(រតនគិរី)៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ​រៀបចំប្រកាស​តែងតាំងផ្ទេរភារកិច្ច ​និងតម្លើងឋានន្តរស័ក្តិ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តរតនគិរី ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាង​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក លន់ សុភាព អភិបាលរងខេត្ត។

តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីកាផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងតម្លើងឋានន្ត​រស័ក្តិមន្រ្តីនគរបាលជាតិ សម្រេចផ្ទេរភារកិច្ចការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិ​រី ចំនួន១៤រូប, ផ្ទេរភាកិច្ច និងតម្លើងឋានន្តរស័ក្តិ អធិការដ្ឋាននគរបាលស្រុកចំនួន៥រូប។​

លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានថ្លែងដោយ​សម្តែងនូវការអបអរសាទរ ដែល​នាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើ​តែងតាំង និងផ្ទេរភារកិច្ច ដល់មន្រ្តីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីចាស់ និងថ្មី ហើយការតែងតាំង និងផ្ទេរភារកិច្ចនាពេលនេះ គឺជាកិច្ចការផ្លាស់ប្តូររដ្ឋបាលធម្មតា តាមកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា។​

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ប៉ែន វិបុលក ក៏បានណែនាំ​ស្នងការរងនគរបាលខេត្តរតនគិរី ទើបប្រកាសផ្ទេរភារកិច្ច និងតម្លើងឋានន្តរស័ក្តិថ្មី ត្រូវសិក្សា​ និងយកគំរូតាមអ្នកចាស់ ហើយត្រូវស្វែងយល់ពីភូមិសាស្ត្រ និងថ្នាក់ក្រោម តើកងកម្លាំងចង់បានអ្វី? ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។ ដោយឡែក ចំពោះថ្នាក់ក្រោមវិញ ក៏ត្រូវស្វែងយល់ និង​គោរព​ថ្នាក់លើរបស់ខ្លួនវិញ ដែលទាំងអស់នេះ​សម្រាប់សម្រួលដល់ការងារ​ឲ្យបានជោគជ័យ និងដំណើរការងារដោយរលូន។

ទន្ទឹមនោះដែរ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ក៏បានផ្ដាំផ្ញើ​បន្ថែម​ដល់លោកស្នងការរងទទួលផែនទាំងអស់ ចាប់ពីថ្ងៃនេះតទៅ ត្រូវតែបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹង និងបង្កើតសមត្ថភាព របស់មន្ដ្រីទាំងអស់ មិនត្រូវប្រកាន់បក្ខពួក ឬក្រុមណាឡើយ គឺត្រូវធ្វើការងាររួមគ្នាជូនប្រជាពលរដ្ឋ ឲ្យស្របតាមអ្វី​ដែលថ្នាក់ដឹកនាំប្រគល់ជូន៕