(សៀមរាប)៖ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ មកកាន់វេទិកាក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលជាវេទិកាលើកដំបូងគេ ត្រូវបានប្រទេសសមាជិក ផ្តល់ទំនុកចិត្តជូនកម្ពុជា ធ្វើជាម្ចាស់ផ្ទះដំបូងគេ លោកបណ្ឌិត Jusuf Muhammad Kalla អនុប្រធានាធិបតីឥណ្ឌូណេស៊ី និងលោកស្រី បានដឹកនាំគណៈប្រតិភូរបស់ខ្លួន​មកដល់កម្ពុជា រាត្រីថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩ នៅអាកាសយាន្តដ្ឋានអន្តរជាតិក្រុងសៀមរាប។

ការអញ្ជើញដល់របស់លោកអនុប្រធានាធិបតី ត្រូវបានទទួលបដិដណ្ឋារកិច្ចដោយ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ព្រមទាំងឥស្សរជនគណបក្សប្រជាជនកម្ពុជាជាច្រើនរូប និងឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។​

រាជដ្ឋាភិបាលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីអង្គរខេត្តសៀមរាប ពីថ្ងៃទី១៤-១៦ ខែមករា ត្រូវបានអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី​២៦ប្រទេសនៅទូទាំងអាស៊ី។​

កិច្ចប្រជុំនេះ ​ដឹកនាំដោយសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលត្រូវបានបោះឆ្នោតឯកភាពឲ្យធ្វើជាប្រធានស្ថាបនិកកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ពីសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP៕