កណ្តាលទាំងពីរ។

ក្នុងកិច្ចប្រជុំទ្វេភាគីនេះធនាគារកណ្តាលទាំងពីរ បានពិភាក្សាលើការអភិ​វឌ្ឍ​ម៉ាក្រូសេដ្ឋកិច្ច​ និងវិស័យធ​នា​គា​រព្រមទាំងបានកំណត់ទិសដៅចម្បងៗ នៃកិច្ចសហប្រតិបត្តិការលើការអនុវត្តការងារ ផ្សេងៗ ដែលមានសារៈសំខាន់ សម្រាប់ធនាគារកណ្តាលទាំងពីរ។

លោក ជា ចាន់តូ ឲ្យដឹងថា ធនាគារជាតិ នៃកម្ពុជាពិតជាមានក្តីសោមនស្សរីករាយ ជាអនេក ដែលលោក Sonexay SITPHAXAY ទេសាភិបាលនៃធនាគារកណ្តាលឡាវ និងគណៈប្រតិភូ បានចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ រវាងធនាគារកណ្តាលទាំងពីរ នៅរាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា។

លោកបន្ដថា «ក្នុងឆ្នាំនេះធនាគារជាតិបានស្នើសុំ រៀបចំកម្មវិធីប្រជុំនៅកម្ពុជាជាប់គ្នាពីរឆ្នាំ ក្នុងគោលបំណងអបអរសាទរចំពោះលោក Sonexay SITPHAXAY ដែលទើបតែងតាំងជា ទេសាភិបាលនៃធនាគារកណ្តាលឡាវនាពេលថ្មីៗនេះ ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកនឹងធ្វើឲ្យធនាគារកណ្ដាលឡាវ នឹងបន្ដការរីកចម្រើនព្រមទាំង សម្រេចបានសមិទ្ធផលគាប់ប្រសើរនាពេលអនាគត»

លោកបន្ថែមថា កិច្ចសហប្រតិបត្តិការធនាគារកណ្តាលទំាងពីរ នឹងបន្តភាពជិតស្និទ្ធរឹងមាំជាដរាប ហើយវត្តមានរបស់លោក និងគណៈប្រតិភូនាថ្ងៃនេះពិតជា មានសារៈសំខាន់សម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងបន្ដរឹតចំណងមិត្តភាព, សាមគ្គីភាពរវាងប្រទេសកម្ពុជា។

លោកបន្ថែមថា ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មន្ត្រីជំនាញរបស់ធនាគារកណ្តាលទាំង២ បានផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក, ផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដែលកត្តាទាំងនេះមានសារៈសំខាន់ ក្នុងការពង្រឹងសមត្ថភាពជំនាញព្រមទាំងលើកកម្ពស់ សាមគ្គីភាព និងភាតរភាពរវាងមន្ត្រីក៏ដូចជាស្ថាប័នទាំង២។

សូមជម្រាបថា កិច្ចប្រជុំថ្ងៃនេះត្រូវបានភាគីទាំងពីរ បង្ហាញជំហរថានឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំនៃ ធនាគារកណ្តាលទាំងពីរ ផ្លាស់ប្តូរមតិយោបល់ទៅលើវឌ្ឍនភាពថ្មីៗ ទាក់ទងនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារព្រមទាំង បញ្ហាប្រឈមនានាពិសេស ដើម្បីស្វែងរកលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនាឆ្នាំ២០១៩ និងនាពេលខាងមុខសំដៅអភិវឌ្ឍវិស័យធនាគារ ប្រកបដោយភាពរឹងមាំ និងគាំទ្រដល់ការរីកចម្រើននៃ ទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ៕