(ភ្នំពេញ)៖ ស្ត្រីមេម៉ាយ វ័យចំណាស់ក្រីក្រម្នាក់ ឈ្មោះ ឡឹប ទីហ្វាស់ ត្រូវបានអ្នករស់នៅក្នុងក្រុមទី៥ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ អះអាងថា រាល់ថ្ងៃរស់នៅដោយគេដាក់ទានឲ្យ ដោយសារតែមានកូន២នាក់ ជាជនញៀនថ្នាំ និងវាយធ្វើបាបឈឺជើងដើរទៅណាមិនរួច បាននិងកំពុងតែគ្មានអង្ករច្រកឆ្នាំងដាំហូប។

ជាក់ស្ដែងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩​ បានទទួលការឧបត្ថម្ភជួយសង្គ្រោះភ្លាមៗ ជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកាផងដែរ ពីលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ជាមួយមន្ត្រីជាសហការីពាក់ព័ន្ធ ក្រោយពីមានការណែនាំយកចិត្តទុកដាក់ពីលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងជាអភិបាលខណ្ឌ។

នាឱកាសជួយសង្គ្រោះស្ត្រីក្រីក្រខាងលើនេះ លោកស្រី អាន ផល្លា បានថ្លែងថា អំណោយជាគ្រឿងឧបភោគបរិភោគ ក៏ដូចជាសម្ភារ និងថវិកាមួយចំនួន ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ជំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកមកឧបត្ថម្ភជូនក្នុងគ្រាអាសន្ននេះ ថ្វីដ្បិតតែមិនមានចំនួនច្រើន ប៉ុន្តែជាទឹកចិត្តសប្បុរសធម៌មួយ ដើម្បីចែករំលែកគ្នា ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវរូបនេះ បានថ្លែងទៀតថា សកម្មភាពនេះដែរ ត្រូវបានរៀបចំឡើងជាបន្ទាន់ភ្លាមៗ ក្រោយពីលោក ជា ពិសី ប្រធានអនុគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ បានឃើញគណនី Facepook មួយមានឈ្មោះ ខ្ញុំបាទរ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា បង្ហោះសាររៀបរាប់ពីទុក្ខលំបាក៕