(សៀមរាប)៖ ក្នុងនាមជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹកវប្បធម៌អាស៊ី (ACC) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញប្រកាសពីការបង្កើតជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី នៅលើទឹកដីសៀមរាបអង្គរ ដែលជាដែនជង្រុកវប្បធម៌ និងប្រាង្គប្រាសាទរបស់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ស្អែកនេះ។

ក្នុងព្រឹត្តិការណ៍ប្រកបដោយកិត្តិយសឧត្តុងឧត្តមសម្រាប់កម្ពុជានេះ នឹងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិមកពី ២៦ប្រទេសនៅទូទាំងអាស៊ី។ នៅថ្ងៃស្អែកនេះ វាគ្មិនជាតិ និងអន្តរជាតិនឹងចូលរួមក្នុងកិច្ចពិភាក្សាតុមូលទៅលើប្រធានបទសំខាន់ៗចំនួន៤រួមមាន៖ ១. ការលេចឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះនិងអត្តសញ្ញាណអាស៊ី ២. ការតភ្ជាប់រវាងវប្បធម៌និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ៣. ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌ និង ៤. ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី។

បន្ទាប់ពីកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ទាំង៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានស្ថាបនិកកិត្តិយស នៃ ACC នឹងថ្លែងចំណាប់អារម្មណ៍នៅពេលល្ងាច ដើម្បីប្រកាសពីការបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ រួចសម្ដេចនឹងអញ្ជើញជាអធិបតីក្នុងពិធីលៀងសោយភោជន៍នៅទីលានជល់ដំរីនៃប្រាសាទបាយ័ន ដោយមានវត្តមានភ្ញៀវជាង៨០០នាក់ មកពីស្ថាប័ននីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិជាតិ និងអន្តរជាតិ។

លុះនៅថ្ងៃទី១៦ ខែមករា អ្នករៀបចំព្រឹត្តិការណ៍ ACC នឹងរៀបចំដំណើរកម្សាន្តជូនដល់បណ្ដាភ្ញៀវដែលមានបំណងអញ្ជើញទស្សនារមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរដែលត្រូវចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិផងដែរ។

លើសពីការលើកកម្ពស់ ការយោគយល់គ្នាទៅវិញទៅមកនិងការផ្លាស់ប្ដូរវប្បធម៌នោះ ព្រឹត្តិការណ៍ ACC ដែលរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ គឺ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ឯកភាពក្នុងភាពចម្រុះជាតិសាសន៍ និងការផ្សារភ្ជាប់ប្រជាជាតិនានានៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិក។

ព្រឹត្តិការណ៍នេះក៏នឹងផ្ញើចេញនូវសារដ៏មានអំណាចនិងវិជ្ជមានទៅដល់ពិភពលោកខាងក្រៅ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបទពិសោធន៍ដែលភ្ញៀវទទួលបានថា ព្រះរាជាណាចក្រកម្ពុជាមាននូវសក្ដានុពលដ៏ធំធេងសម្រាប់កំណើននៃទេសចរណ៍ វប្បធម៌ និងសម្រាប់ការវិនិយោគ។

សូមបញ្ជាក់ថា «ក្រុមប្រឹក្សាវប្បធម៌អាស៊ី» ត្រូវបានប្តូរឈ្មោះមកពី «ក្រុមប្រឹក្សាវប្បធម៌ ICAPP» នៅក្នុងសម័យប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពីខែកក្កដា ឆ្នាំ២០១៧ ដើម្បីពង្រីកវិសាលភាពនៃការងារឲ្យកាន់តែទូលំទូលាយ​ និងបើកចំហរ។ ក្រុមប្រឹក្សាវប្បធម៌អាស៊ី ត្រូវបានបង្កើតឡើង តាម​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កម្ពុជា ចិន នេ​ប៉ាល់ និង​រុស្ស៉ី ហើយ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ដ៏​គួរឱ្យ​កោតសរសើរ​នេះ គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់ ICAPP និង​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី​។​

ប្រទេស​កម្ពុជា ចិន នេ​ប៉ាល់ និង​រុស្ស៉ី ត្រូវបាន​ប្រគល់​តួនាទី​ឱ្យ​រៀបចំ​ឯកសារ​គោលសម្រាប់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ស្របតាម​សេចក្តីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​អចិន្ត្រៃយ៍ ICAPP ដែល​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ លើក​ទី​២៧ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី នា​ខែកញ្ញា ឆ្នាំ​២០១៦​។​

ក្រុមប្រឹក្សាវប្បធម៌អាស៊ី បានសម្រេចបង្កើតលេខាធិការដ្ឋាននៅក្នុងប្រទេសកម្ពុជា ហើយសម្រេចជ្រើសរើសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រធានស្ថាបនិកកិត្តិយស, លោកស្រី ឃួន សុដារី ជាប្រធាន និងលោក សួស យ៉ារ៉ា ជាអគ្គនាយក។

ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្កើតឡើង ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពីគ្នា​ទៅវិញទៅមក​ និង​ការផ្លាស់ប្តូរ​វប្បធម៌​ក្នុងចំណោម​បណ្តា​ប្រទេស​ជា​សមាជិក លើកកម្ពស់​សាមគ្គីភាព​ក្នុង​ភាព​សម្បូរបែប លើកកម្ពស់សម្បត្តិ​វប្បធម៌​ជា​ប្រភព​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កិច្ចសហការ​អន្តរជាតិ និង​ការផ្សារភ្ជាប់​អារ្យធម៌ និង​កសាង​នូវ​ទ្វីបអាស៊ី​មួយ​ប្រកបដោយ​ភាព​សុ​ខុ​ដុម​៕