(កំពង់ចាម)៖ នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ខ្នង នៅភូមិទ្រមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ត្រូវ​បានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យខូចខាត ផ្ទះទាំងស្រុង រួមទាំងបានបំផ្លាញទ្រព្យសម្បត្តិអស់មួយចំនួនធំថែមទៀតផង ប៉ុន្តែមិនបានបង្ករគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

បើតាមលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននោះភ្លាម លោកបានដឹកនាំបញ្ជាកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដោយផ្ទាល់ ដោយមានការចូលរួមសហការពីកម្លាំងជំនាញពន្លត់អគ្គិភ័យខេត្ត និងស្រុកជើងព្រៃ ចុះជួយធ្វើអន្តរាគមន៍ពន្លត់ករណីអគ្គិភ័យឆាបឆេះនេះ រហូតមកដល់ម៉ោង១១៖៥០នាទី ទើបគ្រប់គ្រងស្ថានការបានទាំងស្រុង និងមិនបណ្តាលឱ្យរាលដាលឆាបឆេះផ្ទះ អ្នកក្បែរខាងនោះទេ។

ជាមួយគ្នានោះ សមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យស្រុកព្រៃឈរ២គ្រឿង ប្រើប្រាស់ទឹក៥ស៊ឺទែន រថយន្តពន្លត់អគ្គីភ័យស្រុកជើងព្រៃ ១គ្រឿង ប្រើប្រាស់ទឹក១ស៊ឺទែន រថយន្តពន្លត់អគ្គីភ័យខេត្ត២គ្រឿង ប្រើប្រាស់ទឹក ២ស៊ឺទែន។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្តាលឱ្យខូចខាត រួមមាន៖

*ទី១៖ ផ្ទះរបស់ឈ្មោះ លុយ វុន ភេទប្រុស អាយុ៤៨ឆ្នាំ មានទំហំ៦ម៉ែត្រX៨ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងជញ្ជាំងឈើ ខូចខាតទាំងស្រុក និងសម្ភារ:ខូចខាត រួមមាន ផ្លាកដៃមាសទំងន់២ជី, ម៉ូតូ ១គ្រឿង ម៉ាកសាន់យាន់, ប្រាក់ ១០០ដុល្លារ, ខ្សែកផ្លាកទីន ទំងន់២ជី និងសម្ភារ:មួយចំនួនទៀត។

*ទី២៖ ផ្ទះរបស់ឈ្មោះ សំរោង ណត់ ភេទស្រី អាយុ៦១ឆ្នាំ មានទំហំ ៧ម៉ែត្រX ១៣ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងឈើ ខូចខាតទាំងស្រុង និងសម្ភារ:ខូចខាត គ្រែ៦, ទូ១, ទូរទស្សន៍២គ្រឿង។
*ទី៣៖ ផ្ទះរបស់ឈ្មោះ នុន អ៊ុ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រX៧ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសី ខូចខាតទាំងស្រុង និងសម្ភារ:ខូចខាត ប្រាក់១០០ដុល្លារ, មាស១ជី និងសម្ភារ:មួយចំនួនទៀត។
*ទី៤៖ ផ្ទះរបស់ឈ្មោះ វី ភាព ភេទស្រី អាយុ៥៥ឆ្នាំ មានទំហំ៦ម៉ែត្រX៦ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សីជញ្ជាំងសង្ក័សី ខូចខាតទាំងស្រុង និងសម្ភារ:ខូចខាត ស្រូវ៥បេ, សម្ភារ:មួយចំនួនទៀត សមត្ថកិច្ចបានបន្ថែមថា មូលហេតុមិនទាន់កំណត់បាននោះទេ កម្លាំងអធិការដ្ឋានកំពុងធ្វើការស្រាវជ្រាវ​៕