(ចិន)៖ ក្រុមហ៊ុន WeChat ដែលផ្ដល់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម ដែលពេញនិយមជាងគេនៅប្រទេសចិន បានចេញផ្សាយរបាយការណ៍មួយកាលពីពេលថ្មីៗនេះ ដែលរៀបរាប់អំពីការផ្លាស់ប្តូរទម្លាប់ រស់នៅរបស់អ្នកប្រើកម្មវិធីនេះ។

របាយការណ៍បានឱ្យដឹងថា អ្នកប្រើ WeChat សកម្មជិត១ពាន់១រយលាននាក់ តែងផ្ញើសារសរុបទាំងអស់ប្រហែល៤៥ពាន់លានសារនៅក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ របាយការណ៍ក៏រកឃើញការផ្លាស់ប្ដូរទម្លាប់ ចូលគេងរបស់អ្នកប្រើកម្មវិធីដែរ។

លោក ហ្វ៊ូ ហ្វ៉ាន ប្រធានផ្នែកវិភាគទិន្នន័យ ក្រុមហ៊ុន WeChat និយាយថា «យើងរកឃើញថា អ្នកប្រើកម្មវិធីរបស់យើង ចូលគេងយឺតជាងមុន។ ជាមធ្យម ពួកគាត់ចូលគេងនៅម៉ោង១១កន្លះយប់ គឺយឺតជាងឆ្នាំ២០១៥ប្រហែល១ម៉ោងកន្លះ»

ក្រុមហ៊ុនរកឃើញថា អ្នកប្រើដែលកើតក្រោយទសវត្ស៨០ និង៩០ ចំណាយពេលប្រហែល៨នាទីជាមធ្យមដើម្បីតេទូរស័ព្ទជាវីឌីអូ។ ឯអ្នកដែលអាយុច្រើនជាងនេះវិញ ចំណាយពេលយូរជាងបន្តិច ហើយមនុស្សក្នុងជំនាន់ខុសៗគ្នា ចូលចិត្តប្រើរូប emoji ខុសៗគ្នា។ ម្យ៉ាងទៀត សេវាបង់ប្រាក់តាមទូរស័ព្ទរបស់ WeChat បានក្លាយជាផ្នែកដ៏សំខាន់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់អ្នកប្រើជាច្រើននាក់ មិនថាចាស់ឬក្មេងនោះទេ។

លោក ប៉ាយ ចឹងជា ប្រធានផ្នែកប្រតិបត្តិការ កម្មវិធី WeChat Pay និយាយថា «សេវាបង់ប្រាក់WeChat បានក្លាយជាមធ្យោបាយស្នូលរបស់អ្នកប្រើគ្រប់ស្រទាប់វណ្ណៈតែម្ដង សម្រាប់តភ្ជាប់ទំនាក់ទំនងរវាងអាជីវករ និង អតិថិជន។ បើគិតត្រឹមពាក់កណ្ដាលខែតុលា២០១៨ សេវាបង់ប្រាក់WeChat មានកំណើនការប្រើប្រាស់ចំនួន៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧»

តែអ្នកជំនាញខ្លះជឿថា ភាពមានប្រៀបក្នុងទីផ្សាររបស់ WeChat អាចនឹងប្រឈមនឹងសម្ពាធខ្លះ ពីការផ្លាស់ប្តូរជាទូទៅនៃទម្លាប់អនឡាញរបស់អ្នកប្រើ។

លោក ម៉ាធូ ប្រ៊ែននឹន អ្នកវិភាគវិស័យបច្ចេកវិទ្យានិយាយថា «កត្តាប្រឈមនេះ គឺសំដៅទៅលើការដែលអ្នកប្រើកម្មវិធី កំពុងចំណាយពេលកាន់តែច្រើនជាងមុន ដើម្បីប្រើសេវានិងផលិតផលរបស់ក្រុមហ៊ុន Byte Dance ដូចដែលយើងឃើញជាក់ស្ដែងក្នុងអំឡុងពេលពីរបីឆ្នាំចុងក្រោយនេះ»

ដោយប្រឈមនឹងប្រជាប្រិយភាពរបស់កម្មវិធីផ្សាយវីឌីអូខ្លីៗដូចជាកម្មវិធី Tik Tok ក្រុមហ៊ុន WeChat កាលពីខែមុនបាន update កម្មវិធីរបស់ខ្លួនជាលើកដំបូង បើគិតចាប់ពី៤ឆ្នាំមុនមក ដោយគេដាក់ឱ្យប្រើមុខងារដ៏ធំមួយឈ្មោះថា «Time Capsule»។ មុខងារថ្មីនេះ គឺស្រដៀងគ្នានឹងមុខងារ «Instagram Stories» ដែលអនុញ្ញាតឱ្យអ្នកប្រើកម្មវិធី អាចបង្ហោះវីឌីអូដែលមើលលែងឃើញនៅថ្ងៃបន្ទាប់។

ដោយហេតុថា ឧស្សាហកម្មអ៊ីនធើណេតប្រទេសចិន មានការប្រកួតប្រជែងខ្លាំង សូម្បីតែក្រុមហ៊ុនដែលមានប្រជាប្រិយភាពខ្លាំងជាងគេដូចជា WeChat ក៏មិនគួរវាយតម្លៃតម្រូវការរបស់អតិថិជនខុសដែរ។ ហើយ២០១៩ គឺជាឆ្នាំប្រកួតដ៏គួរឱ្យចាប់អារម្មណ៍រវាងក្រុមហ៊ុនកំពូលៗផ្នែកកម្មវិធីទូរស័ព្ទដៃនេះ៕ (សារព័ត៌មាន CCTV របស់ចិន)