(អានសាន-កូរ៉េ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយក្រុមការងារ រៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រចាំសាធារណរដ្ឋកូរ៉េ រៀបចំពីធីអបអរសាទរខួបអនុស្សាវរីយលើកទី៤០ នៃទិវាជ័យជម្នះ៧មករា នៅទីក្រុងអានសាន ក្នុងបរិយាកាសរីករាយ អធិកអធមបង្កប់ដោយអត្ថន័យខ្ពស់ ដោយបានអញ្ជើញ សកម្មជន សមាជិក-សមាជិកាគណបក្ស និងភ្ញៀវកិត្តិយសចូលរួមបានជាង៤០០នាក់។

កម្មវិធីដែលបានធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ទី១៣ ខែមករា ឆ្នាំ២០១៩នេះ គណៈកម្មាធិការគណបក្ស ក៏បានរៀបចំសន្និបាតប្រចាំឆ្នាំ ដើម្បីបូកសរុប ត្រួតពិនិត្យរបាយការណ៍សកម្មភាពការងារ របស់គណៈកម្មាធិការគណបក្សឆ្នាំ ២០១៨ និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០១៩ផងដែរ។

ជាពិសេសបានផ្សព្វផ្សាយនូវខ្លឹមសារដ៏មានអត្ថន័យជ្រាលជ្រៅបំផុត នៃសេចក្ដីថ្លៃងការណ៍នយោបាយរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមហាមិទ្ទិញខួបអនុស្សាវរីយលើកទី៤០ ទិវាជ័យជម្នះ៧មករា និងខ្លឹមសារនៃគោលនយោបាយឈ្នះ-ឈ្នះ ក្នុងការបង្រួបបង្រួមជាតិ ពន្លត់ភ្លើងសង្រ្គាម និងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី៥។

ជាមួយគ្នានេះ អង្គពិធីទាំងមូលក៏បានបញ្ចាំងបន្ថែម នូវវីដេអូឯកសារដ៏មានសារៈសំខាន់ចំនួន ៤រួមមាន៖ វីដេអូអរគុណ៧មករា, មាគ៌ាតេជោ, មរតក៧មករា និងអំពីកម្ពុជា អតីតកាល បច្ចុប្បន្ន និងអនាគត។

បន្ថែមពីនេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានបន្ដសហការជាមួយក្រុមការងារ រៀបចំអង្គការចាត់ តាំងយុវជនគណបក្សប្រចាំប្រទេសកូរ៉េ បន្ដរៀបចំមិទ្ទិញអបអរសាទរ ទិវាជ័យជម្នះ៧មករា និងផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាលើកទី៤១ អាណត្តិទី៥ និងទទួលទានអារហារសាមគ្គី នៅតាមសាខាគណបក្សមួយចំនួដូចជា៖

*សាខាគណបក្សទីក្រុងគីមផូ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញសកម្មជន និងសមាជិក គណបក្ស ចូលរួមចំនួន ៤៥នាក់។

*សាខាគណបក្សទីក្រុងក្វាងជូធំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញសកម្មជន និងសមាជិកគណបក្ស ចូលរួមចំនួន ៤០នាក់។

*សាខាគណបក្សទីក្រុងស៊ូវ៉ុន គ្រោងរៀបចំនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ និងអញ្ជើញសកម្មជន និងសមាជិកគណបក្ស ចូលរួមចំនួន ១០០នាក់។

*សាខាគណបក្សទីក្រុងអ៊ឺយចងប៊ូ គ្រោងរៀបចំនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ និងអញ្ជើញសកម្មជន និងសមាជិកគណបក្ស ចូលរួមចំនួន ៥០នាក់។

*សាខាគណបក្សទីក្រុងប៊ូសាន គីមហេ សាសាង និងឆាងវ៉ុន គ្រោងរៀបចំនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ និងអញ្ជើញសកម្មជន និងសមាជិកគណបក្ស ចូលរួមចំនួន ១០០នាក់៕