(សៀមរាប)៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា, ប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC), អនុប្រធានគណៈកម្មាធិការ អចិន្ត្រៃយ៍នៃអាយកាប់ (ICAPP) និងជាសហប្រធាន នៃវេទិកានយោបាយអាស៊ី-អឺរ៉ុប (AEPF) បានលើកឡើងថា ការពង្រឹងសុខដុមរមនាខាងសាសនា គឺជាចំណុចសំខាន់មួយទៀតនៃវប្បធម៌ ដូច្នេះសុខដុមរមនាខាងសាសនា គឺជាមូលដ្ឋានគ្រឹះសម្រាប់ សន្តិភាព វឌ្ឍនភាព និងវិបុលភាព នៅក្នុងទ្វីបអាស៊ី មួយដែលមានពហុសាសនា។

ការលើកឡើងរបស់លោកស្រី​ ឃួន សុដារី បានធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកស្រី បានអញ្ជើញក្នុងពិធីប្រកាសបើកជាផ្លូវការ នូវក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅសណ្ឋាគារ និងមជ្ឈមណ្ឌលពិព័រណ៍ សុខាសៀមរាប ខេត្តសៀមរាប និងមានអញ្ជើញចូលរួមពីសំណាក់កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី, លោក ហូសេ ដឺ វេណេស្យា ប្រធានស្ថាបនិក នៃសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) លោក មូសាហ៊ីត ហ៊ូសេន សាយិត អនុប្រធានអាយកាប់ និងជាអ្នករាយការណ៍ពិសេសរបស់អាយកាប់ (ICAPP), លោកអាន់ដ្រេ ឃ្លីម៉ុស សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអាយកាប់, លោកផាក រ៉ូប្យុគ អគ្គលេខាធិការអាយកាប់ រួមជាមួយភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។

លោកស្រី ឃួន សុដារី បានថ្លែងយ៉ាងដូច្នេះ៖ «នាងខ្ញុំថា ជម្លោះនាពេលបច្ចុប្បន្នដូចជា ជម្លោះនៅមជ្ឈឹមបូព៌ា មីយ៉ាន់ម៉ា និងតំបន់ផ្សេងៗទៀតនៅទ្វីបអាស៊ី គឺមួយផ្នែកបណ្តាលមកពីហេតុ ផលសាសនា ដូច្នេះសុខដុមរមនាខាងសាសនា គឺជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព វឌ្ឍនភាព និងវិបុលភាព នៅក្នុងទ្វីបអាស៊ីមួយដែលមានពហុសាសនា»

ចំណុចនេះលោកស្រី បញ្ជាក់ឱ្យឃើញពីតម្លៃមួយទៀតរបស់ ACC ក្នុងការលើកកម្ពស់កិច្ចប្រឹងប្រែងពង្រឹងការសន្ទនាអន្តរជំនឿ ការបង្កើតនូវចំនុចប្រសព្វ និងបណ្តុះឱ្យមានការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ក្នុងចំណោមជំនឿផ្សេងៗគ្នា។ នៅថ្ងៃនេះ យើងបានជួបគ្នានៅលើទឹកដីអង្គរ ដែលជាបេះដូងនៃអរិយធម៌ខ្មែរសម័យបុរាណ ដ៏រុងរឿងរបស់កម្ពុជាផងដែរ។

លោកស្រី ឃួន សុដារី បានបន្ថែមទៀតថា យើងទំាងអស់គ្នាមិនអាចមើលរំលងនូវភាពសំបូរបែបនៃអរិយធម៌ខ្មែរបានទេ តែក៏មិនអាចមើលរំលងភាពសំបូរ បែបរបស់ប្រទេសផ្សេងដែរ ព្រោះថាទ្វីបអាស៊ី គឺជាទ្វីបដែលសំបូរទៅដោយអរិយធ៌មដ៏អស្ចារ្យជាច្រើន ដែលមាន នៅតាមតំបន់នានា ពិសេសតាមដងទន្លេធំៗ កាលពីសហសវត្សមុនៗ។ ក្នុងចំណោមបណ្តាប្រទេសទាំង៥២ ដែលជាសមាជិក ICAPP នាពេលបច្ចុប្បន្ននេះ ដែលតំណាងឱ្យប្រជាជនស្ទើរពាក់កណ្តាលពិភពលោក គឺជាពូជពង្សរបស់បុព្វបុរសសម័យដើមនៃអរិយធម៌ ម៉ូហិនជូដារ៉ូ (Mohenjo Daro), ហារ៉ាប់ប៉ា (Harappa), មេសូភូតូមៀ (Mesopotamia), មួកអ៊ុ (Mrauk-U), ស្រ៊ីវីចាយ៉ា (Sriwijaya), ចំប៉ា (Champa), ស៊ីអាន (Xian), អេឌូ (Edo) និងសុង (Soong) និងពូជអំបូរ និងជនជាតិដើមជាច្រើនទៀត។

លោកស្រី ក៏បានលើកឡើងដែរថា បុព្វបុរសនៅទ្វីបអាស៊ីយើងនេះ មិនត្រឹមតែបានកសាងប្រាសាទបុរាណដ៏អស្ចារ្យ និងបង្កើតនូវ រតនសម្បត្តិ សិល្បៈ ដែលយើងបានឃើញនៅតាមសារមន្ទីរ ប៉ុណ្ណោះទេ បុព្វបុរសយើងក៏បានបង្កើតនូវសមិទ្ធិផលផ្នែកវិទ្យាសាស្ត្រ និងការច្នៃប្រឌិត ដែលបានផ្លាស់ប្តូរពិភពលោកទាំងមូល ដូចជាការបង្កើតកង់រទេះ លេខសូន្យ តារាសាស្ត្រ និង នាវាចរណ៍តាមផ្លូវទឹក។ល។ និង ល។ សមិទ្ធិផលទាំងនេះ នៅតែត្រូវបានអនុវត្តប្រកបដោយប្រាជ្ញាដើម្បីគ្រប់គ្រង និងចែកចាយធនធាន និងប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព រហូតមកដល់សតវត្សរ៍ទី២១។

លោកស្រី ឃួន សុដារី បានបញ្ជាក់ថា ដូច្នះ បញ្ហាប្រឈម សម្រាប់យើងដែលជាកូនចៅជំនាន់ក្រោយនៃវប្បធម៌អាស៊ីបុរាណនេះ គឺការស្វែងរកមធ្យោបាយដើម្បីប្រើប្រាស់នូវប្រពៃណីល្អបំផុត ទាំងនេះឡើងវិញ ក្នុងការជំនះវិបត្ដិ និងភាពទំនាស់ សម្រាប់ជម្រុញភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌នៃទ្វីបអាស៊ីរបស់យើង និងដល់មនុស្សលោក៕