(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផល ការងាររបស់ខ្លួនឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាព្រឹកថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

តាមកម្មវិធីដែលបានគ្រោងទុក សន្និបាតនឹងដំណើរការទៅរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃនេះ ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្រ្តីរាជការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់ពីថ្នាក់ដឹកនាំតាមការិយាល័យឡើងទៅ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៦, អង្គការអន្តរជាតិ និងតំណាងវិស័យឯកជនសំខាន់ៗចំនួន៧។

លោកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានលើកឡើងពីសមិទ្ធផលសំខាន់ៗជាច្រើន ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រេចបានក្នុងការជំរុញ និងអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ក្នុងឆ្នាំ២០១៨ និងក្នុងរយៈពេលមួយអាណត្តិកន្លងទៅ។

ជាងនេះទៅទៀត លោកបានបន្តថា សន្ទុះនៃការរីកចម្រើនក្នុងវិស័យឧស្សាហកម្ម បានរួមចំណែកមួយផ្នែកធំដល់កំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការធ្វើឲ្យផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ឆ្នាំ២០១៨កន្លងទៅ វិស័យឧស្សាហកម្មបានចូលរួម ក្នុងកំណើននៃផលិតផលក្នុងស្រុកសរុប(ផសស) ដែលប៉ាន់ស្មានមាន ៣២,៤% ដែលកាលពីឆ្នាំមុនមានត្រឹម ៣០,៩% ហើយបានបង្កើនអនុបាតវិស័យឧស្សាហកម្ម ប្រមាណជា ១០,៩% ដែលឆ្នាំ២០១៧ មានតែ ៩,៥%។

លោកកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏មានឆន្ទៈសិក្សាស្រាវជ្រាវ និងចាប់យកឱកាសពីការរីកចម្រើន នៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលស្តែងឱ្យឃើញពីការវិវត្តន៍ នៃភាពរីកចម្រើនបច្ចេកវិទ្យានៃពិភពលោក ហើយដែលអាចជះឥទ្ធិពលដល់ការធ្វើឲ្យផ្លាស់ប្តូរយ៉ាងលឿន ដល់វិស័យផលិតកម្ម ឧស្សាហកម្ម សំដៅជំរុញឱ្យមានការកែលម្អ​ ខ្សែចង្វាក់ផលិតកម្ម ការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ នៅក្នុងវិស័យឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥, ព្រមទាំងគោលនយោបាយ និងយុទ្ធសាស្ត្រផ្សេងៗទៀត ដែលត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៥ កន្លងទៅ ដែលកិច្ចខិតខំទាំងអស់នោះ បាននាំមកនូវសមិទ្ធផលនានាគួរជាទីមោទនៈ និងបានធ្វើឱ្យវិស័យឧស្សាហកម្មកម្ពុជា មានការអភិវឌ្ឍរីកចម្រើនពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ដែលការណ៍នេះ បានចូលរួមវិភាគទានយ៉ាងសំខាន់ ដល់ការរក្សាកំណើនសេដ្ឋកិច្ចជាតិ៕