(ភ្នំពេញ)៖ បុរសម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួន បានអុកឡុកនៅក្នុងរង្វង់គ្រួសារ ថែមទាំងយករបស់របរកង់ឡាន ទៅដុតក្បែរបន្ទប់ជួលថែមទៀត ព្រោះសុំលុយម្តាយ១០ដុល្លារ​មិនបាន រហូតឪពុកហៅសមត្ថកិច្ច ដើម្បីចុះយកទៅអប់រំ បែរត្រូវជនបង្កវាយឱ្យរងរបួសទាំងសមត្ថកិច្ច និងប្រជាការពារ២នាក់ នៅខណ្ឌបោធិ៍សែនជ័យ។

សមត្ថកិច្ចមូលដ្ឋាន បានថ្លែងឱ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះថា ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ប្រជាពលរដ្ឋក្បែរខាង​និងប្រជាការពារភូមិ​ចុះមកឃាត់ទាញសោដែក វាយប្រជាការពារ​រងរបួសរលាត់ដៃម្នាក់ ដែលធ្វើឱ្យម្តាយរបស់ជននោះ ទ្រាំលេងបាន ក៏សម្រេចចិត្តប្តឹងទៅនគរបាលប៉ុស្តិ៍ចោមចៅទី២ ជួយអន្តរាគមន៍យកកូនរបស់ខ្លួនមកធ្វើការអប់រំ។
តែក្រោយពេលនគរបាល ចុះទៅដល់កន្លែងកើតហេតុ និងចូលឃាត់នាំខ្លួនជនបង្កនោះមកធ្វើការអប់រំនៅប៉ុស្តិ៍នោះ ក៏ស្រាប់តែបានតដៃវាយនគរបាលម្នាក់ឱ្យ របួសបែកមាត់ ខណៈក៏មានបុរស២នាក់ ដែលជាប្អូនថ្លៃ​និងប្អូនបង្កើតចូលមកជួយវាយរំដោះបន្ថែមទៀត ត្រូវនគរបាលចាប់ឃាត់ខ្លួន ទាំង៣នាក់​តែម្តង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅយប់ម៉ោង០៨៖៣០នាទី ថ្ងៃទី ១៤ មករា ២០១៩ នៅចំណុចផ្លូវបេតុងខាងក្រោយបុរី ផុនស៊ុយ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ ប្រាក់ ទង​ភេទប្រុស​អាយុ២៨ឆ្នាំ មុខរបររត់តាក់ស៊ី​ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​មានសារធាតុញៀនជាជនបង្ក, ទី២៖ ប្រាក់​ថង អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ​ស្នាក់នៅភូមិទួលពង្រ​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ និងទី៣៖ ឈ្មោះ​ឈៀង​លី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរក្រុមហ៊ុនឯកជនធ្វើអំពូលភ្លើង​ស្នាក់នៅភូមិទួលពង្រ​សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ ទាំង២នាក់ នេះមកជួយឈ្មោះ ប្រាក់ ទង។

មន្ត្រីនគរបាលដដែល​បានបន្ថែមថា មុនពេលកើតហេតុកាលពីវេលាម៉ោង ជាង៥ល្ងាចថ្ងៃ១៤ ខែមករា ឆ្នាំ២០១៩ ម្សិលមិញ ជនសង្ស័យឈ្មោះ ប្រាក់ ទង បានយកកង់ឡាន មកដុតនៅក្បែរបន្ទប់ជួល ធ្វើឱ្យអ្នកជិតខាងភ័យខ្លាច ក៏បានរាយការណ៍ទៅមេភូមិ ភ្លាមៗក៏មានប្រជាការពារសង្កាត់មួយរូប​ចុះបមកសួរនាំ និងហាមមិនឱ្យដុតទៀត តែផ្ទុយទៅវិញ បុរសនោះបានយកសោរ វាយប្រជាការពាររលាត់ដៃ​បែកមាត់ ក្រោយមកក៏មានការសម្របសម្រួលសងជំងឺចិត្តចំនួន៣០ម៉ឺនរៀល​ទៅឱ្យប្រជាការពារភូមិ។

លុះដល់ម៉ោងកើតហេតុ ៨៖៣០នាទី ឪពុកជនបង្ករហេតុបានទូរស័ព្ទ ហៅឱ្យសមត្ថកិច្ចគរបាលយកទៅប៉ុស្តិ៍ យកទៅធ្វើការអប់រំ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះទៅដល់ជនសង្ស័យស្ទុះវាយ ទៅលើសមត្ថកិច្ចត្រូវ២ទៅ៣ដៃ ទើបផ្អើលសុំកម្លាំងជំនួយអន្តរាគន៍ ចុះឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ យកមកប៉ុស្តិ៍សួរនាំ។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានកំម្លាំងប៉ុស្តិ៍ចោមចៅទី២ ឃាត់ខ្លួនដើម្បីយកមកសួរនាំ និងធ្វើតេស្តទឹកនោមរកឃើញសារធាតុញៀន របស់ឈ្មោះ ប្រាក់ ទង។ ចំណែកបក្ខពួក២នាក់ទៀត ដែលជាអ្នកមកវាយសមត្ថកិច្ច ដើម្បីរំដោះជនបង្កមិនមានផ្ទុកសារធាតុញៀននោះទេ ក៏ប៉ុន្តែអ្នកទាំង២ ក៏កំពុងស្ថិតក្រោមការសាកសួរ ដើម្បីត្រៀមបញ្ជូនក្រុមជនសង្ស័យទាំងនេះទៅកាន់ផ្នែកជំនាញ ខណ្ឌដើម្បីការចាត់ការបន្តតាមជំនាញ៕