(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌដូនពេញ​ បានបើកប្រតិបត្តិការឆ្មក់ ចូលបង្ក្រាបទីតាំងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន​មួយកន្លែង​ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ​២នាក់ និងដកហូតក្រាមសថ្លាចំនួន១២៦កញ្ចប់តូច-ធំ។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង១២៖៣០នាទី រសៀល​ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង​២នាក់ រួមាន៖ ទី១-ឈ្មោះ ទន់ ប៊ុនរឹទ្ធ អាយុ​៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន)​ ស្នាក់នៅនៅចំណុចសំណងមិនរៀបរយ ផ្លូវរថភ្លើងR៦ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ និងទី២ ឈ្មោះ ស៉ីន សុខវាសនា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនពិតប្រាកដ​ (ប្រើប្រាស់)​ ស្នាក់នៅនៅចំណុចសំណង់មិនរៀបរយ ផ្លូវរថភ្លើងR៦​ ក្រុម២២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន អធិការងខណ្ឌដូនពេញ បានឲ្យដឹងថា ​ដោយអនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តន៍ គោលការណ៍ដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១ បន្តការស្រាវជ្រាវបង្ក្រាបបទល្មើស ជួញដូរគ្រឿងញៀន លួច ឆក់ និងប្លន់ ដើម្បីរក្សារបាននូវ ភូមិ ឃុំ មានសុវត្ថិភាព កម្លាំងនគរបាលខណ្ឌបានចុះឃាត់ជនសង្ស័យម្នាក់ កំពុងតែធ្វើសកម្មភាពជួញដូរសារធាតុញៀន យ៉ាងអនាធិបតេយ្យ នៅចំណុចផ្លូវរថភ្លើង និងដកហូតក្រាមសរថ្លា ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន​ ១២៥កញ្ចប់តូច និង១កញ្ចប់ធំ, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ក្រោយបញ្ចប់ប្រតិបត្តិការនេះ កម្លាំងនគរបាលខណ្ឌដូនពេញ បានបញ្ជូនជនសង្ស័យ រួមជាមួយនឹងវត្ថុតាង យកទៅកាន់អធិការដ្ឋានដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕