(ភ្នំពេញ)៖ លោកស្រី កែ ឡេង ដែលត្រូវបានប្រសិទ្ធនាមថា ជាវីរកីឡាការិនីប៉េតង់ដៃឯកកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងក្រៃលែង ដែលសម្តេចបានជួយអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាបោះឆ្នោតជូនលោកស្រី​ សម្រាប់ពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨»​ របស់សមាគមកីឡាអន្តរជាតិ។

សមាគម​កីឡា​អន្តរជាតិ (IWGA) ដែលមាន​ទីស្នាក់ការ​នៅប្រទេស​ស្វី​ស នៅពេលថ្មីៗនេះ បានរៀបចំ​ការបោះឆ្នោត​តាម​ Online សម្រាប់​ពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨»។ វីរ​កីឡាការិនី​ប៉េតង់ កែ ឡេង ត្រូវបានជ្រើសតាំងជាបេក្ខនារី តំណាងប្រទេសកម្ពុជា ត្រូវប្រជែងយកពាននេះ ជាមួយបេក្ខភាពអត្តពលិកនានា ជុំវិញពិភពលោកជាច្រើននាក់។

កម្មវិធីបាន​តម្រូវ​ឲ្យ​អ្នកគាំទ្រ ចូលរួម​បោះឆ្នោត​ដោយផ្ទាល់​ តាមរយៈការចុច​ Vote លើ​ឈ្មោះ​អត្ត​ព​លិ​ក ហើយ​បំពេញ​ឈ្មោះ និង E-mail ផងដែរ​ទើបអាចបោះឆ្នោតបាន។ នេះជាឱកាសមួយ ដែលមហាគ្រួសារខ្មែរ ត្រូវរួបរួមគ្នាដើម្បីបោះឆ្នោត ឲ្យអ្នកស្រី កែ ឡេង យកមហាកិត្តិយសជូនជាតិជាបន្តបន្ទាប់ទៀត។

តាមរយៈអង្គភាពព័ត៌មាន​​ Fresh News លោកស្រី កែវ ឡេង បានចាត់ទុកថា ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុ​ន សែន គឺជាប្រសាសន៍ដ៏មានតម្លៃ ដែលបានគិតគូរពីប្រជាជនកម្ពុជា និងដើម្បីជាតិកម្ពុជា ព្រោះថាប្រសិនជាលោកស្រី​ ឈ្នះពានរង្វាន់នេះ ប្រទេសកម្ពុជានឹងបន្តលើកទង់ជាតិ បង្ហាញកិត្តិយសយ៉ាងធំធេង មុខប្រជាជនយ៉ាងច្រើនលើពិភពលោក។

សូមជំរាបថា ថ្លែងក្នុងឱកាសអញ្ជើញបើកការដ្ឋានសាង់សង់ផ្លូវក្រវាត់ក្រុងទី៣ កាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល តម្លៃជិត៣០០លានដុល្លារអាមេរិក ព្រឹកមិញនេះ, សម្តេចតេជោ ហ៊ុន​ សែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមគ្នាបោះឆ្នោត Online ជូនវីរិកាឡាការិនីប៉េតង់ កែ ឡេង ដើម្បីឈ្នះពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨»។

ទន្ទឹមនឹងការអំពាវនាវឲ្យបោះឆ្នោតគាំទ្រវីរកីឡារការិនី កែ ឡេង ដើម្បីឈ្នះពានរង្វាន់ «អត្តពលិកឆ្នើមពិភពលោកឆ្នាំ២០១៨» ហើយនោះ, សម្តេចនាយករដ្ឋមន្ត្រី ក៏បានរិះគន់យ៉ាងខ្លាំងៗ ដល់ក្រុមអតីតបក្សប្រឆាំង ដែលមិនដែលគាំទ្រសូម្បីវិស័យកីឡា ពោលមានតែព្យាយាមនិយាយជាន់ពន្លិច និងបន្តុះបង្អាប់។ សម្តេចគូសបញ្ជាក់ដែរថា បើក្រុមអតីតបក្សប្រឆាំង មានចិត្តចង្អៀតចង្អល់បែបនេះ គឺពួកគេគ្មានសមត្ថភាព ធ្វើជាអ្នកដឹកនាំគេបានឡើយ។

យោងតាមសមាគមកីឡាអន្តរជាតិ ដើម្បី​គាំទ្រ​បេក្ខភាព​អ្នកស្រី កែ ឡេង ឲ្យឆ្លង​ផុត​ការ​ជម្រុះ​ជុំទី១ ក្នុងការប្រកួត​ដណ្ដើម​ពានរង្វាន់​ «អត្តពលិកឆ្នើមពិភពលោក​ឆ្នាំ​២០១៨» សូមចូលតាមតំណរភ្ជាប់ដូចតទៅ៖ ទី១៖ ចូល​ទៅ​កាន់៖ http://www.theworldgames.org , ទី២៖ ចុចលើពាក្យ picture «Athelete of the year 2018» និងទី៣៖ ចុច​ Vote លើ​រូប​អ្នក​ស្រី កែ ឡេង រួច​ចុច​លើពាក្យ Register ជាការ​ស្រេច។

ការ​បោះឆ្នោត​គាំទ្រ តាម​នីតិវិធី​នេះ​រាល់​២៤​ម៉ោង​ម្ដង ជា​រៀងរាល់​ថ្ងៃ។ ផុត​កំណត់​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០១៩ ដែលជាជុំទី១ និង​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៩ ដែលជាជុំបញ្ចប់​។

អ្នកស្រី កែ ឡេង គឺជាវីរកីឡាការិនីកម្ពុជា តែ១រូបគត់ ដែលបានឈ្នះមេដាយមាសពិភពលោក នៃការប្រកួតប៉េតង់ ចំនួន៤លើកមកហើយគឺ៖ ឆ្នាំ​២០១៣​ ​នៅ​ប្រទេស​បារាំង​, ឆ្នាំ​២០១៥​ នៅ​ប្រទេស​ថៃ, ឆ្នាំ២០១៧ នៅប្រទេសចិន និងឆ្នាំ២០១៨ នៅប្រទេសបារាំងម្តងទៀត។ គិតមកដល់ដើមឆ្នាំ២០១៩នេះ អ្នកស្រីឈ្នះមេដាយចំនួន៥៥ ខណៈមេដាយមាស២១ មេដាយសំរឹទ្ធ១៧ និងមេដាយប្រាក់១៧ផងដែរ៕