(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយសេធិការចម្រុះ បានអំពាវនាវដល់មន្រ្តីយោធាដែលទើបទទួលការតែងតាំង ត្រូវបង្កើន បង្ការ ការពារ និងទប់ស្កាត់ មិនឲ្យកើតមានឡើងជាដាច់ខាត ក្រុមជ្រុលនិយម ឬសកម្មភាពណាមួយ នាំឱ្យមានភាពវឹកវរ​ ក្នុងសង្គមជាតិ មានចរិតបំផ្លាញសន្តិភាព។

នៅក្នុងឱកាសតែងតាំង មុខងារមន្រ្តីយោធានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការតែងតាំងផ្លាស់ប្តូរមុខងារ និងតម្លើងឋានន្តរស័ក្តិ នាពេលនេះ គឺជាការយកចិត្តទុកដាក់ចំពោះកងយោធពលខេមរភូមិន្ទ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់នេះ ឯកឧត្តមត្រូវយកចិត្តទុកដាក់ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត លើការងារគ្រប់គ្រងដឹកនាំបញ្ជា ដែលថ្នាក់លើប្រគល់ឲ្យ។ ត្រូវបង្កើន បង្ការ ការពារ និងទប់ស្កាត់ មិនឲ្យកើតមានឡើងជាដាច់ខាត ក្រុមជ្រុលនិយម ឬសកម្មភាពណាមួយ នាំឱ្យមានភាពវឹកវរ​ ក្នុងសង្គមជាតិ មានចរិតបំផ្លាញសន្តិភាព។ ត្រូវតម្កល់ផលប្រយោជន៌ជាតិជាធំ លើកកម្ពស់មនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់លក្ខន្តិកកងយោធពលយោធពលខេមរភូមិន្ទ»

សូមបញ្ជាក់ថា នៅក្នុងពិធីនៅថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក គឹម វណ្ណា ត្រូវបានប្រកាសតែងតាំងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធា អគ្គបញ្ជាការ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានទទូចដល់មន្រ្តីយោធា ត្រូវចូលរួមចំណែកឱ្យបានខ្លាំងក្លាក្នុងការកែទម្រង់ សំដៅកសាងកងយោធពលខេមរភូមិន្ទ ឱ្យទៅជាអង្គភាពរៀបរយមានគ្រប់លទ្ធភាព និងសមត្ថភាព។ ត្រូវជំរុញលើកកម្ពស់ក្នុងការសិក្សារៀនសូត្រ ហ្វឹកហ្វឺនហ្វឺនបំប៉ន ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពជំនាញ ដើម្បីរួមចំណែកក្នុងការកសាង អភិវឌ្ឍធនធានមនុស្ស របស់កងយោធពលខេមរភូមិន្ទ សម្រាប់ជាប្រភពកម្លាំងបន្តវេនទៅអនាគត៕