(សៀមរាប)៖ នៅមុនពេលចាប់ផ្តើម​កិច្ចប្រជុំ​សមាជិកសភាស្រី្ត នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៧ នាសណ្ឋាគារសុខា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកស្រី ង្វៀន ធិគឹមងិន ប្រធានរដ្ឋសភាវៀតណាម។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ​ ហ៊ុន សែន ​បានឲ្យដឹងថា ក្នុងជំនួបនេះ លោកស្រីប្រធានរដ្ឋសភាវៀតណាម បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ អំពីលទ្ធផល នៃសន្និបាតកន្លងមក ក៏ដូចជាខួបលើកទី៤០ ជ័យជម្នះ៧មករា ​នៃការផ្តួលរំលំ​របបប្រល័យពូជសាសន៍​ ដែលបានប្រព្រឹត្តទៅ​យ៉ាងត្រចះត្រចង់ជោគជ័យ។

លើសពីនោះទៅទៀត ​ប្រធានរដ្ឋសភាវៀតណាម ក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែនផងដែរ ដែលរយៈពេល២ឆ្នាំ ដែលលោកស្រី​បានមកកម្ពុជា កាលពី២ឆ្នាំមុន​រហូតដល់ពេលនេះ លោកស្រីបានសង្កេតឃើញថា កម្ពុជា​មានការអភិវឌ្ឍន៍​យ៉ាងឆាប់រហ័ស។ ក្នុងន័យនេះ លោកស្រីបញ្ជាក់ទៀតថា ​ក្រោមការដឹកនាំរបស់សម្ដេចតេជោ កម្ពុជានឹងមានការអភិវឌ្ឍ​កាន់តែខ្លាំងឡើងថែមទៀត។

ជាមួយគ្នានេះ លោកស្រី ង្វៀន ធិគឹមងិន ក៏បានគោរពសម្ដែងរាយការណ៍ ជូនសម្តេចតេជោថា លោកស្រីមកកាន់ប្រទេសកម្ពុជា​នៅពេលនេះ គឺដឹកនាំប្រតិភូ ដែលមានប្រតិភូជាន់ខ្ពស់ រដ្ឋសភាវៀតណាម ដែលមានទាំង​ប្រធានអនុប្រធាន និងប្រតិភូផ្សេងៗទៀតផងដែរ ក្នុងន័យនេះ​លោកស្រីបានសម្ដែងនូវការគាំទ្រ ដល់កិច្ចប្រជុំ​សមាជិកសភាស្រី្ត នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅកម្ពុជានេះ​ឲ្យបានទទួលជោគជ័យ និងជូនពរឲ្យកិច្ចប្រជុំនេះ ដំណើរការបានជោគជ័យ ព្រោះថាកន្លងមក​រយៈពេលតាំងពីម្សិលមិញ រហូតមកដល់ថ្ងៃនេះ លោកស្រីបានសង្កេតឃើញថា ដំណើរការនៃកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅយ៉ាងរលូន ល្អជាទីបំផុត។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ​ជូនចំពោះលោកស្រី ង្វៀន ធិគឹមងិន ចំពោះពាក្យពេចន៍​សម្ដែងនូវការអបអរសាទរផង ក៏ដូចជាជម្រាបជូន លោកស្រីផងដែរថា ប្រទេសកម្ពុជា​​មានការអភិវឌ្ឍន៍ រហូតមកដល់ពេលនេះ មិនអាចកាត់ផ្ដាច់បាន​ពីការចូលរួមចំណែក ពីវៀតណាមបានឡើយ។ ក្នុងន័យនេះដែរ សម្តេចក៏បានសម្ដែងនូវអំណរគុណ ហើយក៏បានជូនពរ​ឲ្យប្រតិភូរបស់លោកស្រី ទទួលបានជោគជ័យ ក្នុងបេសកកម្មនៅកម្ពុជា៕