(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាល៣នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្តតូច៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៥០លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៦៧នាក់, របួសធ្ងន់១៦១នាក់ និងរបួសស្រាល៩៩នាក់៕