(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះ មានកម្លាំងប្រដាប់អាវុធ និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះទៅកាយប្រឡាយការពារ តំបន់ក្បាលឆាយ ស្របតាមនិយាមការ នៃអនុក្រឹត្យលេខ១១៦ និង (សជណ) ថ្មី របស់រដ្ឋាភិបាល ដើម្បីហ៊ុមព័ទ្ធកុំឲ្យមានការលួចចូល ទៅទន្ទ្រានជាបន្តទៀត។

ជាក់ស្ដែងនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ គ្រឿងចក្រ (អេស្កា) ចំនួន២គ្រឿង កំពុងដំណើរកាយ ដោយមានក្រុមការងារ កងកម្លាំងប្រដាប់អាវុធ នៅការពារផងដែរ។ កន្លងមក រដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានកាយប្រឡាយ ការពារតំបន់ក្បាលឆាយនេះ បានមួយចំណែកហើយដែរ តែត្រូវផ្អាកមួយរយៈ ដោយសារស្ថានភាពភ្លៀងខ្លាំងពេក។

ឆ្លៀតឱកាស នៃការផ្អាកកាយនេះ ក៏មានក្រុមអនាធិបតេយ្យនាំគ្នាលបលួច មកតាំងលំនៅ និងទន្រ្ទានកាប់ បើទោះជារដ្ឋបាលខេត្តព្រះសីហនុ បានដាក់បម្រាមហាមឃាត់ទប់ស្កាត់ និងអប់រំណែនាំយ៉ាងណា តែពួកគេមិន ដែលស្តាប់តាមការណែនាំនេះឡើយ ហើយបន្តនាំគ្នាលួចចូលទន្ទ្រានព្រៃការពារ នៅតំបន់នេះជាបន្តបន្ទាប់។

លោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងក្បាលឆាយនេះ ចាំបាច់ត្រូវតែរក្សាឲ្យបាន ព្រោះវាជាប្រភពទឹកសាបតែមួយគត់ ដែលមិនអាចខ្វះបានសំរាប់ប្រើប្រាស់ នៅទូទាំងខេត្តព្រះសីហនុទាំងមូល។

ជាមួយគ្នានោះ លោកអភិបាលរងខេត្ត បានបញ្ជាឲ្យបុគ្គលដែលបានលួចសង់ផ្ទះ នៅតំបន់ហាមឃាត់នេះ ត្រូវរុះរើចេញ ហើយគួរឈប់ដេកស្រម៉ៃតទៅទៀត មកទិញថោកៗ ស្ងាត់ៗ តែគ្នាឯងលោតឆ័ត្រ ដើម្បីបានការដោះដូរ គោលនយោបាយពីរដ្ឋទៀតឲ្យសោះ។

លោក ស្រ៊ុន ស្រ៊ន់ បានក្រើនរំលឹកដោយទទូចចំពោះបុគ្គលទាំងឡាយណា ដែលបានចូលទៅតាំងលំនៅដោយខុសច្បាប់ នៅតំបន់ហាមឃាត់ខាងលើនេះ ដោយចេតនាក្តី ឬដោយចាញ់ការអូសទាញញុះញង់ ពីក្រុមមេក្លោងអនាធិបតេយ្យក្តី សូមដកខ្លួនចេញជាបន្ទាន់។ ចាប់ពីពេលនេះតទៅ រដ្ឋបាលខេត្តព្រះសីហនុ នឹងចាត់វិធានការក្តៅ ចំពោះបុគ្គលល្មើស ដោយគ្មានការយោគយល់ទៀតឡើយ។

សូមបញ្ជាក់ថា កន្លងទៅនេះ ពលរដ្ឋដែលបានតាំងទីលំនៅយូរហើយ ជាច្រើនគ្រួសារនៅលើតំបន់ក្បាលឆាយនេះ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការជំលៀសចេញពីតំបន់ប៉ះពាល់ទឹកស្អាត ដោយផ្តល់ជាចំណែកដី គោលនយោបាយរៀបចំ ជាឡូត៍ៗ មានហេដ្ឋារចនាសម្ព័ន ផ្លូវ ទឹក ភ្លើង ជូនពួកគាត់ដើម្បីរស់នៅស្របច្បាប់។

ឃើញបែបនេះ ក្រុមពលរដ្ឋដទែទៀត មកពីតំបន់ផ្សេងៗ (ខេត្តផ្សេង) បានអូសទាញគ្នីគ្នា លបមកតាំងលំនៅដោយខុសច្បាប់ ដែរតាមមធ្យោបាយផ្សេងៗ។ ជាការកត់សំគាល់ ពួកគាត់បានចូលមកច្រើន គ្រាដែលរដូវកាលបោះឆ្នោតចូលមកដល់។

ក្រុមពលរដ្ឋទាំងនេះ ត្រូវបានគេដឹងថាមានខ្សែរយៈ ជួយរត់ការប្រមូលស្នាមមេដៃតវ៉ា ទៅថ្នាក់ជាតិ ដើម្បីសុំជួយអន្តរាគមន៍ផងដែរ ដើម្បីបានដីនេះ កាន់កាប់ទោះបីជាពូកគាត់ បានដឹងហើយថា ទីនេះត្រូវបានរាជរដ្ឋាភិបាល កំណត់ជាតំបន់ការពារហើយក្តី ត្រូវហាមឃាត់ក្តី។

ទោះជាយ៉ាងណាបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារតំបន់ប្រភពទឹកសាបក្បាលឆាយ ឲ្យបានគង់វង្សស្របតាមការណែនាំ របស់រាជរដ្ឋាភិបាល ទោះជាត្រូវចំណាយ ក្នុងតំលៃណាក៏ដោយ៕