(សៀមរាប)៖ ក្នុងនាមប្រធានលើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) សម្តេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា រយៈពេល២៧ឆ្នាំមកនេះ APPF បាននាំមកនូវសមិទ្ធផលជាច្រើន ដែលជាមោទនភាពស្តែងចេញពីសកម្មភាព និងឧត្តមគតិ APPF ទាំងអស់ ហើយសមិទ្ធផលទំាងនោះ បានបង្ហាញឲ្យឃើញនូវសុខដុមនីយកម្ម នៃប្រជាជាតិនៅអាស៊ី-ប៉ាស៊ីហ្វិក​ទាំងមូល​។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា បេសកកម្មរបស់វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក មិនត្រឹមតែបង្ហាញពីសាមគ្គីភាព មិត្តភាព ឯកភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងរង្វង់គ្រួសារ APPF ប៉ុណ្ណោះទេ តែជាកាតព្វកិច្ចរបស់ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបង្កើតចក្ខុវិស័យច្បាស់លាស់មួយ ក្នុងការកសាងសន្តិភាព និងវិបុលភាព សម្រាប់មនុស្សជំនាន់ក្រោយ។

សម្តេច​ពញាចក្រី ហេង សំរិន ដែលជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានលើកឡើងបែបនេះ នៅក្នុងឱកាសសម្តេចទទួលបានអនុញ្ញាតឲ្យ ប្រធានគណៈប្រតិភូ ប្រទេសសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ថា APPF ប្រទេសសង្កេតការណ៍ និងអង្គការដៃគូ ដែលអញ្ជើញមកចូលរួម កិច្ចប្រជុំប្រចំាឆ្នាំAPPF ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា និងសាលសន្និសីទ នាខេត្តសៀមរាប។

វេទិកាសភា អាស៊ីប៉ា-ស៊ីហ្វិក បានបង្កើតនៅឆ្នាំ១៩៩៣ ក្នុងប្រទេសជប៉ុន ដែលរហូតមកដល់ពេលនេះ មានសមាជិកចំនួន២៧ប្រទេស។ សភា​កម្ពុជា ដែលជាសមាជិកមួយរបស់ APPF បានកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចំាឆ្នាំនៃវេទិកាសភានេះ នៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩។

ក្នុងនាមសភាកម្ពុជា សម្តេច​ពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សមាជិក APPF ដែលបានអញ្ជើញមកដល់​កម្ពុជានាពេលនេះ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានរបស់គ្រួសារ APPF នៅលើទឹកដីអង្គរនាឱកាសនេះ បានផ្តល់កិត្តិយស និងលើកទឹកចិត្តដល់សភាកម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំពេលនេះ ឲ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងការរួមវិភាគទាន ដ៏មានតម្លៃ​ក្នុងការពង្រឹងប្រសិទ្ធភាព នៃការពិភាក្សាស្វែងរកដំណោះស្រាយរួមរបស់តំបន់ ជាពិសេសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព របស់គ្រួសារ APPF​៕​